រឿងដ៏គួរឱ្យភ្ញាក់ផ្អើល! Jack Ma ប្រាប់កូនប្រុសថា មិនចាំបាច់រៀនឲ្យពូកែជាប់តារាងកិត្តិយសប្រចាំខែ
លោក Jack Ma ដែលបច្ចុប្បន្នជាមហាសេដ្ឋីចិនមានទ្រព្យសម្បត្តិជិត ៤០ ពាន់លានដុល្លារទៅហើយនោះ ធ្លាប់លើកឡើងជាសាធារណៈនូវដំបូន្មានមួយដែលលោកបានណែនាំដល់កូនប្រុសរបស់លោក។ ថ្លែងនៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំកន្លងទៅ ស្ថាបនិកក្រុមហ៊ុន Alibaba រូបនេះបានចែករំលែកអំពីការយល់ឃើញរបស់លោកពាក់ព័ន្ធនឹងការរៀនសូត្រនេះ។
លោកបាននិយាយដូច្នេះថា៖«ខ្ញុំកើតនៅក្នុងគ្រួសារក្រីក្រខ្លាំងណាស់។ ខ្ញុំមិនដែលបានចូលរៀនសាលាល្អទេ។ ការអប់រំរបស់ខ្ញុំខ្សោយណាស់ ហើយខ្ញុំធ្លាប់បានប្រឡងធ្លាក់ជាច្រើនលើកច្រើនសា»។ ដោយសារតែលោកគ្មានលុយរៀនបានសាលាល្អហ្នឹងគេនេះហើយ ទើបលោកទទួលបានលទ្ធផលបែបនេះ។ ដូច្នេះហើយលោកបានផ្លាស់ប្ដូរការគិតដោយផ្ដោតលើអនាគតជារឿងសំខាន់។ «សូមអ្នកទាំងអស់គ្នាក្រឡេកទៅមើលការប្រកួតប្រជែងមួយនៅក្នុងពេល ១០ឆ្នាំខាងមុខ។ នេះជាអ្វីដែលខ្ញុំជឿថា ក្នុងរយៈពេល ១០ ឆ្នាំវានឹងមានអ្វីកើតឡើង។ ដូច្នេះអ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺសម្រាប់គោលដៅខាងមុខ។ ខ្ញុំដឹងថា ១០ឆ្នាំក្រោយរឿងនឹងកើតមានឡើង ដូច្នេះហើយខ្ញុំបានត្រៀមខ្លួនរួចហើយដើម្បីគោលដៅរបស់ខ្ញុំ»។ នេះជាលើកឡើងរបស់លោក Jack Ma។
សម្ដីរបស់លោក Ma កាន់តែមានលក្ខណៈពិតប្រាកដថែមទៀតនៅពេលលោកបានប្រាប់កូនប្រុសរបស់លោកជាច្រើនឆ្នាំមកហើយពីមេរៀនជីវិតក្នុងថ្នាក់រៀន។ លោកបានផ្តល់ដំបូន្មានដល់កូនប្រុសរបស់លោកដូច្នេះថា៖« ខ្ញុំបានប្រាប់ទៅកូនប្រុសរបស់ខ្ញុំថា កូនមិនចាំបាច់ត្រូវរៀនឲ្យពូកែជាប់តារាងកិត្តិយសរៀងរាល់ខែនោះទេ។ រៀនត្រឹមបានមធ្យមៗក៏បានដែរ ពីព្រោះថាចំណាត់ថ្នាក់ពិន្ទុប៉ុណ្ណឹងវាមិនអាក្រក់នោះទេ។ មានតែសិស្សដែលរៀនបានចំណាត់ថ្នាក់មធ្យមៗ ឬ ល្អបង្គួរប៉ុណ្ណោះដែលមានពេលគ្រប់គ្រាន់ទៅចាប់រៀនជំនាញផ្សេងៗទៀត»។
ការថ្លែងរបស់មហាសេដ្ឋីវ័យ ៥៤ ឆ្នាំរូបនេះគឺកើតមានឡើងស្របពេលដែលរដ្ឋាភិបាលចិនបានអនុវត្តគោលការណ៍ប្រឡងរាល់ឆ្នាំយ៉ាងតឹងរ៉ឹងដើម្បីចម្រាញ់យកសិស្សដែលមានសមត្ថភាពចូលរៀនថ្នាក់មហាវិទ្យាល័យដែលគេស្គាល់ជាទូទៅថា gaokao។ ទស្សនៈរបស់លោកគឺផ្ទុយពីគោលការណ៍នេះនូវអ្វីដែលលោកយល់ឃើញថា ពិន្ទុនៅក្នុងថ្នាក់រៀនមិនអាចយកមកវាស់ស្ទង់ភាពជោគជ័យក្នុងជីវិតបានឡើយ។ លោកបានពន្យល់ដូច្នេះថា៖« យើងមិនអាចបង្រៀនកូនៗរបស់យើងដើម្បីប្រកួតប្រជែងជាមួយម៉ាស៊ីនដែលឆ្លាតជាងយើងនោះឡើយ។ យើងត្រូវបង្រៀនកូនៗរបស់យើងពីអ្វីដែលមានតម្លៃ។ ធ្វើដូច្នេះ ៣០ឆ្នាំក្រោយមក ក្មេងៗនឹងមានឱកាសជាមិនខាន។ អ្នកមិនចាំបាច់ក្លាយជាសិស្សឆ្នើមនោះទេ ប៉ុន្តែអ្នកត្រូវរកពេលរៀនជំនាញផ្សេងៗទៀតដែលធ្វើឲ្យអ្នកកាន់តែមានសមត្ថភាពខ្លាំងឡើង»៕
ប្រភព៖ nextshark