ឆ្នាំក្រោយភ្ញៀវទេសចរណ៍បរទេសកើនដល់ ៧លាននាក់ ម្ចាស់អាជីវកម្មគួរសម្លឹងឃើញផលិតផល/សេវាកម្មអ្វីពីឱកាសនេះ?
សមាគមទេសចរណ៍កម្ពុជា ថាកម្ពុជាត្រូវបង្កើតផលិតផលទេសចរណ៍អោយបានច្រើន ដើម្បីត្រូវខ្លួនឆ្លើយតប ទៅនឹងកំណើនទេសចរបរទេស ដែលនឹងកើនដល់៧លាននាក់នៅឆ្នាំ ២០២០ ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) បានលើកឡើង ថា ការអភិរក្សតំបន់ឆ្នេរ និងការរុករករមនីយដ្ឋានទេសចរណ៍បន្ថែម គឺជាផ្នែកមួយសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យមកទស្សនានៅកម្ពុជាកើនឡើង ។
លោកជំទាវបញ្ជាក់ថា បច្ចុប្បន្នតំបន់ឆ្នេរ និងកោះនានារបស់កម្ពុជា បាននឹងកំពុងត្រូវបាន វិនិយោគដោយក្រុមហ៊ុនឯកជន ដោយទទួលបានការជំរុញ និងបង្ហាញទិសដៅពីក្រសួងពាក់ព័ន្ធ ក្នុងការអភិវឌ្ឍតំបន់ឆ្នេរ អោយក្លាយជាគោលដៅទេសចរណ៍ថ្មី បន្ទាប់ពីទស្សនាតំបន់វប្បធម៌ ដូចជាប្រាង្គប្រាសាទជាដើម។
លោកជំទាវបន្ថែមថា បច្ចុប្បន្ន ចំនួនភ្ញៀវទេសចរណ៍ជាងកន្លះលាននាក់ បានទៅទស្សនានៅតំបន់ឆ្នេរ ដែលស្មើនឹង៣ទៅ៤ដងនៃតំបន់ទេសចរណ៍ផ្សេងៗ ដូច្នេះយើងត្រូវមានផែនការមេមួយសម្រាប់អភិវឌ្ឍតំបន់ឆ្នេរ ដើម្បីធានាលើការអភិវឌ្ឍ និងរក្សាបាននូវចំណុចល្អៗដែលយើងគួរមានការអភិវឌ្ឍ ដូចជាការស្នាក់នៅ ហូបចុក និងសេវាកម្សាន្តជាដើម។
ដោយឡែកបើផ្អែកតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅឆ្នាំ ២០២០ខាងមុខនេះ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ កើនឡើងដល់ប្រមាណជា ៧លាននាក់ ក្នុងនោះភ្ញៀវទេសចរជនជាតិចិនមកលេងកម្ពុជាយ៉ាងតិចក៏ ២លាននាក់ដែរ ដោយនឹងនាំមកនូវចំណូលសរុបប្រមាណជា ៥ ពាន់លានដុល្លារ និង បង្កើតឱកាសការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋធ្វើប្រមាណជាជិត ១ លាន នាក់ ។
កាលពីពេលថ្មីនេះ ក៏មានការប្រកាសវិនិយោគទៅលើគម្រោងរមណីដ្ឋានថ្មីក្នុងខេត្តសៀមរាបផងដែរ រវាងវិនិយោគិនខ្មែរ និងជប៉ុន ទៅលើគម្រោងសួនត្រីក្រោមទឹក ក្នុងតម្លៃ៧០លានដុល្លារ លើផ្ទៃដី១០០ហិកតាផងដែរ ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងទៅ តំបន់ទេសចរណ៍ប្រាសាទអង្គរវត្ត ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ២លាន ៥សែននាក់ ដោយទទួលបានប្រាក់ចំណូលជាង ១០០លានដុល្លារពីការលក់សំបុត្រ ចូលទស្សនាប្រាសាទនានា ហើយភ្ញៀវទេសចរអន្តរជាតិភាគច្រើនមកពីប្រទេស ចិន កូរ៉េ និងប៉ែកអ៊ឺរ៉ុប៕
ដោយ៖ ស្រីពេជ្រ