បុគ្គលិកលក្ខណៈទាំង ៥ យ៉ាងបង្ហាញពីភាពខុសគ្នារបស់មនុស្សម្នាក់ៗ
នៅក្នុងពិភពលោកយើងនេះមានមនុស្សជាច្រើន ហើយម្នាក់ៗមានបុគ្គលិកលក្ខណៈផ្សេងៗគ្នា។ តែទោះជាយ៉ាងណាគេបានបែងចែកប្រភេទបុគ្គលិកលក្ខណៈទាំងអស់ជាប្រាំផ្នែកធំៗ។ គេបានបង្កើតពាក្យកាត់នៃលក្ខណៈទាំងប្រាំនោះជា “OCEAN” ដើម្បីងាយស្រួលចងចាំ ។ ខាងក្រោមនេះគឺជាបុគ្គលិកលក្ខណៈទាំង ៥ របស់មនុស្សម្នាក់ៗ៖
១) បើកទូលាយ (Openness to Experience)៖ ជាប្រភេទមនុស្សដែលតែងតែព្យាយាមធ្វើឬសាកល្បងអ្វីថ្មីៗ។ គេក៏ជាប្រភេទមនុស្សដែលបើកទូលាយក្នុងការចែករំលែងបទពិសោធន៍របស់គេ។ ពួកគេជាមនុស្សដែលពោរពេញទៅដោយសិល្បៈ ចូលចិត្តចែករំលែកវប្បធម៌ ធ្វើដំណើរកំសាន្ត និងស្វែងរកភាពផ្សងព្រេងថ្មីៗសម្រាប់ជីវិត។
២) មនសិការ (Conscientiousness)៖ ជាប្រភេទមនុស្សដែលមានមនសិការ ជាមនុសុ្សមានការយល់ដឹងច្រើន។ អាចថាពួកគេជាមនុស្សដែលជួបនឹងផលវិបាកបន្តិចដោយសារពួកគេជាមនុស្សដែឡមានទំនួលខុសត្រូវខ្ពស់ទៅលើការងារដែលគេដាក់ឲ្យនោះយ៉ាងប្រុងប្រយ័ត្ន។ មនុស្សដែលមានមនសិការខ្ពស់តែងតែមានទំលាប់ ដាក់គោលដៅតម្រង់ទិសឥរិយាបថខ្លួនឯង។ ពួកគេកំណត់មហិច្ចតានិងជម្រុញ ខ្លួនឯងឲ្យធ្វើវាឲ្យបាន។
៣) រួសរាយមានទំនុកចិត្ត (Extraversion)៖ ជាប្រភេទមនុសុ្សដែលមានគំនិតវិជ្ជមាន មើលឃើញខ្លួនឯង អ្នកដទៃ និងអ្វីៗជុំវិញ ខ្លួនសុទ្ធតែវិជ្ជមាន។ ពួកគេចូលចិត្តជួបមនុស្សថ្មីៗ គេចូលចិត្តនិយាយលេងសើចច្រើន ចូលរួមជាមួយសកម្មភាពសង្គម។
៤) ផ្ដល់ភាពរីករាយ (Agreeableness)៖ ជាមនុសុ្សដែលពូកែសម្របជាមួយមនុស្សនៅជុំវិញខ្លួន ជាមនុស្សរួសរាយរាក់ទាក់។ គេជាមនុស្សដែលមានសមត្ថភាពធ្វើការជាមួយអ្នកដទៃដែលតែងតែជាសមាជិកដ៏ល្អនៅក្នុងក្រុម។ ពួកគេមិនចូលចិត្តពាក់ព័ន្ធជាមួយជំលោះទេ តែជាអ្នកដែលចូលចិត្តបង្កើតសន្តិភាពច្រើនជាង។ ជំនួសមកវិញពួកគេតែលើកទឹកចិត្តឲ្យអ្នកជុំវិញចេះឲ្យតម្លៃលើខ្លួនឯង ហើយកាត់បន្ថយនូវរឿងរាវដែលទាក់ទងនឹងបំពេញចិត្តអ្នកដទៃច្រើនពេក។
៥) អវិជ្ជមាន (Neuroticism)៖ ជាប្រភេទមនុស្សដែលមានភាពអវិជ្ជមានខ្លាំង គិតអវិជ្ជមានអ្នកដទៃ អ្វីដែលនៅជុំវិញខ្លួន មិនតែប៉ុណ្ណោះសូម្បីតែខ្លួនឯងក៏គាត់គិតអាក្រក់លើខ្លួនឯងដែរ។ ពួកគេមានភាពភ័យខ្លាចនិងភាពតានតឹងច្រើនក្នុងអារម្មណ៍។ គាត់គិតច្រើនពីនេះពីនោះជាជាងគិតរឿងដែលល្អ។ ពួកគាត់មិនសូវជាមានដំណោះស្រាយសម្រាប់បញ្ហាណាមួយឡើយ គាត់ចូលចិត្តចងផ្អោបខ្លួនទៅនឹងស្ត្រេសជារៀងរាល់ថ្ងៃ។ អារម្មណ៍ឆេវឆាវក៏តែងកើតមានជាញឹកញាប់ ។
ដោយ៖ ទីន ម៉ាទីយ៉ា