Jack Ma និយាយ​ថា៖ ចង់​ជោគជ័យ អ្នក​មិន​ចាំបាច់​ចេះ​ច្រើន​នោះ​​ទេ តែ​អ្នក​​​ចាំបាច់​ត្រូវ​មាន​របស់​មួយ​នេះ​



លោក Jack Ma ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មហាសេដ្ឋី​​របស់​ចិន​ដ៏​​ល្បីល្បាញ​​មួយ​រូប​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ​ដោយ​បាន​ធ្លាប់​​ជួប​ខ្សែជីវិត​មិន​ល្អ និង​មាន​​រូបរាង​មិន​សូវ​​អំណោយផល​ពី​ធម្មជាតិ​ផង​នោះ អ្នក​ជំនួញ​​ រូប​នេះ​ធ្លាប់​ធ្វើ​​ជា​គ្រូបង្រៀន​អង់គ្លេស​ដែល​ទទួល​បាន​ប្រាក់​ចំណូល​​ត្រឹមតែ ១២ ដុល្លារ​ក្នុង​មួយ​ខែ មុន​ពេល​លោក​បង្កើត​ក្រុមហ៊ុន យក្ស​ដ៏​ជោគជ័យ​មួយ​គឺ​ Alibaba ​​នៅ​ក្នុង​ឆ្នាំ ១៩៩៩។

ដោយសារតែ​លោក​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រជាជន​ក្រីក្រ​សាមញ្ញ​មក​ជា​មហាសេដ្ឋី​ ​ហើយ​ទើប​មាន​សំនួរ​ជា​ច្រើន​ជា​ពិសេស​ពី​សហគ្រិន​ដែល​បាន​ចោទ​សួរ​​លោក​នៅ​រាល់​ពេល​ដែល​លោក​បង្ហាញ ខ្លួន​នៅ​លើ​វេទិកា​សាធារណៈ។ សំនួរ​មួយ​ក្នុង​ចំណោម​សំនួរ​ទាំង​នោះ​គឺ​​ថា តើ​លោក​មាន​អាថ៌កំបាំង​អ្វី​ដែរ​ឬទេ​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​លោក? នៅ​ពេល​លោក​​កំពុង​មាន​វត្តមាន​​ក្នុង​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក​មួយ​ (World Economic Forum) កាល​ពី​ឆ្នាំ​​កន្លង​ទៅ​ លោក Jack Ma បាន​ថ្លែង​ដូច្នេះ​ថា៖«មុន​ដំបូង​ខ្ញុំ​អត់​ដឹង​ថា បច្ចេកវិទ្យា​ហ្នឹង​ស្អី​គេ​ទេ។ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា ការ​គ្រប់គ្រង​ហ្នឹង​​វា​ជា​អី​ដែរ។ ប៉ុន្តែ​រឿង​គឺ​នៅ​ត្រង់​ថា អ្នក​មិន​ចាំបាច់​​ចេះ​​​​ទាំងអស់​នោះ​ទេ។ អ្នក​ត្រូវ​រក​មនុស្ស​ដែល​ឆ្លាត​ជាង​អ្នក។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​តែងតែ​ព្យាយាម​រក​មនុស្ស​ឆ្លាត​ជាង​ខ្ញុំ មក​ធ្វើ​ការ​ឲ្យ​ខ្ញុំ»

លោក​បាន​បន្ត​ថា៖ «នៅ​ពេល​អ្នក​រក​​មនុស្ស​ឆ្លាត​បាន​មក​ធ្វើ​ការ​ ការងារ​បន្ទាប់​របស់​អ្នក​គឺ​ត្រូវ​ប្រាកដ​ថា អ្នក​ឆ្លាតៗ​ទាំង​នោះ​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​បាន»។ មក​ដល់​ត្រង់​ចំណុច​នេះ លោក Jack Ma ​បាន​ផ្តល់​ដំបូន្មាន​ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​​ដែល​អ្នក​ត្រូវ​ធ្វើ​ចំនួន ២ ជំហាន​គឺ៖

១.ជួល​មនុស្ស​ដែល​ឆ្លាត​ជាង​អ្នក​មក​ធ្វើ​ការ​ឲ្យ អ្នក

២.ផ្ដោត​​ទៅ​លើ​ការ​ដឹក​នាំ​បុគ្គលិក​ឆ្លាតៗ​ទាំង​នោះ​ឲ្យ​មក​ធ្វើ​ការ​ជា​ក្រុម។

ដំបូន្មាន​របស់​​លោក Jack Ma ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​​​គឺ​ជា​ទស្សនៈ​​ដ៏​មាន​តម្លៃ​ និង​មាន​ឥទ្ធិពល​បំផុត​មួយ​សម្រាប់​ផ្តល់​ភាព​ជា​គំរូ​ដល់​ថ្នាក់​ដឹកនាំ​ទាំង​ស្ថាប័ន​រដ្ឋ និង​ឯកជន ជា​ពិសេស​សហគ្រិន​ក្មេងៗ​ដើម្បី​យក​ទៅ​ពិចារណា​សិក្សា​រៀនសូត្រ​បន្ថែម​ទៀត។ ភាព​ជា​គំរូ​មួយ​ក្នុង​ចំណោម​​ភាព​ជា​គំរូ​​ផ្សេងៗ​ទៀត​របស់​លោក​គឺ​ភាព​ជា​​គ្រប់គ្រង​​ល្អ​នូវ​​អ្វី​ដែល​លោក​ចាត់​ទុក​ថា នឹង​​នាំ មក​នូវ​ភាព​ជោគជ័យ​ដល់​ស្ថាប័ន។ ​​

ចុចអានអត្ថបទ៖ មហាសេដ្ឋី Jack Ma និយាយ​ថា មាន​កំហុស​មួយ​នេះ​​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​​ថ្មីថ្មោង​​ស្លាប់​ទៅ​វិញ​

ហេតុអ្វី​បាន​ជា​អ្នក​គ្រប់គ្រង​ ល្អ​នាំ​មក​នូវ​ភាព​ជោគជ័យ​? 

រឿង​ជាក់ស្តែង​គឺ​នៅ​ពេល​អ្នក​ជួល​បុគ្គលិក​ល្អ​បំផុត​មក​ធ្វើ​ការ ​សូម​​​ចាត់ចែង​គ្រប់គ្រង​ពួកគេ​ឲ្យ​ធ្វើ​ការ​ជា​ក្រុម។ ការ​ធ្វើ​ការងារ​​ជា​ក្រុម បុគ្គលិក​ម្នាក់ៗ​នឹង​មាន​​ផ្នត់​គំនិត ​របៀប​ធ្វើ​ការ​ ទស្សនៈ​ និង​មធ្យោបាយ​​ដើម្បី​ឲ្យ​គម្រោង​ការងារ​​ទទួល​បាន​ជោគជ័យ​ដោយ​របៀបណា។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា មាន​បុគ្គលិក​​​កំពូលៗ​ទាំង​នោះ​តែងតែ​​ប្រកាន់​ផ្នត់គំនិត​​មួយ​ជាប់​ហ្នឹង​​ខ្លួន​នោះ​គឺ​​​ខ្លួន​ឯង​ជា​ធំ។ ដោយសារតែ​ពួកគេ​មាន​បទពិសោធន៍​​ជោគជាំ​នឹង​ភាព​ជោគជ័យ និង​មាន​គំនិត​រឹងមាំ​​​​​​រៀងៗ​ខ្លួន​ពី​មុន​មក​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពួកគេ​ម្នាក់ៗ​ពិបាក​ធ្វើ​ការ​ជាមួយ​គ្នា និង​ពិបាក​គាំទ្រ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក។ ពេល​​ខ្លះ​ទៀត​ពួកគេ​មាន​អារម្មណ៍​ទៀត​ថា ខ្លួន​គឺ​ជា​គូប្រជែង​ជា​មួយ​បុគ្គលិក​​ដូចគ្នា​​​នៅ​ក្នុង​ក្រុមហ៊ុន​ ហើយ​ទីបំផុត​វា​​មិនមែន​ជា​ការ​ធ្វើ​ការ​ជា​ក្រុម តែ​វា​ជា​សង្គ្រាម​​ការ​ការពារ​ខ្លួន​​នៅ​ក្នុង​ក្រុមហ៊ុន និង​ប៉ែង​ជើង​គ្នា​ទៅ​វិញ។ ប៉ុន្តែ​បើ​និយាយ​ពី​អ្នក​គ្រប់គ្រង​ល្អ​វិញ អាច​ធ្វើ​ឲ្យ​ទិដ្ឋភាព​នេះ​ចេញ ជា​លទ្ធផល​ផ្សេង។ អ្នក​គ្រប់គ្រង​ល្អ​គឺ​ជា​អ្នក​ដែល​ដឹង​យ៉ាង​ច្បាស់​ថា អ្វី​ជា​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ក្រុម​ការងារ​។

អ្នក​គ្រប់គ្រង​ល្អ​នឹង​អាច​កំណត់​បាន​ថា ស្ថានភាព​ណា​ខ្លះ​​នឹង​នាំ​មក​នូវ​ភាព​ខ្វែងគំនិត​គ្នា​​រវាង​ក្រុម​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ និង​​យល់​យ៉ាង​ច្បាស់​ថា ភាព​ខ្វែងគំនិត​គ្នា ឬ ជម្លោះ​​ទាំង​នោះ​​​មិនមែន​សុទ្ធតែ​មិន​ល្អ​នោះ​ឡើយ​ប្រសិន​បើ​ខ្លួន​​អាច​ទាញ​វា​យក​មក​គ្រប់គ្រង​បាន។ សម្រាប់​អ្នក​គ្រប់គ្រង​ល្អ​នាំ​យក​នូវ​អ្វី​ដែល​ល្អ​បំផុត​​ចេញ​ពី​សមាជិក​ម្នាក់ៗ​នៃ​ក្រុម​​ការងារ​ដោយ​​កំណត់​បាន​​​ពី​របៀប​លើកទឹកចិត្ត​​ក្រុម​ការងារ​ម្នាក់ៗ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​បំផុត។ មិនតែប៉ុណ្ណោះ អ្នក​ដឹកនាំ​ល្អ​អាច​ចែករំលែក​មតិ​រិះគន់​កែលំអ​ពី​​ក្រុម​ការងារ​​ម្នាក់ៗ​ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​អត្ថប្រយោជន៍​​ និង​ជា​ពិសេស​គឺ​​ការ​ផ្តល់​​​ទំនុកចិត្ត​ឲ្យ​ក្រុម​ការងារ​ទាំងមូល។ យ៉ាងណាមិញ ដើម្បី​ជោគជ័យ​លើ​ចំណុច​​ទាំង​នេះ​បាន វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ។ អ្នក​ត្រូវ​មាន​ភាព​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់​បំផុត និង​​ស្គាល់​ចិត្តសាស្ត្រ​របស់​មនុស្ស​ឲ្យ​បាន​ច្បាស់។ ប្រសិន​បើ​អ្នក​នៅ​មាន​ចំណុច​ខ្វះខាត​ត្រង់​ចំណុច​នេះ អ្នក​អាច​សិក្សា​រៀនសូត្រ​បន្ថែម​បាន។ ដូច្នេះ​ហើយ អ្វី​ដែល អ្នក​ត្រូវ​ចាំ​នោះ​គឺ​ ត្រូវ​រៀបចំ​ខ្លួន​ឯង​ជា​អ្នក​គ្រប់គ្រង​ក្រុម​ការងារ​ដ៏​ល្អ​ម្នាក់ ហើយ​​លុប​បំបាត់​ចោល​ភាព​អាត្មានិយម​មិន​យក​ទស្សនៈ​ខ្លួន​ឯង​ត្រូវ​គ្រប់​ពេល​នោះ​ឡើយ​។ អ្វី​ដែល​អ្នក​ត្រូវ​ផ្ដោត​ អ្នក​មិន​ចាំបាច់​ធ្វើ​ជា​អ្នក​ឆ្លាត​ជាងគេ​បំផុត​​នៅ​ក្នុង​ក្រុម​ការងារ​នោះ​ទេ ពោល​គឺ​ជួយ​ឲ្យ​ក្រុម​ការងារ​កាន់តែ​ឆ្លាត​គឺ​ជា​រឿង​ល្អ​បំផុត៕

ប្រភព៖ Entrepreneur

X
5s