មហាសេដ្ឋី Jack Ma និយាយ​ថា មាន​កំហុស​មួយ​នេះ​​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​​ថ្មីថ្មោង​​ស្លាប់​ទៅ​វិញ​​



លោក Jack Ma ដែល​គេ​ទទួល​ស្គាល់​ថា ជា​មហាសេដ្ឋី​ដ៏​អស្ចារ្យ​​ជាងគេ​បំផុត​ទី២​នៅ​លើ​ពិភពលោក​របស់​ទស្សនាវដី្ត Fortune និង​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​មួយ​រូប​របស់​ចិន​បាន​លើក​ឡើង​ពី​​កំហុស​មួយ​ដែល​​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​ដួល​រលំ​ទៅ​វិញ។

នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហុងកុង​កន្លង​​ទៅ ស្ថាបនិក​ក្រុមហ៊ុន Alibaba ​រូប​នេះ​បាន​​ផ្តល់​ដំបូន្មាន​ដល់​សហគ្រិន​​ថ្មីថ្មោង​ជា​ពិសេស​យុវជន​​ដែល​មាន​បំណង​ចង់​ចាប់​ផ្តើម​អាជីវកម្ម​ទាំងអស់​​​ថា កុំ​សាកល្បង​ជួល​បុគ្គលិក​កំពូលៗ​មក​ពី​ក្រុមហ៊ុន​ធំៗ​ឲ្យ​មក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក។ ​ធ្វើ​​ការងារ​ជា​ក្រុម​គឺ​កូនសោ​​ជោគជ័យ​នៅ​ក្នុង​ក្រុមហ៊ុន​ ​មហាសេដ្ឋី​វ័យ ៥៤ ឆ្នាំ​រូប​នេះ​បាន​​​ផ្តល់​យោបល់​​ដូច្នេះ​ថា៖« អ្នក​គួរ​បង្កើត​ក្រុម​ការងារ​មួយ​ដែល​មាន​មហិច្ឆតា​លើ​បេសកកម្ម​ក្រុមហ៊ុន​របស់​អ្នក​​ជាជាង​នាំ​យក​បុគ្គលិក​​ជំនាញ និង​ពូកែៗ​​​​មក​ធ្វើ​ការ​ឲ្យ​អ្នក។ កុំ​យក​ម៉ាស៊ីន​យន្តហោះ​ Boeing 747 មក​បំពាក់​​ក្នុង​ម៉ាស៊ីន​យន្តហោះ​តូច​មួយ​របស់​អ្នក។ វា​នឹង​បំផ្លាញ​អ្នក​ជា​មិន​ខាន​»។ នៅ​ទី​នេះ អ្វី​ដែល​លោក​ចង់​​​ពន្យល់​នោះ​គឺ​ថា អ្នក​គួរ​ស្វែង​រក​បុគ្គល​ណា​មួយ​ដែល​ស័ក្តិសម​នឹង​ក្រុមហ៊ុន​របស់​អ្នក។ ជា​បុគ្គលិក​ដែល​អាច​ធ្វើ​ការងារ​ជា​ក្រុម​តែមួយ និង​ជា​បុគ្គលិក​ដែល​​ដែល​មាន​ការ​​លះបង់​​ខ្ពស់​ដើម្បី​អ្នក និង​ភាព​រីកចម្រើន​របស់​​ក្រុមហ៊ុន​ទាំងមូល។ លោក​បាន​បន្ត​ថា៖« ធ្វើ​ការ​ជា​ក្រុម​តែមួយ ហើយ​បង្ហាត់​ពួកគេ បន្ទាប់​មក​ពួកគេ​​នឹង​អាច​ជួយ​បង្ហាត់​បង្រៀន​អ្នក​វិញ»។ លោក​បន្ត​ថា សូម្បី​តែ Alibaba បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៩៩ ក៏​លោក​មិន​បាន​ជួល​​អ្នក​ជំនាញ​សមត្ថភាព​ខ្ពស់​មក​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​របស់​លោក​ដែរ។ កាល​នោះ​លោក​មាន​ស្ថាបនិក​​រួម​​ដល់​ទៅ ១៨ រូប​​ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ដែល​អ្នក​ទាំង​នោះ​សុទ្ធសឹងតែ​មិត្តភក្ដិ​របស់​លោក​ដែល​មិន​​មាន​ជំនាញ​ និង​ចំណេះដឹង​ខាង​​​កុំព្យូទ័រ​នោះ​ឡើយ។ សហគ្រិនត្រូវតែ​​មាន​សុទិដ្ឋិនិយម​ជានិច្ច​ ដំបូន្មាន​ដ៏​មាន​តម្លៃ​មួយ​ទៀត​ដែល​លោក Jack Ma បាន​លើក​ឡើង​ដំណាល​គ្នា​នេះ​គឺ​លោក​​បាន​លើក​ឡើង​ពី​សារសំខាន់​នៃ​អត្តចរិត​របស់​សហគ្រិន​។ លោក​ថា អ្នក​គួរតែ​ជា​មនុស្ស​មាន​សុទិដ្ឋិនិយម ហើយ​ត្រូវតែ​មាន​សុទិដ្ឋិនិយម​ជានិច្ច។ «សហគ្រិន​ដ៏​អស្ចារ្យ​ម្នាក់​ត្រូវតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​ខាងមុខ ហើយ​សួរ​ថា​ តើ​បញ្ហា​អ្វី​​ខ្លះ​ដែល​អ្នក​អាច​ដោះស្រាយ​​បាន និង​​ថា តើ​អ្នក​ដំណោះស្រាយ​​​របស់​អ្នក​ខុស​ពី​អ្នកដទៃ និង​ល្អ​ជាង​អ្នកដទៃ​ដោយ​របៀបណា?។ មាន​បុគ្គលិក​ល្អ​ក្នុង​ក្រុមហ៊ុន មិនមែន​ផ្ដោត​តែ​លើ​ការ​ជ្រើសរើស​អ្នក​ពូកែ និង​អ្នក​ជំនាញ​មាន​សមត្ថភាព​ខ្ពស់​មក​ធ្វើ​ការ​នោះ​ទេ។ ហើយ​នេះ​ក៏​​ជា​​ដំណោះស្រាយ​មួយ​ដ៏​សំខាន់​ក្នុង​ក្រុមហ៊ុន​ដែរ»។ លោក​ Jack Ma បាន​បញ្ជាក់​បន្ថែម​៕

ប្រភព៖ Weforum

X
5s