ហេតុផល ៤ បញ្ជាក់​ថា ការ​ធ្វើ​ការ​ឲ្យ​គេ​មិន​អាច​ឲ្យ​អ្នក​​ក្លាយ​ជា​អ្នក​មាន​បាន​



មនុស្ស​ភាគច្រើន​បាន​​​លះបង់​ពេលវេលា​ស្ទើរតែ​ពេញ​មួយ​ជីវិត​របស់​ខ្លួន​ដើម្បី​ធ្វើ​ការ​ឲ្យ​អ្នកដទៃ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់​ខែ​ត្រឡប់​មក​វិញ​។ ក៏ប៉ុន្តែ​​ប្រាក់​ខែ​ទាំង​នោះ មិន​បាន​ជួយ​អ្វី​ច្រើន​ដល់​ពួកគេ​នោះ​ឡើយ ខណៈ​ដែល​ថៅកែ ឬម្ចាស់ក្រុមហ៊ុន​​របស់​ខ្លួន​កាន់តែ​មានៗ​ឡើង។ តើ​​នេះ​ដោយសារ​អ្វី?

វា​មាន​ហេតុផល​ជា​ច្រើន​ដែល​​នៅ​ពីក្រោយ​ប្រធានបទ​នេះ។ ប៉ុន្តែ​ថ្ងៃ​នេះ សូម​​លើក​យក​ហេតុផល​ចំនួន ៤ ធំ​សំខាន់ៗ​ដែល​​បញ្ជាក់​ថា ហេតុអ្វី​បាន​ជា​ធ្វើ​ការ​ឲ្យ​គេ​មិន​អាច​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​បាន? ​​

១.​​ងាយ​ជួប​ហានិភ័យ​ បញ្ហា​​​របស់​អ្នក​គឺ​ថា អ្នក​​មាន​ការងារ​ធ្វើ​មាន​ន័យ​ថា​ ​អ្នក​មាន​ប្រាក់ចំណូល។​ អ្នក​អាច​យក​ប្រាក់​ចំណូល​នោះ​ទៅ ទូទាត់​លើ​ការ​ចំណាយ​របស់​អ្នក​។ វា​​មើល​ទៅ​​ជីវភាព​របស់​​អ្នក​ពិត​ជា​ពោរពេញ​ទៅ​ដោយ​ភាព​កក់ក្តៅ​ ហើយ​ ​ក៏​មិន​ចាំបាច់​ផ្លាស់ប្ដូរ​អ្វី​ទាំងអស់​។ ប៉ុន្តែ​រឿង​ដ៏​គួរឲ្យ​អាណិត​នោះ​​គឺ​ថា អ្នក​ប្រហែល​ជា​សេសសល់​​ប្រាក់​តិចតួច​​ប៉ុណ្ណោះ​សម្រាប់​​សន្សំ​នៅ​ចុង​ខែ​នីមួយៗ​។ ដូច្នេះ តើ​អ្នក​ត្រូវ​ការ​​ពេល​ប៉ុន្មាន​ទើប​អាច​សន្សំ​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ​ដូច​គេ? ឧទាហរណ៍​ថា ​អ្នក​​បាត់បង់​ការងារ​ធ្វើ អ្នក​សាក​គិត​ទៅ​មើល​តើ​នឹង​មាន​អ្វី​កើត​ឡើង? ចង់​បាន​ប្រាក់ខែ​អ្នក​ត្រូវ​តែ​ធ្វើ​ការ។ បើ​​​អ្នក​មិន​ធ្វើការ​​​ទេ អ្នក​​នឹង​ធ្លាក់​ចូល​វិបត្តិ​​ហិរញ្ញវត្ថុ។

២.អ្នក​កំពុង​​ជួយ​កសាង​ទ្រព្យសម្បត្តិ​ឲ្យ​អ្នកដទៃ​ សូម​ចាំថា នៅ​ពេល​អ្នក​ធ្វើការ​ឲ្យ​នរណា​ម្នាក់​ នោះ​មានន័យ​ថា អ្នក​កំពុង​ជួយ​​អ្នក​នោះ​ឲ្យ​កាន់តែ​មានៗ​ឡើង​។ វា​មិន​ខុស​ទេ​​ដែល​អ្នក​បាន​ជួយ​អ្នក​​ទាំង​នោះ និង​មាន​ការងារ​ធ្វើ​សម្រាប់​ខ្លួន​ឯង។ ប៉ុន្តែ​បើ​អ្នក​ចង់​មាន រឿង​នេះ​គឺ​ជា​បញ្ហា​​​ដែល​​​ធ្វើ​ឲ្យ​ខ្លួន​ឯង​ពិបាក​នឹង​ងើប​ផុត​ពី​ភាព​ទីទាល់។ អ្នក​​អាច​គិត​លេងៗ​បាន​ថា អ្នក​ត្រូវ​ចំណាយ​ពេល​យ៉ាងហោចណាស់​ក៏ ៤០ ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ធ្វើ​ការ​ឲ្យ អ្នកដទៃ។ ដូចនេះ​តើ​អ្នក​មាន​បាន​ចំណាយ​ពេល​ដើម្បី​ខ្លួន​ឯង​ដែរ​ឬទេ? តើ​អ្នក​បាន​ចំណាយ​ពេល​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​ដែរ​ឬទេ? សាក​ស្រមៃ​ទៅ​មើល៍​ថា បើ​អ្នក​យក​ពេល ៤០ ម៉ោង​មក​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង តើ​អ្នក​ចំណេញ​បាន​អ្វី​ខ្លះ? បើ​អ្នក​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង​អ្នក​ចំណេញ​ទាំង​ចំណេះដឹង​លើ​មុខរបរ​ជំនួញ​របស់​អ្នក និង​​បង្កើន​ទ្រព្យ​​ឲ្យ​​ខ្លួន​ឯង​ទៀត​ផង។

៣.​ពេលវេលា​មាន​តម្លៃ​ជាង​លុយ តើ​អ្នក​មាន​ធ្លាប់​ឮ​ពាក្យ​មួយ​ឃ្លា​គេ​និយាយ​ថា “អ្នក​អាច​រក​លុយ​បន្ថែម​បាន តែ​មិន​អាច​រក​ពេលវេលា​បន្ថែម​បាន​ទេ”។ ពាក្យ​មួយ​ឃ្លា​នេះ​មានន័យ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជាក់​ប្រាប់​ឲ្យ​អ្នក​ដឹង​ថា លុយ​ដែល​បាត់បង់​ទៅ​ហើយ​ អ្នក​អាច​រក​លុយ​​មក​វិញ​បាន សន្សំ​លុយ​បាន​កាន់តែច្រើន។ ប៉ុន្តែ​ក្នុង​មួយ​ថ្ងៃ​អ្នក​មានតែ ២៤ ម៉ោង​ប៉ុណ្ណោះ ហើយ​ពេលវេលា​ដែល​បាត់បង់​ទៅ​ហើយ អ្នក​មិន​អាច​យក​មក​វិញ​បាន​ទេ។ ដូច​បាន​លើកឡើង​​នៅ​ខាងលើ​ អ្នក​បាន​លក់​ពេលវេលា​ទៅ​ឲ្យ​អ្នកដទៃ​ជា​ថ្នូរ​នឹង​បាន​ប្រាក់ខែ​មក​វិញ។ អ្នក​ត្រូវ​​យក​ពេល​ទៅ​ធ្វើ​ការ​តាម​ការ​បង្គាប់បញ្ជា​របស់​អ្នកដទៃ និង​ផលប្រយោជន៍​ធ្លាក់​មក​លើ​អ្នកដទៃ​។ តើ​អ្នក​មាន​សេរីភាព​ដែរ​ឬទេ​? ចម្លើយ​ច្បាស់​ជា​មិន​មាន​នោះ​ទេ។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង ច្បាស់​ណាស់​ថា​ អ្នក​ចង់​សម្រាក​ពេល​ណា​ក៏បាន ពោល​គឺ​មាន​សេរីភាព​ពេញទី ពីព្រោះ​អ្វីៗ​គឺ​ការ​សម្រេចចិត្ត​របស់​អ្នក។ ​

៤.ធ្វើ​ការ​ឲ្យ​គេ​ អ្នក​​នឹង​ផ្ដោត​លើ​ការ​សន្សំ​ជា​សំខាន់ ការ​សន្សំ​ប្រាក់​គឺ​ជា​វិធី​ល្អ​មួយ​ដែរ​សម្រាប់​ជីវិត​អ្នក​ធ្វើ​ការ​ឲ្យ​គេ​ ហើយ​ស្តាប់​ទៅ​ដូច​ជា​សម​ហេតុផល​ដែរ​ប្រសិន​បើ​អ្នក​ចង់​មាន។ ប៉ុន្តែ​សូម​ចាំ​ថា ការ​សន្សំ​ប្រាក់​មិន​អាច​ធ្វើ​ឲ្យ​លុយ​នោះ​ធ្វើ​ចលនា​បាន​ទេ (លុយ​មិន​អាច​បង្កើត​លុយ​បាន)។ កាត់​បន្ថយ​ទិញ​កាហ្វេ ៥ កែវ​ក្នុង​មួយ​សប្តាហ៍​មក​ត្រឹម​ចំនួន​ ១ កែវ​ក្នុង​មួយ​សប្តាហ៍ លុយ​ដែល​អ្នក​កាត់​បន្ថយ​នោះ អាច​រក​កាហ្វេ​ឲ្យ​បាន​៤ កែវ​ទៀត​ដែរ​ឬទេ? ប្រសិន​បើ​អាច មានន័យ​ថា អ្នក​ជា​អ្នក​លក់​កាហ្វេ។ ​បើ​អ្នក​ជា​អ្នក​លក់​កាហ្វេ មានន័យ​ថា អ្នក​ចេះ ប្រើ​លុយ​ឲ្យ​រក​លុយ​ហើយ។ ដូច្នេះ​មានន័យ​ថា លុយ​ចេះ​តែ​កើន​នៅ​ពេល​ដែល​អ្នក​ចេះ​យក​វា​ទៅ​វិនិយោគ មិនមែន​ទុក​សន្សំ​មួយ​កន្លែង​នោះ​ទេ។ ចំណុច​នេះ​ហើយ​ដែរ​ថា ប្រសិន​បើ​អ្នក​​មាន​ជំនួញ​ក្នុង​ដៃ មិន​យក​ពេលវេលា​ទៅ​ធ្វើ​ការ​ឲ្យ​គេ ឬ​អង្គុយ​ចាំ​បើក​ប្រាក់​ខែ អ្នក​នឹង​មាន​ឱកាស​ច្រើន​​ក្លាយ​ជា​អ្នក​មាន៕

ប្រភព៖ Lifehack ​​

 

 

X
5s