សាកលវិទ្យាល័យ Harvard រកឃើញថា ជីវិតអ្នកនឹងរីករាយជាងបើអ្នកមានពេលសប្បាយច្រើនជាងផ្ដោតរកលុយ
ឧបមាថា គេឲ្យជម្រើស២ដល់អ្នកដើម្បីធ្វើយ៉ាងណាឲ្យអាជីពការងាររបស់អ្នករីកចម្រើនទៅមុខ។ ជម្រើសទី១ អ្នកត្រូវទទួលខុសត្រូវលើគម្រោងការងារធំដ៏ស្មុគស្មាញមួយដែលតម្រូវឲ្យអ្នកប្រើពេលយូរខ្លាំងណាស់ ប៉ុន្តែបានលុយច្រើនមកវិញ។ រីឯជម្រើសទី២ អ្នកមានគម្រោងការងារតូចមួយមិនស្មុគស្មាញ ហើយបានលុយតិច ប៉ុន្តែមានពេលច្រើនដើម្បីធ្វើកិច្ចការផ្សេងទៀត? រវាងជម្រើសទាំងពីរនេះ តើអ្នកសម្រេចជ្រើសរើសមួយណា?
សម្រាប់មនុស្សភាគច្រើនប្រាកដជាជ្រើសរើសជម្រើសទី១ហើយ ព្រោះវាមិនត្រឹមតែជាការងារសំខាន់ទេថែមទាំងរកប្រាក់ចំណូលបានច្រើនទៀតផង។ ការងារបែបនេះទើបហៅថាជោគជ័យ មែនទេ? អ្នកអាចគិតថា មនុស្សយើងគួរតែខំធ្វើការឲ្យបានច្រើន ហើយទិញប័ណ្ណធានារ៉ាប់រងសុខភាព និងរបស់ទំនើបៗដើម្បីមើលទៅឲ្យជីវិតរបស់យើងរីករាយ។ ប៉ុន្តែអ្នកនឹងខកចិត្តប្រសិនបើអ្នកបានដឹងពីការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Harvard ដែលយល់ថា អ្នកដែលសម្រេចចិត្តបែបនេះគឺជាការយល់ខុសទៅវិញ។
ដើម្បីឲ្យជីវិតកាន់តែរីករាយ អ្នកត្រូវការពេលវេលាសប្បាយរីករាយឲ្យបានច្រើន មិនមែនគិតតែរឿងរកលុយនោះទេ យោងតាមលទ្ធផលស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard ដែលធ្វើឡើងទៅលើមនុស្ស ១ សែនអ្នកបានបង្ហាញថា មនុស្សដែលធ្វើការតិចម៉ោងជាងមនុស្សទូទៅហើយយកពេលទាំងនោះទៅបង្កើនការទំនាក់ទំនង ធ្វើអ្វីដែលខ្លួនស្រលាញ់ បង្កើតភាពរីករាយកាន់តែច្រើន បានធ្វើឲ្យជីវិតរបស់ពួកគេពោរពេញទៅដោយភាពរីករាយជាងមនុស្សផ្តោតតែរឿងរកលុយ ។ ការស្រាវជ្រាវនេះបានបញ្ជាក់ទៀតថា ថ្វីត្បិតតែលទ្ធផលបានបង្ហាញរួចទៅ ហើយក្តី ក៏ប៉ុន្តែការអនុវត្តតាមវិធីនេះវាមិនមែនជារឿងមួយងាយស្រួលនោះឡើយ។ សាកលវិទ្យាល័យនេះបានលើកហេតុផលថា វាមិនងាយស្រួលដោយសារតែមនុស្សម្នាក់ៗកើតមកងប់ងុលតែ រឿងលុយកាក់នៅក្នុងផ្នត់គំនិតនៃឆាកជីវិតរបស់ពួកគេ ហើយវាមិនមែនជារឿងចម្លែកនោះទេដែលពួកគេចាត់ទុកថា បើមានទ្រព្យសម្បត្តិស្តុកស្តម្ភគឺមានន័យថា ជីវិតរបស់ពួកគេជោគជ័យ។
លោកស្រីសាស្ត្រាចារ្យ Ashley Whillans ដែលទទួលបន្ទុកលើការស្រាវជ្រាវនេះបានលើកឡើងថា លោកស្រីពិតជាទទួលស្គាល់ថា ការរស់នៅក្នុងបរិបទសម័យទំនើប មនុស្សម្នាក់ៗចំណាយកាន់តែច្រើន និងអ្វីៗកាន់តែថ្លៃរាប់ទាំងថ្លៃផ្ទះ ការអប់រំ សុខភាព ម្ហូបអាហារជាដើម ហើយថា ការដែលមិនខ្វាយខ្វល់រឿងលុយកាក់ វាគឺជារឿងដែលមិនអាចទទួលយកបាន។ ជាពិសេសជាងនេះទៅទៀត មនុស្សម្នាក់ៗតែងតែយល់ថា មានលុយកាន់តែច្រើន បញ្ហាតឹងតែងផ្លូវចិត្តនឹងត្រូវបានកាត់បន្ថយ ហើយជីវិតមានភាពរីករាយ។ ហេតុដូច្នេះការដែលអ្នកបោះបង់ការងារនៅការិយាល័យចោលហើយងាកមកធ្វើជាជាងឈឺ ហើយរស់នៅក្នុងជីវិតមានលុយចាយតិចជាងមុន គឺជារឿងមិនអាចទៅរួច។ អ្នកប្រហែលក៏មិនឆោតទៅប្រាប់ថៅកែរបស់អ្នកឲ្យកាត់បន្ថយការងារ ៨ ម៉ោងក្នុងមួយថ្ងៃមកត្រឹម ៦ ម៉ោងក្នុងមួយថ្ងៃ ហើយសុខចិត្តកាត់ប្រាក់ខែដើម្បីយកពេលទៅធ្វើរឿងសប្បាយៗជាងនេះនោះដែរ។ បើអ្នកជាសហគ្រិនវិញ រឿងនេះគឺកាន់តែមិនអាចទៅរួច។
ដូច្នេះតើអ្នកអាចបែងចែកពេលវេលាកាន់តែច្រើនដើម្បីផ្ដោតលើការបង្កើតភាពសប្បាយរីករាយជាងលុយកាក់របស់អ្នកយ៉ាងដូចម្តេចទៅ? លោកស្រីសាស្ត្រាចារ្យ Ashley Whillans បានបង្ហាញពីគន្លឹះ៥ ខាងក្រោមនេះដែលអ្នកគួរអនុវត្តតាម៖
១.ប្រើពេលទំនេរខ្លីៗឲ្យមានប្រយោជន៍
ប្រសិនបើអ្នកមានពេលទំនេរ១០ ទៅ ២០ នាទីនៅក្នុងចន្លោះម៉ោងការងារ អ្នកប្រហែលជាអាចយកពេលទាំងនេះទៅបើកមើលបណ្ដាញសង្គម ឬមើលព័ត៌មាននានា។ ប៉ុន្តែពេលវេលាតិចតួចទាំងនេះអាចនាំមកនូវសុភមង្គលច្រើនជាងអ្វីដែលអ្នករំពឹងទុកប្រសិនបើអ្នកប្រើវាឲ្យមានប្រសិទ្ធភាព។ ដូចនេះអ្វីដែលអ្នកគួរធ្វើ គឺត្រូវយកពេលទាំងនេះធ្វើអ្វីមួយដូចជាទំនាក់ទំនងមិត្តរួមការងារ មិត្តភក្ដិស្ថិតស្នាល ឬ ធ្វើកិច្ចការផ្សេងៗទៀត។
២.រៀបគម្រោងត្រូវធ្វើនៅពេលអ្នកទំនេរ
អ្នកនឹងមានអារម្មណ៍ល្អនៅពេលអ្នកមានពេលទំនេរសម្រាកពីការងារ។ ប៉ុន្តែអ្នកនឹងសប្បាយចិត្តជាងនេះប្រសិនបើអ្នករៀបគម្រោងអ្វីមួយដែលត្រូវធ្វើឲ្យបានមុននៅពេល ពេលទំនេរនោះមកដល់។ អ្នកមិនគួរទុកពេលឲ្យនៅទំនេរ ហើយមិនធ្វើអ្វីមួយដែលធ្វើឲ្យអ្នកសប្បាយជាងនេះនោះឡើយ។
៣.ទទួលទានអាហារដែលអ្នកចូលចិត្ត
អ្នកមិនគួរមើលស្រាលពេលវេលាទទួលទានអាហាររបស់អ្នកនោះឡើយ។ ការស្រាវជ្រាវខាងលើបានបង្ហាញថា ខណៈដែលមនុស្សធាត់ខ្លះព្យាយាមតបអាហារទាំងបង្ខំចិត្ត ការចំណាយពេលទទួលទានអាហារដែលអ្នកចូលចិត្តក៏ធ្វើឲ្យអ្នកសប្បាយចិត្តច្រើនផងដែរ។
៤.ធ្វើការងារស្ម័គ្រចិត្ត
នេះជារឿងពិតដែលថា បើអ្នកយកពេលទៅធ្វើកិច្ចការសង្គមបានច្រើន អ្នកក៏នឹងទទួលបានអារម្មណ៍ស្រស់ស្រាយទៅតាមនោះដែរ។ មនុស្សដែលជួយអ្នកដទៃបានកាន់តែច្រើន នឹងទទួលអារម្មណ៍ថា ខ្លួនបានធ្វើអំពើល្អ និងជួយអ្នកដទៃបានច្រើន។ មនុស្សដែលជួយអ្នកដទៃបានច្រើនដោយមិនគិតការតបស្នងមកវិញ មានសុភមង្គលជាងមនុស្សដែលមានចិត្តចង្អៀតចង្អល់។ ដូច្នេះហើយបានជាអ្នកសង្កេតឃើញអ្នកក្រខ្លះ មិនសូវមានលុយ ប៉ុន្តែសប្បាយចិត្តព្រោះបានធ្វើអំពើល្អច្រើនជាងអ្នកមានខ្លះដែលមានលុយច្រើនប៉ុន្តែគ្មានសេចក្តីសុខ។
៥.ទិញសេរីភាពពេលទំនេររបស់អ្នកត្រឡប់មកវិញ
ឧទាហរណ៍ថា អ្នកទៅធ្វើការដោយប្រើមធ្យោបាយសាធារណៈ ឬជិះតាក់ស៊ីទៅធ្វើការ។ ជាជាងចំណាយពេលជិះរថយន្តខ្លួនឯង កកស្ទះនៅលើផ្លូវ អ្នកគួរប្រើរថយន្តសាធារណៈ ឬតាក់ស៊ីទៅធ្វើការដើម្បីសល់ពេលអាននេះអាននោះ មើលព័ត៌មានផ្សេងៗជាដើម។ ប្រសិនបើអ្នកធ្វើការឲ្យគេ អ្នកមិនគូរឆាប់ចេញពីការងារ និងចំណាយពេលជួបជុំមិត្តភក្ដិ ឬគ្រួសារដើម្បីជជែកកម្សាន្តជាដើមដើម្បីបង្កើតភាពរីករាយឲ្យគ្នាទៅវិញទៅមក៕
ប្រភព៖ Inc