ក្រុមហ៊ុនអ្នកឧកញ៉ា កុក អាន បោះទុនវិនិយោគប្រមាណ២០លានដុល្លារលើវិស័យទឹកស្អាតក្នុងខេត្តកំពត
ក្រុមហ៊ុនឯកជនក្នុងស្រុកមួយគ្រោងនឹងបោះទុនវិនិយោគ ២០ លានដុល្លារអាមេរិចក្នុងវិស័យទឹកស្អាតនៅខេត្តកំពត ដោយរំពឹងថានឹងអាចបំពេញបន្ថែមនៅតម្រូវការទឹកស្អាតនៅក្នុងតំបន់នោះ។
គម្រោងវិនិយោគនេះត្រូវបានលើកឡើង ដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារចុះជួយខេត្តកំពត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា។
ការបង្កើតការដ្ឋានពីរកន្លែងផ្សេងគ្នា រួមមាន ការដ្ឋានទីមួយគឺការដ្ឋានផលិតទឹកស្អាត នៅចំណុចអតីតព្រលានយន្តហោះកកេះ ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយយកប្រភពទឹក ចេញពីតំបន់វារីអគ្គីសនី ទឹកឈូកំចាយ។ ការដ្ឋានទីពីរនៅតំបន់រម្មណីដ្ឋាន ទំនប់ប្រទ័ក្សក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ដោយមួយថ្ងៃ អាចផលិតទឹកស្អាត បានមួយម៉ឺនម៉ែត្រគូប។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រោយពេលចរចានាពេលថ្មីៗនេះ ក្រសួងបាន សម្រេចយល់ព្រម និងអនុញ្ញាតឲ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា កុក អាន ដែលបានគ្រោងដើមទុនប្រមាណ២០លានដុល្លារ វិនិយោគលើវិស័យទឹកស្អាត ក្នុងខេត្តកំពត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់ទៀតថា ក្រសួងទើបតែយល់ព្រម កាលពីសប្តាហ៍មុន ហើយឥឡូវអ្នកឧកញ៉ា កុក អាន បានចាប់ផ្តើមឈូសឆាយ និងបញ្ជាទិញសម្ភារ និងឧបករណ៍បំពាក់រួចរាល់ហើយ នៅការដ្ឋានទំនប់ប្រទ័ក្សក្រឡា។ បើតាមការរំពឹងទុក ប្រាំមួយខែទៀត ខេត្តកែប និងផ្នែកខ្លះ នៃស្រុកទឹកឈូ នឹងទទួលបានទឹកស្អាត ពីការដ្ឋានទំនប់ប្រទ័ក្សក្រឡានេះ ប្រើប្រាស់ហើយ។
ឯកឧត្តមបន្តថា ការផ្តល់អាទិភាពវិនិយោគិនក្នុងស្រុក គឺជាងក្រុមហ៊ុនវិនិយោគបរទេស ព្រោះយល់ឃើញថា ប្រាក់ចំណូលទាំងឡាយ ពិតជាមិនយកទៅណាទេ ក្រៅពីចាយវាយវិលជុំ ក្នុងស្រុកនោះឡើយ។
បច្ចុប្បន្នខេត្តកំពត មានរោងចក្រផលិតទឹកស្អាតរដ្ឋចំនួនពីរ ដែលមានសមត្ថភាពអាចផលិតបាន ជាង១៣,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ប៉ុន្តែទឹកស្អាតទាំងនោះ នៅមិនទាន់អាចចែកចាយ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ អស់នៅឡើយទេ ដោយសារកង្វះបច្ចេកទេស និងថវិកាតប្រព័ន្ធបណ្តាញចែកចាយ។
គួររំលឹកដែរថា កាលពីពេលថ្មីនេះ ក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ត្រូវបានរៀបចំឡើង រវាងឯកឧត្តម យា ប៊ុនណា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយលោក បណ្ឌិត ឆៃ អ៊ីងឡុង នាយកក្រុមហ៊ុនShanghai Mcro Purification Technology Co,Ltd នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្មដើម្បីពង្រឹងអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ផងដែរ៕
ដោយ៖ ស្រីពេជ្រ