សហគ្រិនស្ត្រីឆ្នើមបង្ហើបចំណុចមួយដែលធ្វើឲ្យអាជីវកម្មលោកស្រីទទួលស្គាល់រហូតដល់ក្រុមគ្រួសាររាជវង្ស
លោកស្រី ឌី ផន ភិរម្យ គឺជានាយិកានៃក្រុមហ៊ុនថែរក្សាសុខភាពចល័តម៉ាច់ (March) ដែលត្រូវបានទទួលស្គាល់ច្រើនមិនថាពីសំណាក់ប្រជាពលរដ្ឋទូទៅ ថ្នាក់ដឹកនាំកំពូលៗ និងរហូតដល់ក្រុមគ្រួសាររាជវង្សថែមទៀតផង។ តើអ្វីទៅជាចំណុចខ្លាំងដែលធ្វើឲ្យលោកស្រី ភិរម្យ អាចធ្វើឲ្យអាជីវកម្មមួយនេះអាចឈានដល់កម្រិតមួយនេះបាន? ខាងក្រោមនេះគឺជាការចែករំលែកបទពិសោធន៍ពីលោកស្រី ភិរម្យ។
សហគ្រិនស្រ្តីលោកស្រី ឌី ផន ភិរម្យ បានលើកឡើងនូវចំណុចមួយដែលធ្វើឲ្យគេឆាប់ស្គាល់ក្រុមហ៊ុនម៉ាច់គឺមកពីកត្តាផ្ទាល់ខ្លួនរបស់លោកស្រី (Personality) ដែលធ្លាប់មានបទពិសោធន៍ធ្វើការងារកន្លងមក។ លោកស្រីប្រាប់ថា នៅក្នុងកំឡុងពេលធ្វើការលោកស្រីដឹងខ្លួនឯងថាជាមនុស្សដែលមានទំនួលខុសត្រូវ និងម្ចាស់ការលើខ្លួនឯង លោកស្រីមិនដែលគិតថាខ្លួនឯងជាបុគ្គលិកនោះទេ គឺលោកស្រីយកចិត្តទុកដាក់និងមើលថែអ្នកជំងឺដោយអស់ពីចិត្ត ចំណុចមួយនេះធ្វើឲ្យលោកស្រីទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំនៅក្នុងស្ថាប័ន រហូតនៅពេលដែលលោកស្រីចាប់ផ្តើអាជីវកម្មម៉ាច់គឺមិនមានអ្នកណាស្គាល់ម៉ាច់ទេ ប៉ុន្តែគេស្គាល់ ភិរម្យ។
នាយិកាក្រុមហ៊ុនរូបនេះបានលើកឡើងបន្តថា ខ្លួនយើងគឺជាអ្នកដែលធ្វើឲ្យអ្នកដទៃទទួលស្គាល់ សូម្បីតែអតិថិជនខ្លះគាត់មិនដែលស្គាល់ម៉ាច់ទេ ហើយគាត់ក៏មិនដឹងថាបុគ្គលិកម៉ាច់យ៉ាងមិចដែរ ប៉ុន្តែនៅពេលដែលពួកគាត់បានជួបលោកស្រីផ្ទាល់ពួកគាត់ប្រាប់ថាពួកគាត់ទុកចិត្ត នៅពេលដែលបានស្ដាប់សម្លេងលោកស្រី ដូច្នេះធ្វើឲ្យពួកគាត់គិតថាបើមេល្អអញ្ចឹងទោះយ៉ាងណាកូនដៅក៏មិនអាក្រក់ដែរ នេះគឺជាមោទនភាពមួយសម្រាប់ក្រុមហ៊ុន ដូច្នេះយើងត្រូវកសាងខ្លួនឯងឲ្យគេស្គាល់ថាយើងជាមនុស្សបែបណាទើបធ្វើឲ្យគេឆាប់ទទួលស្គាល់យើង។
សហគ្រិនស្រ្តីសម្ដីផ្អែមរូបនេះបានបន្តថា ជាសហគ្រិនម្នាក់ពិតជាមានការពិបាក ដូច្នេះដើម្បីអភិវឌ្ឍន៍ខ្លួនឯងត្រូវធ្វើឲ្យខ្លួនឯងរឹងមាំជាមុនសិន ហើយនៅពេលដែលមានការបន្ទោសបង្អាប់ឬកោតសរសើពីអ្នកដទៃមិនត្រូវមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំងពេកទេ គឺត្រូវមានជំហរខ្លួនឯងរឹងមាំ ត្រូវស្គាល់ថាខ្លួនឯងជានរណា និងបន្តការសិក្សារៀនសូត្របំពេញនូវចំណុចខ្វះខាតរបស់ខ្លួនជានិច្ច៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន