ក្រុមហ៊ុនចិនវិនិយោគនៅខេត្តកោះកុងនិងព្រះសីហនុក្នុងទឹកប្រាក់ជិត៦០០លានដុល្លារសាងសង់សណ្ឋាគារផ្កាយ៥​



ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនចិនចំនួនពីរគឺក្រុមហ៊ុន UNION DEVELOPMENT GROUP CO.,LTDនិងក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD វិនិយោគលើវិស័យសណ្ឋាគារផ្កាយ៥ថ្នាក់ផ្កាយ៥ នៅខេត្តកោះកុង និងព្រះសីហនុដោយទំហំទុនជិត៦០០លានដុល្លារអាមេរិក។ យោងតាមការផ្សាយតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី១៨កុម្ភៈបានឱ្យដឹងថា ក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ចំនួន៣០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨៨,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៥៩៨កន្លែង។ ចំណែកឯ ក្រុមហ៊ុន UNION CITY DEVELOPMENT GROUP CO.,LTD.”គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៨០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម តារាងវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត ចំណតកប៉ាល់ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំង វិនិយោគស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៥០០,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥.១៥០កន្លែង។   បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តម ឡៅ ទិព្វសីហា បានឲ្យដឹងថាការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៩នេះ នៅតែបង្ហាញសញ្ញាវិជ្ជមាន ខណៈគម្រោងធំៗក្នុងមួយចំនួន បាននឹងកំពុងមានវត្តមានជាបន្តបន្ទាប់ ហើយគម្រោងធំៗមួយចំនួនផ្សេងទៀត ក៏កំពុងស្ថិតក្នុងការត្រួតពិនិត្យ និងស្នើសុំអាជ្ញាប័ណ្ណសាងសង់ផងដែរ។ គួរបញ្ជាល់ដែរថា កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា ( CDC ) ក៏បាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្ដីពីការ វិនិយោគឱ្យកាន់តែមានភាពទាក់ទាញនិងប្រកួតប្រជែងខ្ពស់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងន័យទាក់ទាញការវិនិយោគពីក្រៅប្រទេសឲ្យបានច្រើន៕ ដោយ៖ ស្រីពេជ្រ
X
5s