កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាប្រចាំតំបន់អាស៊ីប៉ាស៊ីភិចស្តីពី “ការអភិវឌ្ឍគម្រោងវិនិយោគរួម និងការអនុវត្តពាក់ព័ន្ធនឹងនិន្នាការទីផ្សារដែលកំពុងងើបឡើង”
ចាប់ពីថ្ងៃច័ន្ទ ០៦រោច ដល់ថ្ងៃព្រហស្បតិ៍ ០៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ដើម្បីរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍគម្រោងវិនិយោគរួម និងការអនុវត្តពាក់ព័ន្ធនឹងនិន្នាការទីផ្សារដែលកំពុងងើបឡើង” ក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមការបណ្តុះបណ្តាលនិយ័តករហិរញ្ញវត្ថុនៃសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific EconomicCooperation Financial Regulators Training Initiative-APEC FRTI) នៅសណ្ឋាគារសាន់វ៉េភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក.។
សិក្ខាសាលារយៈពេល ០៤ (បួន) ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណេះដឹងដល់ភាគីពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុមកពីនិយ័តករមូលបត្រ និយ័តករពាក់ព័ន្ធ ក៏ដូចជាប្រតិបត្តិ-ករទីផ្សារមូលបត្រ ដោយនឹងផ្តោតជាសំខាន់លើការសិក្សាបង្កើតបទប្បញ្ញត្តិ និងផលិតផលរបស់គម្រោងវិនិយោគរួម (CIS) ព្រមទាំងរបៀបរៀបចំដំណើរការសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រង CIS នៅក្នុងទីផ្សារមូលធននិងទីផ្សារដែលកំពុងងើបឡើងតាមរយៈ៖
១).ការសិក្សាពីតម្រូវការទីផ្សារនិងបទប្បញ្ញត្តិនៃការដាក់ឱ្យដំណើរកាមូលនិធិ (Fund) នៅលើទីផ្សារមូលធនក្នុងស្រុក
២). ការកំណត់បទប្បញ្ញត្តិគ្រប់គ្រង និងការធ្វើអធិការកិច្ច
ចំពោះក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ (Asset Management Company-AMC)
៣). ការសិក្សាពីដំណើរការនៃការចុះបញ្ជី Fund ដែលអាចជួញដូរបាននៅក្នុងទីផ្សារ
៤). ការសិក្សាពីដំណើរការនៃការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នៅក្នុងទីផ្សារមូលធន និង
៥). ការពិនិត្យមើលករណីសិក្សាអំពីយន្តការទីផ្សារ និងការចែករំលែកបទពិសោធន៍ក្នុងតំបន់ជាដើម។
សិក្ខាសាលាខាងលើ មានការចូលរួមពីវាគ្មិនដែលជាអ្នកជំនាញជាន់ខ្ពស់មកពីបណ្តាស្ថាប័នផ្សេងៗក្នុងតំបន់ដែលមានបទពិសោធន៍យូរឆ្នាំក្នុងការបណ្តុះបណ្តាល ព្រមទាំងការអនុវត្តការងារជាក់ស្តែងពាក់ព័ន្ធនឹងវិស័យមូលបត្រ។ ទន្ទឹមនឹងនេះ កម្មវិធីសិក្ខាសាលានេះ ក៏មានការចែករំលែកនូវបទពិសោធន៍នៃការអនុវត្តពីសិក្ខាកាមនៃប្រទេសនីមួយៗ ដែលក្នុងនោះរួមមានសិក្ខាកាមមកពីប្រទេសឥណ្ឌា, ម៉ាឡេស៊ី, ហ្វីលីភីន, តៃវ៉ាន់, នេប៉ាល់, និងប្រទេសថៃជាដើម ផងដែរ៕