គម្រោងពង្រីកផ្លូវរត់អាកាសយាន្តដ្ឋានខេត្តព្រះសីហនុ តម្លៃ២១លានដុល្លារ នឹងបញ្ចប់ពាក់កណ្ដាលឆ្នាំក្រោយ
Cambodia Airport វិនិយោគ២១លានដុល្លារបន្ថែម ពង្រីកផ្លូវរត់ព្រលានយន្តហោះខេត្តព្រះសីហនុ ដែលមានលទ្ធភាពទទួលការចុះចតយន្តហោះប្រភេទធំៗ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។
មន្រ្តីនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ជា អូន បានឲ្យសារព័ត៌មានក្នុងស្រុកមួយដឹងថា ការពង្រីកផ្លូវរត់ នៅអាកាសយានដ្ឋានខេត្តព្រះសីហនុនេះ នឹងអាចឱ្យប្រភេទយន្តហោះដែលហោះហើររយៈពេល ១២ម៉ោង អាចហោះចុះ ហោះឡើងបាន ដោយព្រលានថ្មីនេះ មានលទ្ធភាពទទួលការចុះចតយន្តហោះប្រភេទធំៗ។
ការពង្រីកផ្លូវរត់នៅអាកាសយានដ្ឋានខេត្តព្រះសីហនុនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០ ហើយនឹងក្លាយជាអាកាសយានដ្ឋានដែលមានផ្លូវរត់វែងជាងគេនៅកម្ពុជា ហើយអាចទទួលការចុះចតយន្តហោះប្រភេទធំៗ ដែលជាការឆ្លើយតបទៅនឹងកំណើនអ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកស្នាក់នៅកម្សាន្តក្នុងខេត្តព្រះសីហនុ។
គួររំលឹកថា កាលពីចុងខែ វិច្ឆិកា ឆ្នាំ២០១៨ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ ក្នុងខេត្តកណ្តាល ប្រមុខរដ្ឋាភិបាលកម្ពុចា សម្តេចហ៊ុន សែន បានលើកឡើថា៖ “អាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចឆ្លើយតបបាននូវកំណើតដ៏ខ្ពស់ បន្ទាប់ពីក្រោយឆ្នាំ២០២៥ អស់សមត្ថភាពក្នុងការទទួលហើយ ដែលយើងអាចឈានដល់ទទួលភ្ញៀវទេសចរលើស១២លាននាក់។ អីចឹងហើយ ព្រលានយន្តហោះពោធិ៍តុង និងព្រលានយន្តហោះសៀមរាប គឺមិនអាចទទួលតទៅទៀតបានទេ ឯព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ ត្រូវតែពង្រីកទាំងផ្លូវចុះចត ក៏ដូចជាផ្នែកដទៃទៀត ដែលអាចឈានដល់ក្នុង១ឆ្នាំទទួលបាន៣លាននាក់ នៅក្រុងព្រះសីហនុ សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា”។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា គិតមកទល់បច្ចប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការផ្ដល់សេវាហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី មានជាង ៤០ក្រុមហ៊ុន ដោយគិតត្រឹមឆមាសទី១ ឆ្នាំ២០១៨នេះ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ទទួលបានភ្ញៀវធ្វើដំណើរតាមផ្លូវអាការប្រមាណ ៥,២ លាននាក់ ក្នុងជើងហោះហើរ ពី៧០ ទៅ៩០ ជើងក្នុងមួយថ្ងៃ ក្នុងចំណោមជើងហោះហើរសរុប ជាង ១០០ជើង៕
ដោយ៖ ស្រីពេជ្រ