សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន វៀតណាមកំពុងសំងំប្រមូលផលសេដ្ឋកិច្ច​



លោក Pham Hong Hai នាយកប្រតិបត្តិ HSBC បានឲ្យដឹងថា ប្រទេសវៀតណាមគឺជាប្រទេសដែលឈរនៅលើជួរគេបង្អស់ដែលអាចនឹងទទួលបានមហាលាភយ៉ាងធំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក។ ជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះនឹងជំរុញឲ្យប្រទេសវៀតណាមឲ្យអាចបង្កើនការប្រកួតប្រជែងលើវិស័យឧស្សាហ៍កម្មកាន់តែខ្លាំងបន្ថែមទៀត។ តាមរយៈការវិនិច្ឆ័យរបស់ស្ថាប័នស្រាវជ្រាវសកល (HSBC Global Research) បានបកស្រាយថា បើសិនជាសេដ្ឋកិច្ចអាស៊ានអាចទាញយកការនាំចេញរបស់ប្រទេសចិនទៅអាមេរិកបានជាង ១ ភាគរយឬទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិនជាង ១ ភាគរយនោះផលិតផលសរុបក្នុងស្រុក (GDP) នៃតំបន់ដែលមានប្រទេសចំនួន១០មួយនេះនឹងមានការកើនឡើងជាក់ជាមិនខាន។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺប្រទេសវៀតណាមត្រូវបានគេចាត់ទុកជាប្រទេសដែលនឹងមានសន្ទុះ GDP ខ្ពស់ជាងគេដល់ទៅជាង ១.២ ភាគរយ។ លោក Hai បានបន្តទៀតថា នេះជាឱកាសដ៏ល្អចំពោះប្រទេសវៀតណាមដែលអាចទាញយកឱកាសនេះមកធ្វើយុទ្ធសាស្ត្រទីផ្សារដើម្បីពង្រីកពាណិជ្ជកម្មរបស់ខ្លួនទៅតំបន់ផ្សេងៗនៅអាស៊ាន។ ម្យ៉ាងទៀត ការគំរាមកំហែងពីបញ្ហាម៉ាក្រូសេដ្ឋកិច្ចដែលបានធ្វើឲ្យមានភាពអន់ថយដល់ការអភិវឌ្ឍជាសកល គឺជាសញ្ញាដែលតំបន់អាស៊ានគួរយកចិត្តទុកដាក់ក្នុងការផ្លាស់ប្ដូរការធ្វើយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនឲ្យបានល្អជាងមុននៅក្នុងឆ្នាំ ២០១៩ នេះ។ ទោះបីជាមានផលប៉ះពាល់ខ្លះក៏ដោយ តំបន់ប៉ូលមេដែកឆក់ប្រទេសមហាអំណាចមួយនេះនៅតែជាតំបន់ដែលមានក្ដីសង្ឃឹមនឹងមានភាពបើកចំហជាងគេលើពិភពលោកដែលនៅក្នុងឆ្នាំ ២០១៩ នេះនឹងមានឱកាសអាចធ្វើការកំណែទម្រង់និងងបន្តពង្រឹងការបើកចំហដើម្បីទទួលបានផលប្រយោជន៍នាពេលខាងមុខ។ សេដ្ឋកិច្ចអាស៊ានអាចទប់ទល់នឹងការធ្លាក់ចុះនៃសកម្មភាពពាណិជ្ជកម្មបើសិនជាលំហូរនៃផលិតផលផ្លាស់ប្ដូរទិសដៅពីប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសកូរ៉េ ទៅតំបន់អាស៊ីអាគ្នេយ៍វិញ។ ប៉ុន្តែការផ្លាស់ប្ដូរនេះអាចនឹងរីករាលដាលពេលដែលមានការពង្រឹងលើលំហូរនៃទំនិញនិងសេវាកម្មដែលបានហូរឆ្លងកាត់តំបន់អាស៊ាន។ ដោយសារតែប្រទេសវៀតណាមមានគោលជំហូរល្អនិងមានសេដ្ឋកិច្ចមានលក្ខណៈបើកចំហ បានធ្វើឲ្យប្រទេសកុំម្មុនីសមួយនេះប្រៀបដូចជាមេដែកដែលទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេស។ យោងតាមក្រសួងផែនការនិងវិនិយោគបានឲ្យដឹងថា ទិន្នន័យការវិនិយោគបរទេសក្នុងប្រទេសវៀតណាមបានកើនដល់ ៣៥.៤៦ ពាន់លានដុល្លារអាមេរិក (ប៊ីលាន) ដែលជាការកើនឡើងយ៉ាងខ្លាំងជាង ៩.១ ភាគរយហើយចំនួនទឹកប្រាក់កើនឡើងគឺ ១៩.១ ពាន់លានដុល្លារអាមេរិក (ប៊ីលាន)។ លោក Hai ក៍បានបន្តទៀតថា ដើម្បីរក្សានិរន្តភាពក្នុងតំបន់អាស៊ាន តំបន់នេះគួរតែយកចិត្តទុកដាក់លើការអភិវឌ្ឍក្របខណ្ឌច្បាប់និងស្តង់ដារក្នុងតំបន់នេះដែលជួយជំរុញឲ្យមានប្រសិទ្ធភាពនៃតម្លៃទីផ្សារនិងទាក់ទាញការវិនិយោគទុនពីស្ថាប័នអាជីវកម្មផ្សេងៗ។ លើសពីនេះទៅទៀត វាពិតជាសំខាន់ណាស់ក្នុងការសហការចាប់ដៃគូជាមួយប្រទេសចិន សហរដ្ឋអាមេរិក អ៊ឺរ៉ុប និងប្រទេសជប៉ុនដែលបានយកចិត្តទុដាក់ជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍លើវិធានការអភិវឌ្ឍនិរន្តរភាពក្នុងតំបន់នេះ។ ការសហការជាមួយប្រទេសទាំងនេះអាចនាំឲ្យមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធដែលនឹងមានការកើនឡើងនៃតម្រូវការទីផ្សារក៍ដូចជាបំណុលប្រកបដោយចីរភាព។ ជាការពិតណាស់ ការដែលចូលរួមសហការជាមួយនឹងការពង្រីកទីផ្សារក្នុងតំបន់មួយនេះនឹងនាំមកនូវវឌ្ឍនភាពជាហូរហែរ។ អាជីវកម្មជាច្រើននឹងមានការីកមាឌដែលជំរុញឲ្យមានការកើនឡើងនៃការវិនិយោគលក្ខណៈជាអន្តរជាតិនិងរក្សានិរន្តរភាពក្នុងពេលខាងអនាគត។ ដូចនេះពេលដែលមានកំណែទម្រង់ ការរួមបញ្ចូល និងការបើកចំហនៃសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០១៩ នេះគឺជួយឲ្យតំបន់ទាំងនោះអាចទាក់ទាញអ្នកបោះទុន និងការពារខ្លួនពីព្រឹត្តិការណ៍សកលដែលនឹងកើតមានឡើងក្នុងពេលខាងមុខ។ ហើយឃ្លាចុងបញ្ចប់របស់លោក Hai គឺលោកបាននិយាយថា វៀតណាមបានកើបយកផលប្រយោជន៍យ៉ាងច្រើនមហាសាលដែលបានធ្វើឲ្យប្រទេសនេះមានសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេក្នុងតំបន់នេះ ហើយប្រទេសនេះត្រូវតែរក្សាឱកាសដ៏ល្អបែបនេះដើម្បីបន្តពង្រីកដៃគូសហការក្នុងតំបន់ព្រមទាំងក្ដោបក្ដាប់ឱកាសនេះឲ្យជាប់៕ ដោយ៖ នឿន​ វណ្ណៈ
X
5s