ចំណុចអស់ទាំងនេះបើជៀសបានគួរតែជៀសទៅ រាល់ពេលអ្នកនៅលើយន្តហោះ
អ្នកប្រហែលជាដឹងហើយ ថាតើមិនគួរធ្វើអ្វី នៅលើយន្តហោះនោះ។ ប៉ុន្តែអ្នកប្រហែលជាដឹងតែច្បាប់មួយចំនួន តែប៉ុណ្ណោះ ខណៈដែលរឿងខ្លះៗ ក៏ចាំបាច់ត្រូវដឹងដែរ ដើម្បីកុំឲ្យមានកំហុសកើតឡើងណាមួយដោយមើលមិនឃើញ។ ចំណុចខាងក្រោមទាំងអស់នេះគឺជាអ្វីដែលអ្នកគប្បីជៀសវាងធ្វើនៅលើយន្តហោះ៖
១)គេងពេលរៀបហោះឡើងនិងរៀបចុះចត៖ កាលណាយន្តហោះរៀបនឹងចុះឬឡើង គឺសន្ទុះរបស់វាបុកខ្លាំងជាងធម្មតា ដែលជាហេតុធ្វើឲ្យអ្នកហឹងត្រចៀក និងពិបាកក្នុងខ្លួន តែវាមិនបែបនេះយូរឡើយ។ ខណៈដែលសម្ពាធកំពុងតែបុកខ្លាំងបែបនេះ អ្នកមិនគួរគេងឡើយ ព្រោះវាអាចបង្កឲ្យអ្នកកាន់តែមិនស្រណុកក្នុងខ្លួន ហើយទៅជាវិល មុខ ឈឺក្បាលជាដើម។
២) កុំអង្គុយយូរពេក៖ កាលណាអ្នកប្រើប្រាស់ពេលអង្គុយយូរខ្លាំងពេកនៅនឹងកន្លែង វានឹងបង្អាក់ការបញ្ជូនឈាមពីជើងខាងក្រោមទៅកាន់បេះដូងរបស់អ្នក។ វាអាចបណ្ដាលឲ្យមានការរមួលជើង ចុករោយជាដើម ដែលធ្វើឲ្យអ្នកលំបាកក្នុងការធ្វើដំណើរ។
៣) ព្រងើយនឹងការបង្ហាញរបៀបការពារខ្លួនលើយន្តហោះ៖ មុននឹងរៀបឡើងយន្តហោះ វាអាចនឹងគួរឲ្យធុញទ្រាន់ដែលមកត្រូវអង្គុយស្ដាប់ការណែនាំពីរបៀបការពារខ្លួនលើយន្តហោះដដែលៗ។ ប៉ុន្តែ អ្នកមិនបានចាប់អារម្មណ៍ពីវាថាពាក្យសម្ដីដែលគេបានណែនាំនោះ អាចជួយជីវិតអ្នកនៅថ្ងៃណាមួយជាមិនខាន។
៤) កុំដាក់ជើងវែងនៅទីកន្លែងអ្នកដទៃ៖ ប្រាកដណាស់មុនអង្គុយអ្នកត្រូវច្បាស់នឹងខ្លួនឯងសិន ថាតើវាជាលេខកន្លែងរបស់ខ្លួនដែរទេ។ មួយវិញទៀត បើសិនអ្នកស្គាល់កន្លែងអង្គុយរបស់ខ្លួនហើយ អ្នកក៏មិនត្រូវសណ្ដូកជើងដៃវែងៗ ទៅជិតអ្នកដែលអង្គុយជិតយើងដែរ ព្រោះវាពិតជាបង្កការរំខានដល់គេខ្លាំងណាស់។
៥) កុំរុញច្រានពេលយន្តហោះដល់ពេលបើកទ្វារចេញ៖ មនុស្សមួយចំនួន ចូលចិត្តសម្រុកគ្នាដើម្បីឆាប់បានចេញទៅក្រៅ ដោយសារពួកគេ ឆាប់Check -in បន្តទៀត ឬមួយក៏ត្រូវទៅបន្ទប់ទឹក។ តែវាហាក់ដូចជាគ្មានសីលធម៌ទាល់តែសោះដែលលោកអ្នកមិនផ្ដល់ឱកាសអ្នកនៅខាងមុខ បានទៅមុននោះ៕៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ travelfreak