កិច្ចពិភាក្សាពាណិជ្ជកម្មរវាងចិននិងអាមេរិក បញ្ចប់ទៅដោយវឌ្ឍនភាព​​



តាម​ការ​ចេញផ្សាយ និង​បច្ចុប្បន្នភាព​ព័ត៌មាន​របស់សារព័ត​មាន​ CGTN នៅ​ថ្ងៃទី ២៥ កុម្ភៈ ២០១៩នេះបាន​ឲ្យ​ដឹង​ថា៖ ​ចិន​និង​សហរដ្ឋ​អាមេរិកសម្រេចបាន​នូវ​​វឌ្ឍនភាព​ជា​ច្រើន​លើបញ្ហា​របស់​ពួក​គេ ដែលកំពុង​តែ​កើត​មាន​តាមរយៈ​ការប្រជុំ​ចុង​ក្រោយ​នៃ​សេដ្ឋ​កិច្ច​ថ្នាក់​ខ្ពស់ និង​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​នៅទីក្រុង​វ៉ាស៊ីន​តោន នេះ​បើ​តាម​ការ​លើក​ឡើង​ពី គណៈ​ប្រតិភូ​ចិនកាល​ពី​ថ្ងៃ​អាទិត្យទី​ ២៤ កុម្ភៈ​ កន្លង​មក​នេះ។ កិច្ច​ពិភាក្សា​នេះ​បានធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០១៩​ ដែល​ជា​ជុំនួប​ចរចា​លើក​ទី ៧ ចាប់​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន។​ អំឡុង​ពេល​នៃ​ជំនួប​ចុង​ក្រោយនេះ​ អ្នក​ចរចាចិន​និង​សហរដ្ឋអាមេរិចបាន​ដាក់​ចេញ​​ការអនុវត្ត​នូវ​ការ​មូល​មតិគ្នា ​ដែល​ផ្តោតទៅ​លើឯកសារកិច្ច​ព្រម​ព្រៀងមួយនៃ​​ជំនួប​ប្រធានាធិបតី​ទាំង​ពីរ​កាលពី​កិច្ច​ប្រជុំ​មួយ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពីខែធ្នូ នៅ​ប្រទេស អាហ្សង់​ទីន។ គណៈ​ប្រតិភូ​ចិន​បាននិយាយ​ថា​វឌ្ឍនភាព​ជាច្រើន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​លើបញ្ហា​ដែល​បានកំណត់​រួម​មាន ការផ្ទេរ​បច្ចេក​វិទ្យា ការ​ការពារ​នូវ​កម្ម​សិទ្ធិ​បញ្ញា គ្មាន​របាំង​ពន្ធ​គយ ឧស្សាហកម្មសេវាកម្ម កសិកម្ម និង​អត្រា​ប្តូរ​ប្រាក់ជាដើម។ គណៈប្រតិភូ​ចិន​បាន​បន្ថែម​ទៀត​ថា “ស្ថិតលើ​មូល​ដ្ឋាន​នៃ​វឌ្ឍនភាព​ចុង​ក្រោយ​នេះ​ ភាគី​ទាំង​ពី​រនឹងបន្ត​ការ​ងារ​រួមគ្នា​សម្រាប់​ដំណាក់​កាល​បន្ទាប់ស្រប​តាម​ការណែ​នាំ​របស់​ក្បាល​ម៉ាស៊ីន​នៃ​ប្រទេស​ទាំង​ពីរ”។ ក្នុង​ជំនួប​នេះ​ភាគី​ចិន​បាន​ដឹក​នាំ​ដោយ​លោក លូ ហ៊ី (Liu He) ​អនុ​ប្រធាន​បក្សកុម្មយ​នីស្ត​ចិន​ ដែល​ជាអ្នកតំណាង​ពិសេសរបស់​ប្រធានាធិប​តី​ចិន​លោក ស៊ី ជីន​ពីង (Xi Jinping) ចំណែក​ភាគី​អាមេរិកដឹក​នាំ​ដោយអ្នកតំណាង​ពាណិជ្ជកម្ម​ ​លោក រ៉ូ​បឺត ឡៃ​ថៃ​ហ្សឺ (Robert Lighthizer) និងលេខាធិ​ការ​រតនាគារលោក ស្ទេវិន មនូ​សិន (Steven Mnuchin)។ គួរបញ្ចាក់ផងដែរថា អាមេរិកបានព្រមព្រៀងពន្យាការយកពន្ធទៅលើទំនិញចិន កាលពីជំនួបប្រជុំនៅអាហ្សង់ទីនកាលពីពេលកន្លងទៅ និងបានដាក់ឧសានវាទ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៩ ដើម្បីធ្វើការចរចាបន្ថែមពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មនេះ។ បន្ទាប់ពីការចរចានេះ ស្ថានភាពតានតឹងនៃពាណិជ្ជកម្មរវាងប្រទេសមហាអំណាចលេខ១ និងលេខ២នេះ អាចនឹងមានការធូរស្រាលជាងមុន ប៉ុន្តែនៅចាំមើលការចរចាបន្ថែមទៀតរវាងភាគីទាំងពីរ៕ ដោយ៖ ទីន ម៉ាទី​យ៉ា ប្រភព៖ CGTN
X
5s