ប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX ) ជួយពន្លឿនការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប
(ភ្នំពេញ)៖ ប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) នឹងជួយពន្លឿនការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ដោយសារប្រព័ន្ធនេះ មិនតម្រូវឱ្យមានការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) ឬឯកសារពាក់ព័ន្ធច្រើន ដែលអាចជួយសន្សំពេលវេលា និងថវិកាសម្រាប់វិស័យឯកជន។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្តម ពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី “ការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) និងការអនុវត្តលេខកូដ១០ខ្ទង់ នៃទំនិញអង្ករសម្រាប់នាំចេញទៅសហភាពអឺរ៉ុប (EU)” ដែលរៀបចំឡើង កាលពីចុងសប្ដាហ៍នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ឯកឧត្តម ពេជ ឬទ្ធី បានអះអាងប្រាប់សិក្ខាកាមថា ក្រៅពីជួយសម្រួលធុរកិច្ចវិស័យឯកជន REX System នឹងរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជាថែមទៀត។
ឯកឧត្តម ពេជ ឬទ្ធី មានប្រសាន៍បន្ថែមថា REX System ត្រូវបានដាក់ឱ្យអនុវត្តន៍ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩! បច្ចុប្បន្នតាមរយៈប្រព័ន្ធនេះ បានធ្វើឱ្យក្រុមហ៊ុននាំអង្ករកម្ពុជាចេញទៅសហភាពអឺរ៉ុប កាន់តែមានភាពងាយស្រួល និងចំណាយថវិកាកាន់តែតិច ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប។
នៅក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់សិក្ខាកាម ខិតខំស្តាប់ការពន្យល់របស់ជំនាញការជាតិ និងអន្តរជាតិ ទាក់ទងនីតិវិធីចុះឈ្មោះជាមួយ REX System និងការអនុវត្តលេខកូដ ១០ខ្ទង់ សម្រាប់អង្ករនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ឱ្យបានត្រឹមត្រូវ។ ឯកឧត្តម ក៏បានសំណូមពរផលិតករ និងពាណិជ្ជករទាំងអស់ ចូលរួមអនុវត្តន៍ REX System ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ដោយសមធម៌។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា ការបង្កើតអោយមានប្រព័ន្ធនេះ បានបង្កភាពងាយស្រួលដល់អ្នកនាំចេញអង្ករដោយមិនចាំបាច់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) ឬឯកសារពាក់ព័ន្ធច្រើន ដែលអាចជួយសន្សំពេលវេលា និងថវិកាសម្រាប់វិស័យឯកជន។
លោកបានបន្ថែមថា វាជារឿងល្អមួយសម្រាប់អ្នកនាំចេញអង្ករទៅទីផ្សារអឺរ៉ុបដោយអាចជួយក្នុងការកាត់បន្ថយថ្លៃដើមខ្លះ ហើយការប្រើប្រាស់ប្រព័ន្ធនេះគឺមិនអាចក្លែងបន្លំប្រភពទំនិញបានទេ ដោយមានបច្ចេកវិទ្យាក្នុងការសម្គាល់ប្រភពទំនិញ។
សូមបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដើម្បីផ្សព្វផ្សាយដល់ផលិតករ ពាណិជ្ជករ និងក្រុមហ៊ុននាំចេញអង្ករទៅសហភាពអឺរ៉ុប អំពីនីតិវិធីចុះបញ្ជីអ្នកនាំចេញ (REX System) និងអត្ថប្រយោជន៍ប្រព័ន្ធនេះ ព្រមទាំងការអនុវត្តលេខកូដចំនួន ១០ខ្ទង់ នៃទំនិញអង្ករសម្រាប់នាំចេញទៅទីផ្សារ EU នាពេលខាងមុខ៕
ដោយ៖ ស្រីពេជ្រ