កូរ៉េខាងជើងចង់រៀនសូត្រពីកំណែទម្រង់សេដ្ឋកិច្ចរបស់វៀតណាម
កាលពីឆ្នាំថ្មីៗទៅនេះ កូរ៉េខាងជើងកំពុងតែរៀបចំកំណែទម្រង់សេដ្ឋកិច្ចរបស់ពួកគេមួយចំនួនដើម្បីធ្វើឲ្យកូរ៉េខាងជើងកាន់តែមានការអភិវឌ្ឍជាងមុន។ សព្វថ្ងៃកូរ៉េខាងជើងមានក្រុមហ៊ុនឯកជនជាង ៤០០ ក្រុមហ៊ុន ដែលបានបង្កើតឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលជាតំបន់សម្រាប់ទទួលកាវិនិយោគពីវិនិយោគិនបរទេសរបស់ខ្លួន។
មានការលេចឮមកថាលោកគីម ជុងអ៊ុននឹងធ្វើដំណើរមកកាន់ប្រទេសវៀតណាមមុនថ្ងៃប្រជុំនៅវៀតណាម ដើម្បីមកធ្វើទស្សនះកិច្ចរោងឧស្សាហកម្មមួយចំនួន និងកំពង់ផែហៃផនរបស់វៀតណាម។ ការធ្វើទស្សនៈកិច្ចទៅកាន់រោងចក្រឧស្សាហកម្មនៅក្នុងប្រទេសវៀតណាមរបស់មេដឹកនាំមួយកុម្មុនីសរូបនេះ គឺចង់សិក្សាពីការអភិវឌ្ឍ និងការធ្វើកំណែរទម្រង់ផ្សេងៗរបស់វៀតណាមផងដែរ។
តើកំណែទម្រង់នយោបាយសេដ្ឋកិច្ចរបស់វៀតណាមមានលក្ខណៈពិសេសយ៉ាងណា ទើបធ្វើឲ្យមេដឹកនាំកូរ៉េខាងជើងចាប់ចិត្ត ចាប់អារម្មណ៍?
កំណែរទម្រង់នយោបាយសេដ្ឋកិច្ចរបស់វៀតណាមដែលហៅថា កំណែទម្រង់ដូយមើយ (Doi Moi) ដែលបកប្រែមកថា “ធ្វើឱ្យមាន ការផ្លាស់ប្តូរ” បានធ្វើឲ្យប្រទេសវៀតណាមស្គាល់ភាពរីកចម្រើន ហើយប្រែក្លាយខ្លួនទៅជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយក្នុងតំបន់និងពិភពលោក។ វៀតណាមបានធ្វើរឿងមួយដែលស្មានមិនដល់ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងប្រទេសវៀតណាមបានកើនឡើងជាង ៧ភាគរយកាលពីឆ្នាំមុន និង ចំណូលក្នុងស្រុកសរុបមួយឯកតា (GDP Per Capita) មិនដល់ $១០០ផង មកជាប្រទេសប្រទេសដែលមានចំនូលដល់ទៅ $២,៣៤៣ (តាមការប៉ានស្មានពីធនាគារពិភពលោកនៅក្នុងឆ្នាំ២០១៧)
កំណែរទម្រង់ដូយមើយ (Doi Moi) របស់វៀតណាមគឺផ្ដោតយ៉ាងពិសេសទៅលើការបង្កើនផលិតផលក្នុងស្រុក និងការកំណត់នូវតម្លៃតម្លៃជាក់លាក់មួយសម្រាប់ផលិតផលទាំងអស់ដែលបានផលិតក្នុងស្រុក និងបើកឱកាសដល់វិនិយោគិនបរទេសដែលមានបំណងចង់ធ្វើការវិនិយោគក្នុងប្រទេសវៀតណាម។
ប្រទេសវៀតណាមធ្លាប់ជាប្រទេសមួយសម្បូរដោយក្រុមហ៊ុនរដ្ឋហើយសឹងតែគ្មានក្រុមហ៊ុនឯកជនមួយឡើងក្នុងប្រទេសកម្មុយនីសមួយនេះ ប៉ុន្ដែសព្វថ្ងៃនេះវៀតណាមគឺជាប្រទេសដែលពោរពេញទៅដោយក្រុមហ៊ុនឯកជនសឹងតែគ្រប់ទីកន្លែងដែលមានក្រុមហ៊ុនចន្លោះចាប់ពី៤៤០០០០ក្រុមហ៊ុន ទៅ ៦០ម៉ឺនក្រុមហ៊ុនឯណោះ។
កំណែទម្រង់ដូយមើយ គឺជាកំណែរទម្រង់មួយដែលបើកសិទ្ធឲ្យប្រជាជនមានអំណាចក្នុងការលើកឡើងអំពីបញ្ហាប្រទេសជាតិនិងមានសិទ្ធក្នុងលើកនូវចំណុចកែលម្អរណាមួយប្រទេសជាតិពួកគេ ដើម្បីផ្ដល់ឱកាសសម្រាប់ប្រជាជនវៀតណាមអាចទទួលបាននូវការរស់នូវមួយដ៏ល្អ និងដើម្បីជួយពង្រីកអាជីវកម្ម ឬ មុខជំនួញរបស់ពួកគេឲ្យកាន់តែរលូន និង មានលក្ខណៈជាសកល។ មួយវិញទៀតសព្វថ្ងៃរដ្ឋាភិបាល និង មេដឹកនាំនៅក្នុងប្រទេសវៀតណាមយកចិត្តទុកដាក់ក្នុងការស្ដាប់មតិយោបល់ និង ទុក្ខធុរពីប្រជាជនវៀតណាមប្រកបដោយការផ្ដល់នូវទំនុកចិត្តនិងការទទួលខុសត្រូវខ្ពស់បំផុតតាមមុខងាររបស់ពួកគេ។
ប្រហែលជាមើលឃើញការរីកចម្រើនបែបនេះហើយ បានជាប្រទេសដែលធ្លាប់តែឯកោ និងជាបងធំអាវុធនុយក្លេអ៊ែមួយនេះ យកគំរូតាមប្រទេសកម្មុនីសវៀតណាម។
គួរបញ្ចាក់ផងដែរថា មេដឹកនាំប្រទេសកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងដូណាល់ត្រាំ នឹងរៀបចំជំនួបប្រជុំលើកទីពីរនៅក្នុងទីក្រុងហាណូយ នៅថ្ងៃទី ២៧-២៨ ខែកុម្ភៈឆ្នាំ២០១៩ខាងមុខនេះ៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ scmp