ភាគច្រើនអ្នកចូលចិត្តបង្រៀនគេ អនាគតទៅនឹងក្លាយជាអ្នករកស៊ីជោគជ័យ
កាលណា អ្នកហ៊ុមព័ទ្ធខ្លួនជាមួយអ្នករៀនអ្នកសូត្រ អ្នកនឹងក្លាយជាមនុស្សពោរពេញដោយផ្នត់គំនិតទូលំទូលាយ ព្រមទាំងក្លាយជាអ្នកបញ្ចេញមតិយោបល់ខ្លួនទៅកាន់ពិភពលោកដ៏ខ្លាំងមួយរូបថែមទៀត។ មានក្រុមហ៊ុនជាច្រើន លើពិភពលោកចាប់ផ្ដើមបើកសិទ្ធិនិងផ្ដល់ឱកាស ឲ្យបុគ្គលិក គ្រប់ ជាន់ថ្នាក់បង្រៀនពីអ្វីដែលខ្លួនចង់ចែករំលែកទៅគេឯង។ វាមិនត្រឹមតែជាវេទិកាចែករំលែកគំនិតទេ តែវាចូលរួមឲ្យបុគ្គលិកអាចក្លាយជាសហគ្រិនជោគជ័យនៅថ្ងៃអនាគតទៀត តាមរយៈការបង្រៀននេះឯង។ តើគ្រាន់តែបង្រៀនអ្នកដទៃ វាអាចនាំអ្នកក្លាយជាអ្នករកស៊ីដ៏ជោគជ័យដោយរបៀបណា?
១) បង្រៀនគេដើម្បីដឹងពីភាពខ្សោយខ្លួន៖ ហេតុអីអាចដឹងពីភាពខ្សោយខ្លួន? តាមរយៈការបង្រៀននេះអ្នកនឹងទទួលបានយោបល់និងការចែករំលែកផ្សេងៗ គ្នាពីមនុស្សជាច្រើន។ ដូចនេះអ្នកអាចនឹកឃើញពីកម្សោយរបស់ខ្លួនដោយយថាហេតុក៏មាន។ ដូចនេះវាគឺជាផ្លូវល្អណាស់ក្នុងការរៀនពីភាពខ្សោយខ្លួន។
២) ក្លាយជាអ្នកលើកទឹកចិត្តគេដ៏ពូកែ៖ ពេលនោះហើយដែលអ្នកអាចយកភាពខ្លាំងរបស់អ្នកមកបង្ហាញដល់មនុស្សគ្រប់គ្នា។ មិនថាភាពខ្លាំងនោះវាអស្ចារ្យឬមិនអស្ចារ្យក្ដី តែការបង្រៀនរបស់អ្នកវានឹងដក់ជាប់ក្នុងខួរក្បាលអ្នករៀន ហើយគេនឹងយកតម្រាប់តាមអ្នកទៀតផងក៏មិនដឹង។
៣) សប្បាយចិត្តនឹងអ្វីដែលខ្លួនបានធ្វើ៖ កាលណាអ្នកបានចែករំលែកអ្វីមួយដល់អ្នកដទៃ អ្នកនឹងមានអារម្មណ៍ថាស្រឡាញ់ការងារខ្លួនកំពុងធ្វើ ហើយថ្ងៃណាមួយអ្នកនឹងប៉ងប្រាថ្នាចង់ធ្វើវាឲ្យបានច្រើនជាងនេះ ហើយខ្លាំងជាងនេះទៅទៀត។ សម្រាប់សហគ្រិនជោគជ័យនិងពូកែៗ បច្ចុប្បន្ន មានលោក Bill Gates, Jack Ma, Mark Zuckerburg ជាដើម គឺសុទ្ធតែជាបុគ្គលធ្លាប់ជាគ្រូ និងជាអ្នកបង្រៀនគេទាំងអស់។ ដូចនេះហើយ វាពិតជាស័ក្ដិសមណាស់សម្រាប់ទស្សនៈ ដែលថា អ្នកធ្លាប់បង្រៀនគេនឹងក្លាយជាសហគ្រិនជជោគជ័យថ្ងៃខាងមុខ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ entrepreneur