កំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងបង្កើតចំណតផែកុងតេន័រថ្មីមួយដើម្បីឆ្លើយតបទៅនឹងកំណើនទំនិញឆ្លងកាត់
ដើម្បីឆ្លើយតបទៅនឹងកំណើនប្រចាំឆ្នាំនៃបរិមាណកុងតេន័រឆ្លងកាត់ដែលនឹងអាចកើនឡើងដល់ ១ ២៩០ ០០០ធីអ៊ីយូ នៅក្នុងឆ្នាំ២០២៣ ខាងមុខ ឯកឧត្តម ផៃ រិទ្ធី អគ្គនាយករងប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើង នូវគម្រោងបង្កើតចំណតផែកុងតេន័រថ្មីមួយដែលមានប្រវែង៣៥០ម៉ែត្រ ដែលគ្រោងនឹងសាងសង់ក្នុងឆ្នាំ២០១៩នេះ។
ឯកឧត្តម អង្គនាយករង បានលើកឡើងថាកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងខេត្ត បានទទួលស្គាល់ជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ កំពង់ផែស្វយ័តធ្វើអាជីវកម្មលើផ្ទៃដី១២៥ហិកតា ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប បច្ចេកវិទ្យាខ្ពស់ ឆ្លើយតបការលើកដាក់ទំនិញគ្រប់ប្រភេទ។ ក្នុងរយៈ ពេល៥ឆ្នាំចុងក្រោយនេះ អត្រាកំណើនទំនិញកុងតេន័រឆ្លងកាត់កំពង់ផែជាមធ្យមប្រចាំឆ្នាំមានកំណើនប្រមាណ១១% បើគិតពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៦។
ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ JICA កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ បានពង្រីកបន្ថែមប្រវែង២៤០ម៉ែត្រ ដោយបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៩ និងបញ្ចប់នៅឆ្នាំ២០០៤។ ផែនេះមានជម្រៅទឹក ១១ម៉ែត្រ មានកន្លែងចតកុងតេន័រទំហំជាង៦ហិកតា និងអាចស្តុកកុងន័របានចំនួន៤៥៦០។
ដើម្បីជាការឆ្លើយតបទៅនឹងកំណើនខាងលើនេះ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីសម្បទាន២០៩លានដុល្លារអាមេរិកដល់កំពង់ផែស្វយ័ត ដើម្បីសាងសង់ ចំណតផែកុងតេន័រថ្មីប្រវែង៣៥០ម៉ែត្របន្ថែមទៀត។
លោកបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សមិទ្ធិផលទាំងនេះបានកើតឡើងពីការខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសថ្នាក់ដឹកនាំកំពង់ផែ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់៕
ប្រភព៖ ក្រសួងសាធារណការនឹងដឹកជញ្ជូន
ដោយ៖ ជួប ស្រីរ័ត្ន