លោក Bill Gates និយាយថា លុយពិតជាបានធ្វើឲ្យលោកសប្បាយចិត្ត
"លុយអាចទិញសុភមង្គលបាន” នេះជាឃ្លាមួយដែលលោក Bill Gates បានលើកឡើងនៅ ក្នុងកម្មវិធីសំនួរចម្លើយរបស់លោកដែលមានចំណងជើងថា "ចង់សួរខ្ញុំពីអីក៏បាន ឬ Ask Me Anything” នៅលើបណ្ដាញសង្គម Reddit ។
មានអ្នកលេងបណ្ដាញសង្គមមួយរូបបានចោទសួរលោកថា តើភាពជាមហាសេដ្ឋីពិតជាបានធ្វើឲ្យលោកសប្បាយចិត្តជាងកាលដែលលោកនៅជាវណ្ណៈកណ្តាលដែរឬទេ? ស្ថាបនិករួមរបស់ក្រុមហ៊ុន Microsoft រូបនេះបានឆ្លើយទាំងមិនស្ទាក់ស្ទើរថា គឺជាការពិតហើយ។ លោកបានសរសេរដូច្នេះថា៖« រឿងនេះគឺពិតជាត្រឹមត្រូវហើយ។ ខ្ញុំមិនបារម្ភរឿងថ្លៃចំណាយលើសុខភាព ឬការសិក្សារបស់ខ្ញុំនោះទេ។ ការមិនព្រួយបារម្ភពីរឿងលុយកាក់ គឺជាព្រះប្រទានដ៏ពិតប្រាកដបំផុត»។ លោកបានបន្ថែមទៀតថា៖«យ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ក្លាយជាមហាសេដ្ឋីដូចខ្ញុំទើបអ្នកសប្បាយចិត្តនោះទេ។ ពួកយើងចាំបាច់ត្រូវកាត់បន្ថយការឡើងថ្លៃលើការចំណាយទៅលើបញ្ហាសុខភាព និងការអប់រំដែលមនុស្សគ្រប់គ្នាអាចទទួលបាន»។
នេះគឺជាគោលដៅមួយដែលលោក និងភរិយារបស់លោក Melinda បានខិតខំចំណាយប្រាក់វិនិយោគ និងបរិច្ចាគប្រាក់រាប់ពាន់លានដុល្លារដើម្បីជួយកែលំអវិស័យសុខភាព និងការអប់រំនៅជុំវិញពិភពលោក។ លោក Bill Gates ដែលមានទ្រព្យសម្បត្តិជិត ១០០ ពាន់លានដុល្លារហើយនោះ មិនមែនមនុស្សតែម្នាក់គត់ដែលយល់ថា លុយ ទ្រព្យសម្បត្តិបានជួយធ្វើឲ្យមនុស្សមានសុភមង្គលនោះឡើយ។ បន្ទាប់ពីបានសិក្សាស្រាវជ្រាវទៅលើសេដ្ឋី ១ ២០០ នាក់ អ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញរបស់អាមេរិកគឺលោក Steve Siebold ក៏បានអះអាងដែរថា អ្នកមានពួកគេមិនខ្លាចនឹងនិយាយថា លុយពិតជាអាចដោះស្រាយបានបញ្ហាភាគច្រើនដែលមនុស្សម្នាក់ៗជួបប្រទះនោះទេ។ នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា "How Rich People Think” អ្នកនិពន្ធរូបនេះបានសរសេរដូច្នេះថា៖« អ្នកមានមើលឃើញលុយជាមធ្យោបាយដ៏ល្អមួយដែលនាំមកនូវអំណាចដើម្បីបង្កើតសេរីភាព និងឱកាសសម្រាប់ពួកគេ និងគ្រួសាររបស់ពួកគេ។ ប្រសិនបើអ្នកមានបញ្ហា បញ្ហានោះនឹងបាត់ខ្លួនទៅវិញនៅពេលអ្នកមានលុយ»។
លោកបានបរិយាយទៀតថា៖« ខណៈដែលអ្នកមាននៅលើពិភពលោកចាត់ទុកថា លុយគឺជាធនធានដ៏សំខាន់ដែលអាចដោះស្រាយបញ្ហាជាច្រើនដែលអ្នកក្រមិនអាចធ្វើបាន អ្នកក្រឯណេះវិញយល់ថា លុយមិនអាចជួយអ្វីៗគ្រប់យ៉ាងបាន និងបានបដិសេធន៍ពីសារៈសំខាន់របស់វា»។ "ការមិនព្រួយបារម្ភពីរឿងលុយកាក់ គឺជាព្រះប្រទានដ៏ពិតប្រាកដបំផុត" នេះហើយជាមូលហេតុដែលលោក Siebold ផ្តល់ដំបូន្មានដល់អ្នកឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតដូច្នេះថា៖«អ្នកត្រូវចាប់ផ្តើមប្រាប់ខ្លួនឯងជារៀងរាល់ព្រឹកថា លុយគឺជាមិត្តល្អបំផុតមួយរបស់អ្នក ហើយវាជាកម្លាំងវិជ្ជមានមួយនៅក្នុងជីវិតរបស់អ្នកហើយដាក់គំនិតរបស់អ្នកទៅនឹងការងារដើម្បីជួយឲ្យអ្នកមានលុយកាន់តែច្រើនឡើង»។
ទោះជាយ៉ាងណាក៏ដោយ លោក Bill Gates ក៏បានសរសេរបន្ថែមទៀតដែរថា មានរឿងជាច្រើនទៀតដែលធ្វើឲ្យអ្នកមានសុភមង្គលជាងចំនួនទឹកប្រាក់នៅក្នុងធនាគាររបស់អ្នក។ លោកបានលើកឡើងដូច្នេះថា៖« ពេលកូនៗរបស់អ្នករៀនពូកែ រៀនបានលទ្ធផលល្អ អ្នកក៏សប្បាយចិត្តទៅតាមហ្នឹងដែរ។ ជួនកាលការធ្វើតាមការប្ដេជ្ញាចិត្តចំពោះខ្លួនអ្នកដូចជាទៅហាត់ប្រាណ ក៏អាចរួមចំណែកធ្វើឲ្យអ្នកមានសុភមង្គលបានដែរ»៕
ប្រភព៖ cnbc