បើស្ថានភាពមេកំពុងតែខឹង តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីប្រឈមមុខកុំឲ្យត្រូវមាត់?
តាមពិតទៅ មិនថាមេឬកូនចៅឡើយ តែថ្ងៃណាមួយធ្វើអីមិនបានជោគជ័យតែងមានអារម្មណ៍ខឹងសម្បារដាក់គេដាក់ឯងហើយ។ តែយ៉ាងណាក៏ដោយមេគឺនៅតែជាមេ។ ដូច្នេះហើយពេលគាត់មួម៉ៅមានអារម្មណ៍ មិនល្អ តើអ្នកគួរធ្វើដូចម្ដេចកុំឲ្យត្រូវមាត់គាត់ថែមពីលើនឹងទៀត?
១) ត្រូវស្ដាប់គាត់៖ ការស្ដាប់គឺវាពិបាកណាស់ ជាពិសេសពេលដែលមេរបស់អ្នក កំពុងតែស្រែកខ្លាំង ៗ សម្លុត។ បុគ្គលិកមួយចំនួនប្រហែលជាទប់មិនជាប់ឡើយ ពេលមេសម្លុត អ្នកខ្លះក៏តមាត់តវិញថែមទៀត តែជម្រើសដ៏ល្អនោះ គឺនៅស្ងៀមហើយប្រឹងស្ដាប់វិញ។
២) ត្រូវទទួលស្គាល់៖ ត្រូវឲ្យគាត់ដឹងថា យើងពិតជាដឹងថាគាត់កំពុងមួម៉ៅនិងអារម្មណ៍មិនល្អហើយ។ ដូចនេះ អ្នកត្រូវទទួលស្គាល់ ហើយកុំចាប់ទោសពៃពីគាត់តទៅទៀត។
៣) ថាតាមគាត់៖ ពេលដែលគាត់បានស្ដីបន្ទោសអ្វីមកអ្នក ហើយនោះ ត្រូវតបតពាក្យដែលគាត់បាននិយាយទៅកាន់គាត់វិញ ដើម្បីជាសញ្ញាបង្ហាញថាអ្នកបានស្ដាប់គាត់យល់ហើយ។ តែមិនបាច់ ថាតាមពាក្យណាដែលអាក្រក់ៗនាំមួម៉ៅនោះទេ ព្រោះអាចធ្វើឲ្យគាត់មិនពេញចិត្តថែមពីលើនឹងទៀត។
៤) សូមទោស៖ បើសិនអ្នកបានបង្ករជាកំហុសទៅលើគាត់ អ្នកគួរតែមិនខ្លាចក្នុងការសូមទោសគាត់ឡើយ។ ទោះបីអ្នកមើលមិនឃើញពីកំហុសដែលអ្នកបានធ្វើក៏ដោយ តែក្នុងភ្នែករបស់ថៅកែអ្នកគឺវាខុសបាត់ទៅហើយ។
៥) សួរនាំ៖ ពីមួយជំហានទៅមួយជំហាន អ្នកគួរសួរមេរបស់អ្នកថា តើត្រូវធ្វើយ៉ាង ណាដើម្បីឲ្យអ្វីៗ កាន់តែល្អវិញ? បើសិនជាមេរបស់អ្នក និយាយថាគ្មានផ្លូវសម្រាប់ដើរទៀតទេនោះ អ្នកគួរផ្ដល់ជាដំណោះស្រាយណាមួយដែលសមស្របទៅកាន់គាត់វិញក៏ល្អម្យ៉ាងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ civilitypartners