ស្ថាបនិក​ក្រុមហ៊ុន​ទេសចរណ៍ ​MSK Travel ប្រាប់​​គន្លឹះ​ ២​ចំណុច​ជួយ​ឲ្យ​អាជីវកម្ម​ដំបូង​ឆាប់​មាន​គេ​ស្គាល់​ច្រើន​



ក្រុមហ៊ុន​ MSK Travel ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ដែល​មាន​ជំនាញ​ផ្នែក​សេវាកម្ម​ទេសចរណ៍​និង​បាន​ដំណើរ​ការ​រយៈ​ពេល​ជិត​២០​ឆ្នាំមក​​ហើយ។ លោក សុខ ឃាង ស្ថាបនិក​នៃ​ក្រុមហ៊ុន​ទេសចរណ៍​មួយ​នេះ​បាន​លើក​ឡើង​ថា ការ​ធ្វើ​អាជីវកម្ម​គឺ​ដូច​គ្នា​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​យើង​ត្រូវ​ដឹង ​ថា​តើ​យើង​អាច​ជួយ​ដល់​អតិថិជន​យើង​បាន​កម្រិត​ណា​ បើ​យើង​អាច​ជួយ​ដល់​អតិថិជន​របស់​យើង​បាន​កាន់​តែ​ច្រើន​ នោះ​ទើប​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​យើង​ឆាប់​រីក​ចម្រើន​។

ស្ថាបនិក​រូប​នេះ​បាន​លើក​ឡើង​បន្ត​ថា​ប្រសិន​បើ​យើង​ចង់​ឲ្យ​អាជីវកម្ម​ឆាប់​ទទួល​បាន​ការ​គាំទ្រ ឬ​ឆាប់​មាន​គេ​ស្គាល់​ច្រើន​គឺ​ចំណុច​សំខាន់​ទីមួយ​ យើង​ត្រូវ​ស្គាល់​ខ្លួន​យើង​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន យើង​ត្រូវ​ដឹង​ថា​តើ​យើង​មាន​អ្វី​ដែល​ល្អ​មាន​អ្វី​ដែល​ប្លែក ឬ​មាន​អ្វី​ដែល​ពិសេស​ និង​ព្រម​ទាំង​ត្រូវ​ស្គាល់​ពី​សេវាកម្ម​របស់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ នោះ​ទើប​យើង​អាច​រីក​ចម្រើន​បាន​យ៉ាង​ពិត​ប្រាកដ។

មួយ​វិញ​ទៀត​ចំពោះ​គន្លឹះ​ចែក​រំលែក​ទីពីរ ​លោក​ សុខ ឃាង បាន​លើក​ឡើង​បន្ត​ថា​ បន្ទាប់​ពី​បាន​ស្គាល់​ច្បាស់​អំពី​ផលិតផល​ឬ​សេវាកម្ម​ខ្លួន​ឯង​ហើយ​ យើង​ត្រូវ​យក​អ្វី​ដែល​ពិសេស​អ្វី​ដែល​ប្លែក​ដែល​អាច​ជួយ​អតិថិជន​បាន​ យក​ទៅ​ផ្សព្វផ្សាយ​ដល់​ពួក​គាត់​ដើម្បី​ឲ្យ​ពួក​គាត់​ដឹង​ពួក​គាត់​ស្គាល់​កាន់​តែ​ច្រើន នៅ​ពេល​ដែល​ពួក​គាត់​បាន​ស្គាល់​យើង​កាន់​តែ​ច្រើន​នោះ​នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​យើង​ទទួល​បាន​ជោគជ័យ​កាន់​តែ​ធំ។

បន្ថែម​ពី​លើ​ចំណុច​ចែករំលែកសំខាន់ៗ​ទាំង​ពីរ​ខាង​លើ ស្ថាបនិក​ក្រុមហ៊ុន​រូប​នេះ​បាន​ប្រាប់​ពី​យុទ្ធសាស្រ្ត​មួយ​ទៀត​ដែល​ក្រុមហ៊ុន​MSK ​អនុវត្ត​ដើម្បី​ឲ្យ​ក្រុមហ៊ុន​អាច​ប្រកួត​ប្រជែង​ទីផ្សារ​បាន​គឺ​ ការ​ព្យាយាម​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​អតិថិជន​ ពោល​គឺ​ធ្វើ​ម៉េច​ឲ្យ​ពួកគាត់​ទទួល​បាន​អ្វី​ដែល​គាត់​ចង់​បាន​ ដូច​ជា​ភាព​រីក​រាយ​ក្នុង​ការ​ដើរ​កំសាន្ត​ ដូច្នេះ​នៅ​ពេល​ដែល​ពួក​គាត់​ទទួល​បាន​អ្វី​ដែល​គាត់​ពេញ​ចិត្ត​ហើយ​ នោះ​នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​យើង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ៕

អត្ថបទ៖ ជួប ស្រីរ័ត្ន

X
5s