ប្រទេសទាំង ១០ ដែលជាប់ចំណាត់ថ្នាក់ល្អដាច់គេក្នុងឆ្នាំ ២០១៩​



ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ប្រទេសស្វីសជាប់ជាប្រទេសដែលល្អដាច់គេក្នុងពិភពលោក នេះបើយោងតាមការធ្វើចំណាត់ថ្នាក់មួយរបស់ U.S News & World Report។ ការធ្វើចំណាត់ថ្នាក់នេះគឺធ្វើឡើងតាមចម្លើយរបស់អ្នកចូលរួមធ្វើការវាស់ស្ទង់ដែលមានអ្នកចូលរួមប្រមាណ ២០ ០០០នាក់ ដែលមកពីប្រទេសចំនួន ៣៦ ដែលធ្វើការវាយតម្លៃប្រទេសសរុបចំនួន ៨០ ដោយផ្អែកលើកត្តាមួយចំនួនដូចជា គុណភាពជីវិត ឥទ្ធិពលសេដ្ឋកិច្ច ឥទ្ធិពល ការអប់រំ ការថែរក្សាបរិស្ថាន និងកត្តាផ្សេងៗទៀត។ ប្រទេសជប៉ុនមានចំណាត់ថ្នាក់ល្អក្នុងឆ្នាំនេះ ដោយបានលោតពីលេខ៥ក្នុងឆ្នាំ២០១៨ ទៅកាន់លេខ ២ក្នុងឆ្នាំ ២០១៩។ ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលល្អដាច់គេ៖ ១) ប្រទេសស្វីស ប្រទេសស្វីសជាប់ជាប្រទេសមានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមប្រទេសដទៃដោយសារតែផ្នែកភាពជាពលរដ្ឋ និងសហគ្រិនភាព។ អ្នកចូលរួមផ្ដល់ចំណាត់ថ្នាក់ប្រទេសមួយនេះថាជាប្រទេសដែលមាន ស្ថានភាពសេដ្ឋកិច្ចនឹងនរ ភាពងាយស្រួលក្នុងការស្វែងរកដើមទុន មានប្រព័ន្ធច្បាប់ល្អ និងកិត្យានុភាព។ ២) ប្រទេសជប៉ុន ប្រទេជប៉ុនងើបពីចំណាត់ថ្នាក់លេខ៥កាលពីឆ្នាំមុន មកត្រឹមចំណាត់ថ្នាក់លេខពីរក្នុងឆ្នាំ ២០១៩។ បើយោងតាមលទ្ធផលរបាយការណ៍របស់ U.S. News & World Report ប្រទេសមួយនេះត្រូវបានគេមើលឃើញថាជាប្រទេសដែលមានចក្ខុវិស័យទៅថ្ងៃអនាគត។ ហើយប្រទេសនេះជាប់ចំណាត់ថ្នាក់ខ្ពស់ខាងផ្នែកសហគ្រិនភាព។ ៣) ប្រទេសកាណាដា កាណាដាក្លាយជាប្រទេសលេខ៣ ដោយសារកត្តាមួយចំនួនដូចជាបរិស្ថានអាជីវកម្មជាដើម។ ៤) ប្រទេសអាឡឺម៉ង់ ប្រទេសអាឡឺម៉ង់ ជាប់ជាប្រទេសចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលទាំង ៥ ក្នុងរបាយការណ៍។ ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខប្រាំលើផ្នែកអប់រំ សហគ្រិនភាព អំណាច និងឥទ្ធិពល។ ៥) ប្រទេសអង់គ្លេស ប្រទេសអង់គ្លេស ជាប់ចំណាត់ថ្នាក់លេខ៥ ដោយសារប្រទេសនេះជាប់ចំណាត់ថ្នាក់ល្អទៅលើ សហគ្រិនភាព អំណាច និងឥទ្ធិពលវប្បធម៌ជាដើម។ ៦) ប្រទេសស៊ុយអែត ប្រទេសស៊ុយអែតជាប់ចំណាត់ថ្នាក់លេខ ៦ ជាប្រទេសដែលមានបរិស្ថានពណ៍បៃតង ទីតាំងក្រុមហ៊ុនធំៗ និងការថែទាំក្មេងៗជាដើម។ ៧) ប្រទេសអូស្រ្តាលី ប្រទេសអូស្រ្តាលីជាប់ចំណាត់ថ្នាលលេខ៧ ដោយសារកត្តាមួយចំនួនដូចជា សំបូរដោយទីតាំងក្រុមហ៊ុន ការដើរដំណើរកម្សាន្តម្នាក់ឯង និងការចូលនិវត្តន៍ជាដើម។ ៨) សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ៨ ជាប់គ្នាពីរឆ្នាំ ដោយសារកត្តាមួយគឺប្រទេសដែលមានអំណាច និងឥទ្ធិពលខ្លាំងជាងគេ។ ៩) ប្រទេសន័រវែស ន័រវែសជាប្រទេសជាប់តារាងថ្មីថ្មោងដោយសារតែ ការថែរក្សាក្មេងៗ បរិស្ថានបៃតង និងភាពជាពលរដ្ឋ។ ១០) ប្រទេសបារាំង ប្រទេសបារាំងជាប់ចំណាត់ថ្នាក់ទី១០ ដោយប្រទេសនេះជាប់ចំណាត់ថ្នាក់ខ្ពស់ទៅលើឥទ្ធិពលវប្បធម៌ និងកេរ្តិ៍តំណែល៕ ដោយ៖ លង់ វណ្ណៈ
X
5s