មូលហេតុទាំងនេះហើយដែលជំរុញឲ្យមនុស្សចាប់ផ្ដើមដើរកម្សាន្តច្រើន!!!
ហេតុអ្វីមនុស្សចាប់ផ្ដើមចេញពីផ្ទះ ហើយដើរលេងច្រើនជុំវិញពិភពលោកបែបនែះ? ជាការពិតណាស់ មនុស្សម្នាក់ៗ តែងតែមានហេតុផលផ្សេងៗ គ្នា ក្នុងការធ្វើដំណើរ។ ដោយសារ អ្នកខ្លះមានគោលបំណងផ្សេងៗគ្នា ក្នុងនោះអាចដោយសារតែការ សិក្សា ធ្វើជំនួញរកស៊ី សិក្ខាសាលា ជួបជុំញាតិមិត្ត និងដើរលេងបែបអ្នកទេសចរតែម្ដង។ តែក្នុងនោះក៏នៅមានហេតុផលជាច្រើនថែមទៀត ដែលជំរុញឲ្យពួកគេចាប់ផ្ដើមធ្វើដំណើរកម្សាន្តច្រើនទៅច្រើនទៅ៖
១) ចង់រៀនសូត្របន្ថែម៖ វាគឺជាមូលហេតុចម្បងគេហើយ ដែលមនុស្សចង់ដើរលេងនោះ។ ពួកគេតែងតែចង់ស្គាល់រសជាតិប្លែកៗ ហើយទទួលបាននូវបទពិសោធន៍និងជំនាញថ្មីៗពីការដើរលេងនេះ។
២) ចង់បង្កើនចំណងមិត្តភាពឲ្យច្រើន៖ សម្រាប់អ្នករកស៊ី គឺពិតជាល្អណាស់ដែលពួកគេមានគំនិតចង់ដើរកម្សាន្តនោះ ព្រោះការរកស៊ីទាមទារការស្គាល់ដៃគូឲ្យបានច្រើន។ ការដើរលេងនេះ អាចឲ្យពួកគេស្គាល់មនុស្សថ្មីៗ ជាពិសេសបណ្ដុះគំនិតរកស៊ីថ្មីៗ ដែលក្នុងប្រទេសខ្លួនពុំទាន់មាននៅឡើយ។
៣) ចង់ចាកចេញពីភាពស្មុគស្មាញ៖ មនុស្សចាប់ផ្ដើមដើរលេងក៏ដោយសារតែបញ្ហាការងារ វិបត្តិនានាជាច្រើនដែលមានជាប់ខ្លួន។ ការចាកចេញទៅឆ្ងាយនេះ វាគឺជាពេលវេលាមួយដ៏ល្អសម្រាប់ ធ្វើឲ្យអារម្មណ៍ស្រស់ថ្លាបានមួយរយៈវិញ។
៤) ចង់ភ្លក់អាហារតាមតំបន់៖ អ្នកនឹងមិនអាចបញ្ចប់ដំណើរកម្សាន្តនោះបានទេ កាលណាអ្នកមិនបានភ្លក់អាហារនៅតំបន់នោះ។ ជាមួយនឹងទីកន្លែងកម្សាន្តថ្មីៗ មនុស្សថ្មីៗ បរិយាកាសថ្មីៗ បូករួមនឹងអាហារថ្មីៗ វានឹងធ្វើឲ្យដំណើរកម្សាន្តរបស់អ្នកភ្លេចមិនបានតែម្ដង។
៥) ចង់លើកទឹកចិត្តខ្លួនឯង៖ សម្រាប់មនុស្សមួយចំនួនដែលស្រលាញ់ខ្លួនឯង ពួកគេជ្រើសរើសដំណើរកម្សាន្តដើម្បីផ្ដល់ជាការលើកទឹកចិត្តសម្រាប់ខ្លួន។ ជាពិសេសនៅពេលពួកគេទទួលបានប្រាក់ចំណេញច្រើនពីមុខជំនួញរបស់ខ្លួន ឬមួយក៏ធ្វើការងារណាមួយបានសម្រេចជាដើម៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ listaka.com