បេក្ខជនជ័យលាភីជួញដូរភាគហ៊ុន ប្រើយុទ្ធសាស្រ្តទាំងនេះដើម្បីឈ្នះការប្រកួត​



បេក្ខជនជ័យលាភីកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន ប្រើយុទ្ធសាស្រ្តទាំងនេះ ដើម្បីឈ្នះការជួញដូរហ៊ុន បានទទួលចំណេញខ្ពស់ក្នុងទីផ្សារមូលបត្រ។ ក្រោយពីការប្រកួតប្រជែងជួញដូរភាគហ៊ុនរយៈពេល២ ខែមក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរកឃើញម្ចាស់ជ័យលាភីជើងឯក ដែលទទួលបានផលលាភជាលើកដំបូងរហូតដល់ ២៤៧ ភាគរយ ដែលជាសញ្ញាវិជ្ជមានសម្រាប់ការយល់ដឹងពីទីផ្សារហ៊ុនកម្ពុជា។ លើកឡើងនៅក្នុងសន្និសីទ ស្តីពីយុទ្ធសាស្រ្តជួញដូរភាគហ៊ុន ដើម្បីក្លាយជាជ័យលាភី និងទទួលបានផលចំណេញ កាលពីថ្ងៃទី១៣ ខែ កុម្ភៈនេះ លោក ហា ចុងវ័ន (HA Jong Weon) អគ្គនាយករងនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានថ្លែងថា៖ ការវិនិយោគទៅលើភាគហ៊ុនជាជម្រើសដ៏ប្រសើរបំផុត ដោយទីផ្សារភាគហ៊ុនមានការគ្រប់គ្រងត្រឹមត្រូវ និងមានភាពអំណោយផលច្រើនដល់វិនិយោគិន ដូចជាការវិភាគមិនមានភាពស្មុគស្មាញ និងអាចវិនិយោគតាមលទ្ធភាព ដែលខ្លួនមាន។ លោកបានបន្តថា ដើម្បីទទួលបានភាពជោគជ័យក្នុងទីផ្សារភាគហ៊ុន វិនិយោគិនគប្បីយល់ដឹងជាមុនទៅលើស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន និងការគ្រប់គ្រងរបស់ក្រុមហ៊ុន។ វិនិយោគិន ត្រូវរៀនវិភាគថា ថ្លៃភាគហ៊ុនបច្ចុប្បន្ន មានសភាពខ្ពស់ ឬទាប បើធៀបទៅនឹងប្រាក់ចំណេញក្នុងមួយភាគហ៊ុនរបស់ក្រុមហ៊ុន ក៏ដូចជាភាគលាភ ដែលក្រុមហ៊ុននឹងបែងចែក។ លោកបានបន្តថា ការ វិនិយោគក្នុងរយៈពេលមធ្យមទៅ វែង នឹងជួយឱ្យអត្រាជោគជ័យក្នុងទីផ្សារភាគហ៊ុនកាន់តែខ្ពស់ ព្រោះថ្លៃភាគហ៊ុននឹងប្រែប្រួលទៅរកតម្លៃពិត (Fair Value) នៅរយៈពេលវែង។   ថ្លែងក្នុងពិធីនេះ លោក ទៀង ឆ្នើម ជ័យលាភីជើងឯក ដែលទទួលបានអត្រាចំណេញរហូតដល់ ២៤៧,៥១%បានចែករំលែកពីយុទ្ធសាស្រ្តរបស់លោកយ៉ាងដូចនេះថា៖ ដើម្បីជួញដូរបានអត្រាចំណេញខ្ពស់ យើងត្រូវសង្កេតមើលទីផ្សារជាប្រចាំ ហើយត្រូវវិភាគអំពីទំនោររបស់អ្នកទិញ និងអ្នកលក់ផ្សេងទៀត ដើម្បីដឹងថា ថ្លៃភាគហ៊ុននឹងអាចកើនឡើង ឬធ្លាក់ចុះ។ ទន្ទឹមនឹងនេះ យើងត្រូវតាមដានព័ត៌មានជាប្រចាំ ព្រោះថ្លៃភាគហ៊ុនមានទំនាក់ទំនងជាមួយនឹងព័ត៌មាន ដែលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន។ ចំណែកលោកស្រី សោម នី ជ័យលាភីចំណាត់ថ្នាក់លេខ ២ ដែលទទួលបានអត្រាចំណេញ ៩៤,៨២% បានមានប្រសាសន៍ថា៖ ចំពោះលោកស្រីផ្ទាល់ ការវិនិយោគលើភាគហ៊ុន ត្រូវដឹងច្បាស់ពីស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន ជាក់ស្តែង លោកស្រីទទួលបានអត្រាចំណេញខ្ពស់ដោយលោកស្រីបានវិនិយោគទីលើភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លោកស្រីបានបញ្ជាក់ថា លោកស្រីបានមើលឃើញពីសក្តានុពលអាជីវកម្មរបស់កំពង់ផែអន្តរជាតិមួយនេះ និងសមត្ថភាពរបស់គណៈគ្រប់គ្រង ដែលលោកស្រីជឿជាក់ថាប្រាក់ចំណេញរបស់កំពង់ផែនឹងកើនឡើងជារៀងរាល់ឆ្នាំ។ រីឯលោក ឡាក់ ហុង ដែលជាជ័យលាភីចំណាត់ថ្នាក់លេខ ៣ ទទួលបានអត្រាចំណេញ ៩១,៩២% បានរៀបរាប់ថា៖ ដើម្បីទទួលបានភាពជោគជ័យក្នុងទីផ្សារភាគហ៊ុន លោកបានពិនិត្យ និងវិភាគលើ៣ចំនុចធំៗ រួមមាន៖ ១. សក្តានុពលរបស់ក្រុមហ៊ុន ២. របាយការណ៏ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ៣. ផែនការអភិវឌ្ឍន៍ទៅថ្ងែអនាគតរបស់ក្រុមហ៊ុន។ លោកបានពន្យល់បន្ថែមថា៖ សក្តានុពលរបស់ក្រុមហ៊ុន គឺសំដៅទៅលើស្ថានភាពអាជីវកម្មបច្ចុប្បន្នរបស់ក្រុមហ៊ុន រួមផ្សំជាមួយនឹងស្ថានភាព សេដ្ឋកិច្ច ដែលនឹងកំណត់ពីភាពល្អប្រសើរ ឬធ្លាក់ចុះនៃអាជីវកម្មរបស់ក្រុមហ៊ុននាពេលអនាគត ហើយមុននឹងសម្រេចចិត្តវិនិយោគ វិនិយោគិនគប្បីមានការសិក្សាជាមុនអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផងដែរ ដោយត្រូវពិនិត្យលើ ទ្រព្យសកម្មសរុប បំណុលសរុប មូលធនសរុប ចំណូល និងចំណាយ ដើម្បិឱ្យដឹងពីទ្រព្យសម្បិត្តនិងសម្ថភាពពិតរបស់ក្រុមហ៊ុន។ ផែនការអភិវឌ្ឍន៍ទៅថ្ងែអនាគតរបស់ក្រុមហ៊ុន គឺជាកត្តាសំខាន់ទី ៣ ដែលធ្វើឱ្យថ្លៃភាគហ៊ុនមានការកើនឡើងខ្លាំងនាពេលអនាគត ប្រសិនបើក្រុមហ៊ុនមានការអភិវឌ្ឍជាលំដាប់៕
X
5s