LOLC បោះលក់មូលបត្របំណុលជាលើកដំបូង ២០លានដុល្លារ ក្នុងផ្សារមូលបត្រកម្ពុជា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ឈានជើងចូលផ្សារមូលបត្រកម្ពុជាជាលើកដំបូង ដោយបោះផ្សារលក់សញ្ញាបណ្ណសាជីវកម្ម (មូលបត្របំណុល) តម្លៃ៨០ប៊ីលានរៀល ស្មើនឹង២០លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ LOLC បានបញ្ជាក់ថា ទំហំនៃការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មនេះមានចំនួនជាទឹកប្រាក់សរុប ៨០ ប៊ីលានរៀល ដែលនេះជាលើកទីមួយហើយដែល ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ធ្វើការបោះផ្សាយ នឹងចុះបញ្ជីសញ្ញាបណ្ណនេះក្នុង ក្រុមហ៊ុនផ្សាមូលបត្រកម្ពុជា។ សញ្ញាបណ្ណនេះ មានឥណប្រតិទានចំនួន ៣ ឆ្នាំ ហើយអត្រាគូរប៉ុង នឹងត្រូវសម្រេចមុនពេលធ្វើបរិវិសកម្ម។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានលើកឡើងថា «ពួកយើងមានភាពរីករាយណាស់ ដែលបានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា លើសំណើរបោះផ្សាយសញ្ញាបណ្ណសាជីវកម្មលើកដំបូងរបស់ពួកយើង។ នេះជាឱកាសមួយដែលអនុញ្ញាតឲ្យពួកយើង ផ្តល់ជូនទីផ្សារនូវផលិតផលហិរញ្ញវត្ថុថ្មីមួយ គឺ សញ្ញាបណ្ណសាជីវកម្មដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់»។
លោក សុខ វឿន បានបន្ថែមថា «ការធ្វើពិពិធកម្មលើប្រភពទុន ជាពិសេសប្រភពទុនរយៈពេលវែង នឹងធានាកំណើនអាជីវកម្មនាពេលអនាគតរបស់គ្រឹះស្ថាន ព្រមទាំងលើកកម្ពស់មូលដ្ឋានប្រភពដើមទុនរបស់ខ្លួនផងដែរ»។
លោកបន្តថា ទាំងសញ្ញាបណ្ណ ដែលមិនមានការការពារហានិភ័យអត្រាប្តូរប្រាក់ និងសញ្ញាបណ្ណដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់ គឺស្របទៅនឹងគោលនិយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការលើកតម្កើនការប្រើប្រាស់រូបិយប័ណ្ណជាតិ ព្រោះថាសញ្ញាបណ្ណទាំងពីរនេះ ត្រូវបានបោះផ្សាយ និងទូរទាត់ជាប្រាក់រៀល។
គួរបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៤ នេះ ធនាគារភូមិបានបម្រើអតិថិជនចំនួន ១៦៩.៨៧៣ នាក់ នៅ៥១ ការិយាល័យសាខា ទូទាំង២២ខេត្តក្រុង ហើយក្នុងរយៈពេល ១២ខែចុងក្រោយនេះ ផលប័ត្រឥណទានរបស់ធនាគារភូមិបាន កើនឡើងចំនួន ៥០% ដល់ ៩៥,៦លានដុល្លារសហរដ្ឋអាមេរិក។ កំណើននេះត្រូវបានគ្រប់គ្រងប្រកបដោយការទទួល ខុសត្រូវដើម្បីធានាគុណភាពផលប័ត្រឥណទាន ដែលបច្ចុប្បន្ន ហានិភ័យផលប័ត្រឥណទានធំជាង ៣០ថ្ងៃមានតែ ០,១៣% ៕