អនុវត្ត​ដំបូន្មាន​ជីវិតនិង​ជំនួញ​​​ទាំង ១០ របស់លោក Bill Gates ធានាថាអ្នកនឹងជោគជ័យច្រើន​



លោក Bill Gates ​ត្រូវ​បាន​​គេ​ទទួល​ស្គាល់​ថា ជា​អ្នក​មាន​ជាងគេ​បំផុត​ទី​២​ក្នុង​លោក និង​ជា​មហាសេដ្ឋី​សប្បុរស​បំផុត​មួយ​ក្នុង​​ដែល​បាន​បរិច្ចាគ​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​ដើម្បី​សកម្មភាព​មនុស្សធម៌​​នៅ​ជុំវិញ​ពិភពលោក។ ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ប្រមាណ​ជិត ១០០ ពាន់​លាន​ដុល្លារ មហាសេដ្ឋី​វ័យ ៦៣ ឆ្នាំ​រូប​នេះ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ណាស់​លើ​មុខ​ជំនួញ​​ពី​ក្រុមហ៊ុន Microsoft របស់​លោក។ ទន្ទឹម​នឹង​ភាព​ជោគជ័យ​នេះ លោក​បាន​ចែករំលែក​ដំបូន្មាន​ចំនួន ១០ ដ៏​មាន​តម្លៃ​សម្រាប់​​ភាព​ជោគជ័យ​ក្នុង​ជីវិត និង​ជំនួញ។ ​​​

១.ចង់​បង្កើត​ក្រុមហ៊ុន​មួយ​ពី​បាតដៃ​ទទេ អ្នក​ត្រូវ​ការ​ថាមពល​ច្រើន​ណាស់ អ្នក​ត្រូវ​ការ​កម្លាំង​ថាមពល​ច្រើន​​ដើម្បី​​លុប​បំបាត់​ចោល​នូវ​ភាព​មន្ទិលសង្ស័យ​​ដែល​មាន​ជាប់​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក និង​ដើម្បី​យកឈ្នះ​​ភាព​ភ័យខ្លាច​ដែល​​នឹង​កើត​មាន​ឡើង​ជាមួយ​នឹង​​ហានិភ័យ​ធំៗ​ជា​ច្រើន​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​​ទៅ​នោះ គឺ​ពេលវេលា​គ្រប់គ្រង​លើ​ថាមពល​របស់​អ្នក​។ នៅ​ពេល​អ្នក​ដើរ​ចេញ​ពី​មហាវិទ្យាល័យ ដើម្បី​ចាប់​អាជីព​ជា​អ្នក​ជំនួញ អ្នក​​​នៅ​មាន​ចំណុច​ខ្វះខាត​ក្នុង​ការ​អនុវត្ត​ជំនាញ​របស់​អ្នក ចំណេះដឹង និង​ទំនាក់ទំនង​ជា​ដើម។ អ្នក​ត្រូវ​ធ្វើ​ផង ដកស្រង់​បទពិសោធន៍​ផង ហើយ​​ប្រសិន​បើ​ជំនួញ​នោះ​ធ្វើ​​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង​មុន អ្នក​ត្រូវ​ពង្រឹង​ភាព​ជា​សហគ្រិន​របស់​អ្នក​បន្តិច​ម្តងៗ​​។ នៅ​ពេល​អ្នក​មាន​បទពិសោធន៍​ច្រើន​ហើយ ត្រូវ​បង្កើន​ថាមពល​​​របស់​អ្នក​ឲ្យ​កាន់តែ​ខ្លាំង​​ឡើងៗ​​ដើម្បី​ភាព​ជោគជ័យ​ខាងមុខ។

២.ឥទ្ធិពល​ល្អ​​​ពី​អ្នកដទៃ​មិន​គ្រប់គ្រាន់​ទេ អ្នក​ក៏​ត្រូវ​ការ​ឥទ្ធិពល​មិន​ល្អ​ដែរ នៅ​ត្រង់​នេះ​មានន័យ​ថា បើ​អ្នក​ចង់​បាន​ឥទ្ធិពល​មិន​ល្អ​​ពី​អ្នកដទៃ អ្នក​មិន​ចាំបាច់​ត្រូវការ​មនុស្ស​ដែល​​ប្រាប់​អ្នក​​ឲ្យ​​ធ្វើអ្វី​ដែល​​​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង​ ឬ​អ្នកដទៃ​​។ ​នៅ​ក្នុង​ជីវិត​របស់​អ្នក ​​​អ្នក​​ត្រូវការ​នរណា​ម្នាក់​​ដែល​ជឿជាក់​លើ​អ្នក​ ហើយ​ជំរុញ​អ្នក​ឲ្យ​​ចេះ​ចាប់​យក​ឱកាស​ការងារ​​របស់​អ្នក។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ការ​​រៀនសូត្រ​ពី​​មនុស្ស​​មិន​ល្អ​ដែរ ពី​ព្រោះ​ថា បើ​គ្មាន​ឧបសគ្គ ឬ​រឿង​មិន​ល្អ​កើត​មាន​​ឡើង​មក​លើ​អ្នក​នោះ​ទេ​ អ្នក​មិន​អាច​ទទួល​បាន​រង្វាន់​កាដូ​​គួរឲ្យ​ភ្ញាក់ផ្អើល​អ្វី​នោះ​ដែរ​។ អ្នក​ចង់​បាន​​​បទពិសោធន៍ ឬ​ឥទ្ធិពល​​អាក្រក់​ដែល​នឹង​នាំ​អ្នក​​ដើរ​ចេញ​ពី​ភាព​ទន់ខ្សោយ ​និង​ចង្អុល​បង្ហាញ​អ្នក​អំពី​ហានិភ័យ​ដែល​នាំ​ទៅ​រក​ភាព​ជោគជ័យ។ ​​

៣.ខិតខំ​ប្រឹងប្រែង​ឲ្យ​​អស់​ពី​លទ្ធភាព​ ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ អ្នក​ពិត​ជា​ត្រូវ​ការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់​។​អ្នក​ត្រូវ​ខំ​ជាង​អ្នកដទៃ​ឲ្យ​បាន​ច្រើន​ដង គេង​តិច​ម៉ោង​ជាង​អ្នកដទៃ​។ ប្រសិន​បើ​អ្នក​ធ្វើ​ជា​សហគ្រិន ពេលវេលា​ធ្វើ​ការ​ពី ៩ មក ៥​ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ពិត​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ។ ស្រប​ពេល​ដែល​អ្នក​​ចំណាយ​ពេល​លើ​គ្រួសារ​របស់​អ្នក អ្នក​ក៏​ត្រូវ​ចំណាយ​ពេល​ច្រើន​​​ផង​ដែរ​លើ​មុខ​ជំនួញ​របស់​អ្នក។ ចំណុច​ពីរ​នេះ​ អ្នក​ត្រូវ​ធ្វើ​វា​ឲ្យ​មាន​តុល្យភាព បើ​មិន​ដូច្នេះ​ទេ អ្នក​អាច​ជោគជ័យ​ក្នុង​ជំនួញ ប៉ុន្តែ​មិន​ជោគជ័យ​ក្នុង​ជីវិត​គូ ឬ​ជោគជ័យ​ក្នុង​ជីវិត​គូ ប៉ុន្តែ​មិន​ជោគជ័យ​ក្នុង​ជំនួញ។ ការ​ខិតខំ​ប្រឹងប្រែង​វា​មិន​ប៉ះពាល់​ដល់​អ្នកណា​នោះ​ទេ អ្នក​ខិតខំ​បាន​កាន់តែ​ខ្លាំង​គឺ​កាន់តែ​ល្អ​សម្រាប់​អ្នក។

៤.កុំ​សម្លឹង​ការងារ​របស់​អ្នក​ត្រឹម​ថ្ងៃ​នេះ សម្លឹង​មើល​វា​ដើម្បី​អនាគត​ខាងមុខ ​ភាព​ច្នៃប្រឌិត​ គឺ​មាន​សារៈសំខាន់​ណាស់​​ចំពោះ​ភាព​ជោគជ័យ។ ទោះ​មាន​អ្នក ឬ​គ្មាន​អ្នក ពេលវេលា​ដើរ​ទៅ មុខ​ជានិច្ច។ ប្រសិន​បើ​អ្នក​​ចង់​បាន​​ភាព​ជោគជ័យ​នៅ​ក្នុង​​មុខ​ជំនួញ​ណា​មួយ​របស់​អ្នក អ្នក​ត្រូវការ​​ក្រោក​ឈរ​ឡើង នឹង​សម្លឹង​មើល​ទៅ​មុខ​ឲ្យ​បាន​វែងឆ្ងាយ។ ការ​បង្កើត​ជំនួញ ឬ​ធ្វើ​អ្វី​មួយ​សម្រាប់​ថ្ងៃ​នេះ​ វា​អាច​រស់​បាន​ត្រឹមតែ​ពេល​នេះ ហើយ​វា​​នឹង​បរាជ័យ​នៅ​ពេល​ខាងមុខ។ ប៉ុន្តែ​បើ​អ្នក​បង្កើត​វា​ឡើង​សម្រាប់​ថ្ងៃ​ស្អែក អ្នក​នឹង​អាច​ជោគជ័យ​បាន​យ៉ាង​យូរអង្វែង។

៥.អ្នក​ត្រូវ​ស្រលាញ់​អ្វី​ដែល​អ្នក​ធ្វើ អ្នក​ត្រូវ​ស្រលាញ់​ពេញចិត្ត​ទៅ​នឹង​ការ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ធំ​ៗ​ដែល​នឹង​កើត​មាន​ឡើង និង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ ហើយ​អ្វី​ដែល​សំខាន់​បំផុត​គឺ​របៀប​​ថា តើ​អ្នក​ចំណាយ​ពេល​រាល់​ថ្ងៃ​ដោយ​របៀបណា? នេះ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ នៅ​ក្នុង​មុខ​ជំនួញ​ក្តី ការងារ​ផ្សេង​ក្តី អ្នក​ត្រូវ​ស្រលាញ់​មនុស្ស​ដែល​រួម​ដំណើរ​ការងារ​ជា​មួយ​អ្នក​ផង​ដែរ​។ ដូច​​ពាក្យ​ចាស់​​ពោល​ថា ប្រសិន​​បើ​អ្នក​ធ្វើ​ការ​​ដើម្បី​តែ​លុយ អ្នក​​ត្រឹមតែ​រត់​រក​លុយ​រហូត​។ ប៉ុន្តែ​បើ​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់ ​លុយ​នឹង​រត់​មក​រក​​អ្នក។

៦.រៀន​លេង​​​ល្បែង​បៀ ស្តាប់​ទៅ​ដូច​ជា​រឿង​មួយ​គួរឲ្យ​អស់សំណើច ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា ល្បែង​មួយ​នេះ​​អាច​នាំ​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ដោយ​របៀបណា? ការ​ពិត​មាន​គុណសម្បត្តិ​មួយ​ចំនួន​ដែល​​ល្បែង​ប្រភេទ​នេះ​រួម​ចំណែក​នៅ​ក្នុង​ជីវិត​ជាក់ស្តែង​របស់​អ្នក ជា​ពិសេស​នៅ​ក្នុង​មុខ​ជំនួញ​តែម្តង​។ ល្បែង​បៀ​បង្រៀន​អ្នក​អាច​ចេះ​ផ្ដោត​អារម្មណ៍​លើ​ការងារ​ចំពោះ​មុខ និង​គិត​ដោយ​យុទ្ធសាស្ត្រ។ វា​ជួយ​​ដុសខាត់​​ខួរក្បាល​របស់​អ្នក​​ឲ្យ​កាន់តែ​មាន​ភាព​សកម្ម និង​គំនិត​របស់​អ្នក​កាន់តែ​មុត​ស្រួច។ លើស​ពី​នេះ​ដោយសារតែ​ល្បែង​នេះ​​អាច​លេង​បាន​ច្រើន​អ្នក ទើប​វា​បង្រៀន​អ្នក​ឲ្យ​ចេះ​ប្រើ​​​យុទ្ធសាស្ត្រ​ទំនាក់ទំនង និង​ហ៊ាន​ប្រឈមមុខ​ទៅ​នឹង​​គូប្រជែង​គ្រប់​ប្រភេទ​​នៅ​ក្នុង​ពេល​តែមួយ ពោល​គឺ​ភាព​ក្លាហាន​នេះ​ឯង។

៧.ស្វែង​រក​ដំបូន្មាន​ពី​មនុស្ស​ដែល​ឆ្លាត​ជាង​អ្នក ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ជោគជ័យ​មែន​នោះ អ្នក​ត្រូវ​រាប់​អាន​មនុស្ស​ដែល​ឆ្លាត និង​ជោគជ័យ​ជាង​អ្នក។ វា​ជា​រឿង​ល្អ​ណាស់​​ដែល​អ្នក​អាច​បង្កើត​មិត្តភាព​បាន​ជាមួយ​ក្រុម​មនុស្ស​ទាំង​នេះ។ ប៉ុន្តែ​អ្នក​មិន​គួរ​ស្ទាក់ស្ទើរ​ក្នុង​ការ​សុំ​យោបល់ ឬ​ដំបូន្មាន​ណា​មួយ​ពី​មនុស្ស​ទាំង​នេះ​ឡើយ។ បុគ្គល​ទាំង​នេះ​ស្គាល់​អ្នក​ច្បាស់ ហេតុដូច្នេះ​ហើយ​ពួកគេ​ទំនង​ជា​​មនុស្ស​ពូកែ​នៅ​ក្នុង​ចំណុច​ខ្សោយ​ណា​មួយ​ជា​របស់​អ្នក។ អ្នក​មិន​ចាំបាច់​ត្រូវការ​ពួកគេ​គ្រប់​ពេល​នោះ​ទេ ប៉ុន្តែ​អ្នក​គួរ​​បង្កើត​ក្រុម​ពិភាក្សា​ចែករំលែក​ចំណេះដឹង​ទៅ​វិញ​ទៅ​មក​ជា​មួយ​បុគ្គល​ទាំង​នេះ អ្នក​នឹង​អាច​ទទួល​បាន​ពន្លឺ​ជា​ច្រើន​ពី​ពួកគេ។

៨.ជ្រើសរើស​មនុស្ស​ត្រូវ​មក​ធ្វើ​ការ​ជាមួយ​អ្នក អ្នក​ត្រូវ​​ជ្រើសរើស​មនុស្ស​ដែល​ផ្តល់​ទំនុកចិត្ត​ឲ្យ​អ្នក មនុស្ស​ដែល​មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​លើ​បេសកកម្ម​របស់​អ្នក​ និង​មនុស្ស​ដែល​ចែករំលែក​ទស្សនវិស័យ​រួមគ្នា​ជាមួយ​អ្នក​ដើម្បី​កសាង​ក្រុមហ៊ុន​មួយ​ឡើង។ បុគ្គលិក​ដែល​មាន​គំនិត​វៃឆ្លាត គួរតែ​ជួល​ពួកគេ​មក​ធ្វើ​ការ ប៉ុន្តែ​គួរ​តែ​មាន​ជំនាញ​ខុស​ពី​អ្នក​ដើម្បី​ឲ្យ​អ្នក​ចេះ​បំពេញ​គ្នា​ទៅវិញ​ទៅ​មក។ ការ​ជួល​មនុស្ស​ត្រូវ​មក​ធ្វើ​ការ មិនមែន​ត្រឹមតែ​ឲ្យ​អ្នក​ជោគជ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​​ឲ្យ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​​ប្រព្រឹត្តទៅ​ដោយ​រីករាយ​គួរ​ឲ្យ​ពេញចិត្ត​បំផុត​។

៩.បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​ពន្យារពេល ត្រូវ​បញ្ឈប់​ឥឡូវ​នេះ​ភ្លាម ការ​ពន្យារពេល​គឺ​ជា​ទម្លាប់​ដ៏​អាក្រក់​បំផុត​ដែល​អ្នក​ត្រូវ​តែ​បញ្ឈប់​វា​​ឥឡូវ​នេះ បើ​បាន​កាន់តែ​ឆាប់ កាន់តែ​ល្អ។ ដើម្បី​សម្រេច​កិច្ចការ​ធំ​មួយ អ្នក​ត្រូវ​​រៀបចំ​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ និង​​​ប្រើប្រាស់​វា​ឲ្យ​មាន​​ប្រសិទ្ធភាព​បំផុត។ ការងារ​អ្វី​ក៏ដោយ អ្នក​មិន​ត្រូវ​រង់ចាំ​ធ្វើ​វា​រហូត​ដល់​វិនាទី​ចុងក្រោយ​នោះ​ឡើយ។ អ្នក​ត្រូវ​បែងចែក​ពេលវេលា​ដើម្បី​ធ្វើ​ការងារ​​តាម​អាទិភាព និង​អាច​បញ្ចប់​បាន​តាម​​ពេល​កំណត់។

១០.បង្កើត​ភាព​សប្បាយៗ​ក្នុង​ជីវិត​ រឿង​ការងារ​ជា​រឿង​សំខាន់។ ប៉ុន្តែ​ពេល​ខ្លះ​ អ្នក​​​ក៏​ត្រូវ​ការ​ចន្លោះ​ពេល​ផ្ទាល់​ខ្លួន​​ដើម្បី​ធ្វើ​រឿង​​​ឯកជន​ខ្លះ​​ដែល​មើល​ទៅ​ឆ្កួតៗ​ដើម្បី​ឲ្យ​ជីវិត​របស់​អ្នក​រីករាយ។ អ្នក​មិន​គួរ​អង្គុយ​ធ្វើ​ការ​ពេញ​មួយ​ជីវិត​គ្មាន​ថ្ងៃ​សម្រាក​នោះ​ឡើយ។ ជីវិត​មាន​ពេល​លំហែ​ខ្លះ ទុក​ខ្លះ សប្បាយ​ខ្លះ ទើប​វា​មាន​តម្លៃ៕

ប្រភព៖ moneyinc.com​​

X
5s