គិត​ត្រឹម​ថ្ងៃ​ទី​១៨​កុម្ភៈ​កំពង់​ស្ពឺ​ទទួល​បាន​គម្រោង​វិនិយោគ​ជា​បន្ត​បន្ទាប់​រហូត​អាច​បង្កើត​ឱកាស​ការងារ​ជិត​៨ពាន់​កន្លែង​ជូន​ពលរដ្ឋ​



កំពង់ស្ពឺ​ជា​ខេត្ត​មួយ​ដែល​មាន​ទីតាំង​ភូមិសាស្រ្ត​ចំងាយ ៤៨គីឡូម៉ែត ពី​រាជធានី​ភ្នំពេញ។ បើ​គិត​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មក​ នៅ​លើ​គេហទំព័រ​ហ្វេប៊ុក​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​នូវ​គម្រោង​វិនិយោគ​ជា​ហូរហែរ​ដោយ​ក្នុង​នោះ ខេត្ត​កំពង់ស្ពឺ​បាន​ទទួល​គម្រោង​វិនិយោគ​រោង​ចក្រ​ចំនួន​៤​ជា​បន្តបន្ទាប់​ពី​ក្រុមហ៊ុន​វិនិយោគ​ ដោយ​អាច​ផ្ដល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​រហូត​ដល់ ៧.៩៦៤​កន្លែង។ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខេត្ត​កំពង់ស្ពឺ​ទទួល​បាន​គម្រោង​វិនិយោគ​រោង​ចក្រ​ចំនួន​២​សរុប​ទុន​វិនិយោគ​ប្រមាណ​១១,៦​លាន​ដុល្លារ​អាមេរិក និង​ឱកាស​ការងារ​១.៥៨៥។ ទី១​ ក្រុម​ហ៊ុន TOP RISE MASTER INDUSTRY CO.,LTD. គម្រោង​រោងចក្រ​ផលិត​និង​តម្លើង​សម្ភារៈ​បរិក្ខា​អគ្គីសនី ស្ថិត​នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៣,៩​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​៥១០​កន្លែង។ ទី២​ក្រុមហ៊ុន​ FULL EVER TEXTILES (CAMBODIA) COMPANY LIMITED. គម្រោង​រោងចក្រ​ផលិត​ស្រោមដៃ​គ្រប់ប្រភេទ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ស្ដេច ឃុំ​វាល ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៧,៧​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការ​ងារ​បាន​ចំនួន​១.០៧៥​កន្លែង។ នា​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខេត្ត​នេះ​ទទួល​បាន​គម្រោង​វិនិយោគ​បន្ថែម​មួយ​ទៀត​ពី​ក្រុមហ៊ុន​ CNDEGRE INTERNATIONAL (KH) CO.,LTD. លើ​គម្រោង​បង្កើត​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ ស្ថិត​នៅ​ ភូមិ​តាម៉ុល សង្កាត់​ច្បារមន ក្រុង​ច្បាមន ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​៣៣,៨​លាន​ដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​២.០០៥​កន្លែង។ គម្រោង​រោងចក្រ​មួយ​ទៀត​ដែល​ខេត្ត​នេះ​ទើប​តែ​ទទួល​បាន​ការ​អនុម័ត​ពី​CDC​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​គឺ គម្រោង​បង្កើត​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់-ប៉ាក់​និង​កាបូប​ស្ពាយ​ពី​ក្រុមហ៊ុន​JACK TSENG GARMENT (CAMBODIA) CO.,LTD. ដែល​ស្ថិត​ក្នុង​ ភូមិ​ព្រៃស្រូល ឃុំ​ពោធិ៍អង្រ្កង ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៥,៧លានដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​៤.៣៧៥​កន្លែង៕ អត្ថបទដោយ៖ ជួប ស្រីរ័ត្ន
X
5s