ជំទាវ កែវ មុំ៖ បញ្ហាស្តង់ដាភូតគាមអនាម័យ ជាឧបសគ្គធំរបស់SMEកម្ពុជា លើទីផ្សារអន្តរជាតិ​



សមាគមសហគ្រិនស្ត្រីកម្ពុជាលើកឡើងថា បញ្ហាស្តង់ដាភូតគាមអនាម័យ គឺជាឧបសគ្គធំរបស់ SMEកម្ពុជា បន្ទាប់ពីមានរបាំងពន្ធក្នុងការពង្រីកផលិតផលនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោកជំទាវ កែវ មុំ នាយិការក្រុមហ៊ុននំស្រួយលីលី និងជាអតីតប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានលើកឡើងថា បញ្ហាស្តង់ដាភូតគាមអនាម័យ នៅតែជាឧបសគ្គរារាំងដល់ការពង្រីកទីផ្សារផលិតផលក្នុងស្រុករបស់SMEនៅកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ព្រោះថាស្ដង់ដារផលិតផលរបស់យើង នៅមិនទាន់ត្រូវបានទទួលស្គាល់ពេញនៅឡើយលើទីផ្សារអន្តរជាតិ។

លោកជំទាវបន្តថា ដើម្បីធ្វើការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិម្ដងៗ គឺយើងត្រូវ ឆ្លងកាត់ដំណាក់កាលវាយតម្លៃគុណភាពពីភាគីប្រទេសដែលយើងនាំចេញ និងម្យ៉ាងទៀត គឺដោយសារ ស្លាកសញ្ញាគុណភាព ដែលចេញដោយក្រសួងពាក់ព័ន្ធក្នុងស្រុក មិនទាន់គ្រប់គ្រាន់ សម្រាប់ការនាំចូលទំនិញទៅប្រទេសក្រៅ។ លោកជំទាវបញ្ជាក់ថា រាល់ការបញ្ចេញមុខទំនិញថ្មីៗរបស់SME បើពឹងផ្អែកតែទៅលើទីផ្សារក្នុងស្រុក គឺមិនអាចទទួលបានបរិមាណលក់ច្រើននោះទេ ដូច្នេះ ការនាំចេញទៅលក់នៅទីផ្សារក្រៅប្រទេស គឺជារឿងសំខាន់។

ប៉ុន្តែទោះបីជាយ៉ាងណា សម្រាប់ផលិតផលនំស្រួយលីលី បានខិតខំពង្រីកទីផ្សារលក់នៅក្រៅប្រទេសរហូតដល់១០ ទាំងទីផ្សារក្នុងតំបន់និងនៅអឺរ៉ុប។ លោកជំទាវបន្ថែមថា បច្ចុប្បន្នទំនិញក្នុងស្រុក បាននឹងកំពុងមានការប្រកួតប្រជែងខ្លាំងជាមួយនឹងទំនិញនាំចូល ជាពិសេសគឺទៅលើតម្លៃ ព្រោះផលិតផលនាំចូល គេអាចលក់ក្នុងតម្លៃទាបជាងយើង ដោយសារតម្លៃដើមផលិតរបស់គេទាប ដូចជាសាំង ថាមពលអគ្គីសនី ការដឹកជញ្ជូន និងសមត្ថភាពបច្ចេកទេសផលិតខ្ពស់ ហើយការចែកចាយ និងតម្រូវការទីផ្សារ គេ ធំជាងយើង។

គួរបញ្ជាក់ថា បើតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញថា នៅក្នុងចំណោមសហគ្រាសជាង៥២ម៉ឺន សហគ្រាសនៅក្នុងប្រទេសកម្ពុជា មានសហគ្រាសធុនតូច និងមធ្យមមានប្រមាណ៩៩,៨ភាគរយ ដែលបានផ្ដល់ការងារសរុបប្រមាណ៧០ភាគរយ នៃការងារក្នុងវិស័យឧស្សាហកម្មសរុប៕

ដោយ៖ ស្រីពេជ្រ

X
5s