លោក រីឆាត ប្រែនសុន៖ ចង់ឲ្យអាជីវកម្មជោគជ័យយូរអង្វែង អ្នកត្រូវផ្តោតលើរឿងទាំង ៣យ៉ាងនេះជាដាច់ខាត
អាជីវកម្មមួយចំនួនចង់ចំណេញច្រើនតែ មិនបានគិតថាធ្វើដូចម្តេចឲ្យចំណេញច្រើននោះទេ ផ្ទុយទៅវិញ គ្មានយុទ្ធសាស្រ្តណាមួយដើម្បីឲ្យបានយូរអង្វែង និងទទួលបានលទ្ធផលខ្ពស់។ ថ្ងៃនេះ Bizkhmer សូមបង្ហើប អំពីភាពជោគជ័យូរអង្វែងនៃ Virgin Group របស់ លោក រីឆាត ប្រែនសុន (Richard Branson) បន្តិចដល់មិត្តអ្នកអាន ដើម្បីជាចំណេះដឹងមុនចាប់ផ្ដើមជីវិតអាជីវកម្ម។
លោក រីឆាត ប្រែនសុន (Richard Branson) មានឈ្មោះពេញថា Richard Charles Nicholas Branson ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋី របស់ចក្រភពអង់គ្លេស ដែលមានទ្រព្យប្រមាណ ៤.១ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩។ លោក Richard បានបង្ហើបប្រាប់នូវគន្លឹះចំនួន ៣ សម្រាប់ម្ចាស់អាជីវកម្ម ដើម្បីយកទៅអនុវត្តន៍ក្នុងវិស័យជំនួញរបស់ខ្លួនឲ្យទទួលបាន លទ្ធផលខ្ពស់ និងជោគជ័យយូរអង្វែង៖
១. ចាប់ផ្តើមអាជីវកម្មត្រូវគិតពីកម្លាំងផ្ទៃក្នុង៖ លោក Richard លើកឡើងដូចនេះ គឺសំដៅទៅការយកចិត្តទុកដាក់ខ្ពស់លើបុគ្គលិក។ បុគ្គលិកជាកម្លាំងស្នូលក្នុងការរុញច្រានឲ្យស្ថាប័នរីកចម្រើន បើគ្មានបុគ្គលិកធ្វើការឲ្យយើងទេនោះ អាជីវកម្មនឹងត្រូវដួលបាស់ជើងជាមិនខាន ។ ដើម្បីភាពជោគជ័យ ម្ចាស់អាជីវកម្មខ្លួនឯងត្រូវព្យាយាមពង្រឹងកម្លាំងស្នូល ពោលគឺបុគ្គលិក ផ្ទៃក្នុងឲ្យបានរឹងមាំជាមុនសិន មុននឹងចាប់ផ្តើមវាយលុកទីផ្សារ។ អ្នកត្រូវចាំថាបុគ្គលិកគឺជាកត្តាលីករដែលជួយជំរុញភាពរីកចម្រើនរបស់ស្ថាប័នរបស់អ្នក។
២. អាជីវកម្មរស់បានយូរអាស្រ័យលើអតិថិជន៖ ព្រោះអ្នកដែលអាចធ្វើអាជីវកម្មយើងបន្តជីវិតទៅបានមានតែអតិថិជនទេ ក្រោយពីបុគ្គលិកយើងខ្លាំង មានភាពរឹងមាំហើយ ដល់ដំណាក់កាលមួយវាយលុកទីផ្សារហើយ ដើម្បីរកអតិថិជន មកប្រើប្រាស់សេវាកម្មឬផលិតផលរបស់អ្នក។ ដូច្នេះ អ្នកត្រូវព្យាយាមចាត់ទុកអតិថិជនដូចជាស្តេច ហើយគួរតែចំណាយពេលថែរក្សា និងយកចិត្តទុកដាក់ចំពោះពួកគេឲ្យច្រើនបំផុតទាក់ទាញយកអតិថិជនថ្មីបន្តទៀត។ បើអ្នកគ្មានអតិថិជនទេ អាជីវកម្មរបស់អ្នកមិនអាចរស់បានទេ ប្រាកដជាស្លាប់ជាមិនខាន។
៣. ដំណាក់កាលចាប់យកអ្នកវិនិយោគ៖ លោក Richard មានប្រសាសន៍ថា "ម្ចាស់អាជីវកម្មជាច្រើននាក់តែងតែគិតនូវចំណុចនេះ ហើយចង់ឲ្យមានដៃគូជាច្រើនមកវិនិយោគជាមួយ មិនមែនមានតែខ្ញុំទេ" លោកបន្តទៀតថា ប្រសិនបើ អាជីវកម្មរបស់អ្នកមើលទៅមិនសូវជាប្រសើរ បុគ្គលិកមិនរឹងមាំ ចំណូលតិច មិនសូវមានអតិជន នោះគ្មានវិយោគិនណាមកចង់ ដាក់ទុនរកស៊ីជាមួយអ្នកនោះទេ។ ដូច្នេះប្រសិនបើចង់ទាក់ទាញវិនិយោគិន មកឲ្យបានច្រើន អ្នកត្រូវគិតគូរពីចំណុច ២ ខាងលើជាមុនឲ្យបានច្បាស់លាស់សិន ទើបភាគរយនៃការវិនិយោគអាចកើតមានឡើង។
លោក Richard Branson៖ មូលហេតុដែលខ្ញុំចែករំលែកចំណុចទាំង៣ នេះ គឺមិនចង់ឲ្យ អ្នករកស៊ីមួយចំនួន ចេះតែរកស៊ីតាមអ្វីដែលខ្លួនគិតនោះទេ គ្រប់យ៉ាងត្រូវតែមានក្បួននិងនីតិវិធីធ្វើ ហើយកុំភ្លេច គិតអំពីក្រមសីលធម៌ផង៕