ចិនត្រួតពិនិត្យមូលបត្របំណុលសាជីវកម្មដើម្បីការពារហានិភ័យ
ចិនបានធ្វើអធិការកិច្ចលើមូលបត្របំណុល ឬសញ្ញាប័ណ្ណសាជីវកម្មនៅក្នុងទីផ្សារទូទាំងប្រទេស រួមទាំងបំណុលនិងលក្ខខណ្ឌនៃអ្នកបោះផ្សាយ នេះបើយោងតាមការចេញផ្សាយដោយគណៈកម្មារកំណែទម្រង់និងអភិវឌ្ឍន៍ជាតិ (NDRC) ដែលជាអ្នកត្រួតត្រាធានាមូលបត្របំណុល នៃសហគ្រាសធំៗរបស់រដ្ឋបានឲ្យដឹង កាលពីថ្ងៃអង្គារ ទី១២ កុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។
ដើម្បីចៀសវាងហានិភ័យគណៈកម្មារកំណែទម្រង់និងអភិវឌ្ឍន៍ជាតិ (NDRC) ក្នុងតំបន់នឹងអនុវត្តការការពារជាទូទៅលើមូលបត្របំណុលសាជីវកម្មក្នុងការកំណត់រួមមាន ចំនួនទំហំនៃបំណុល ការប្រើប្រាស់ប្រាក់ចំណេញ ដំណើរការគម្រោងមូលនិធិ និងលក្ខខណ្ឌកម្ចីទ្រព្យសកម្មជាដើម។
ទីក្រុងប៉េកាំងបានចាប់ផ្តើមដំណើរការឃោសនាផ្សព្វផ្សាយតាំងពីឆ្នាំមុនដើម្បីកាត់បន្ថយបំណុល និងចៀសវាងហានិភ័យជាប្រព័ន្ធ ប៉ុន្តែវាក៏ហាក់ដូចជាកំពុងព្យាយាមគាំទ្រក្រុមហ៊ុនឯកជនដែលកំពុងស្ថិតនៅក្រោមសម្ពាធហិរញ្ញវត្ថុ (Financial Pressure)។ ការការពារនិងកម្ចាត់ហានិភ័យហិរញ្ញវត្ថុបានចាត់ទុកថាជាកិច្ចការដ៏ចំបងមួយសម្រាប់ប្រទេសចិនក្នុងឆ្នាំបន្ទាប់។
របាយការណ៍ពីសារព័ត៌មាន Bloomberg ក្នុងខែធ្នូ ២០១៨ មានបញ្ជាក់ថា មានទំហំទឹកប្រាក់សរុបប្រមាណ ៣,៥ លានលានយ័ន (៥១៧,៤ ពាន់លានដុល្លារអាមេរិក) នៃមូលបត្រក្រុមហ៊ុនលក់ផលិតផល (Bond of Non-Financial Company) នឹងកាលកំណត់បង់ប្រាក់ (Maturity) នៅក្នុងឆ្នាំ ២០១៩ នេះ៕
ដោយ÷ ទីន ម៉ាទីយ៉ា
ប្រភព÷ CGTN