ក្រោយបានអាជ្ញាប័ណ្ណពី NBC ជីប ម៉ុង ប្រកាស ពង្រីកសាខាធនាគារ ឲ្យបានច្រើនកន្លែងនៅភ្នំពេញ
ភ្នំពេញៈ ក្រុមហ៊ុនជីបម៉ុង គ្រុប នឹងបោះជំហ៊ានបន្ថែមទៀត លើការពង្រីកសាខាធនាគាររបស់ខ្លួនឱ្យបានច្រើនទីតាំងក្នុងរាជធានីភ្នំពេញ ក្រោយទទួលបានអាជ្ញាប័ណ្ណផ្លូវការពីធនាគារជាតិ លើអាជីវកម្មហិរញ្ញវត្ថុដំបូងរបស់ខ្លួន។
ប្រធានក្រុមប្រឹក្សាភិបាលធនាគារជីបម៉ុង លោក ឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា ការសម្រេច ពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនទៅដល់វិស័យធនាគារតាមរយៈការបង្កើត ធនាគារ ជីបម៉ុង ខមមើសលប៊ែង ម.ក នេះ នឹងចូលរួម ចំណែក ក្នុងការគាំទ្រ ដល់ការរីកលូតលាស់ នៃវិស័យបច្ចេកវិទ្យា ដើម្បីពន្លឿន សេដ្ឋកិច្ចជាតិ ដែលនឹងចូលរួមចំណែក ជួយឱ្យកម្ពុជាសម្រេចនូវសេដ្ឋកិច្ច ឌីជីថលក្នុងឆ្នាំ២០២៣។
លោកបន្តថា ការពង្រីកសាខាជាច្រើនទីតាំងក្នុងរាជធានីភ្នំពេញនេះ គឺជាយុទ្ធសាស្ត្រ ដើរ ស្រប នឹងចក្ខុវិស័យ ដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យា សារគមនាគមន៍ និង ព័ត៌មានវិទ្យា ក្នុងគោលបំណង ត្រៀមខ្លួន បំលែង សេដ្ឋកិច្ចកម្ពុជា ឳ្យក្លាយជាសេដ្ឋកិច្ច ឌីជីថលក្នុងពេលអនាគតដ៏ខ្លី ខាងមុខនេះ។
ការបោះជំហានចូលប្រឡូកក្នុងវិស័យហិរញ្ញវត្ថនៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ក៏ដូចជាការពង្រីកសាខាទី២ នៅលើផ្លូវនរោត្តមនេះ បានបង្ហាញថា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បាន និងកំពុងតែដើរតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការរីកលូតលាស់ នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលនឹងចូលរួមចំណែកជួយឲ្យកម្ពុជា សម្រេចគោលដៅជាប្រទេសសេដ្ឋកិច្ចឌីជីថល ក្នុងឆ្នាំ២០២៣។
ដោយឡែកបើយោងតាមបើយោងតាម របាយការណ៍ប្រចាំ ឆ្នាំ របស់ NBC បានឲ្យ ដឹង ថា គិតត្រឹមឆ្នាំនេះ កម្ពុជា មាន ធនាគារ ពាណិជ្ជ ចំនួន ៣៩ និង ធនាគារ ឯកទេស ចំនួន ១៥ កំពុងធ្វើប្រតិបត្តិអាជីវកម្មនៅក្នុងទីផ្សារហរិញ្ញវត្ថុកម្ពុជា។
គួរបញ្ជាក់ថាធនាគារ ជីប ម៉ុង ខមមើសលប៊ែង គឺជាពាណិជ្ជកម្មទី១២ របស់ក្រុមហ៊ុន ជីប ម៉ុងគ្រុប ហើយធនាគារនេះ ទើបនឹងបានបើកសម្ពោធជាផ្លូវការ នូវការិយាល័យកណ្តាលរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានទទួលអាជ្ញាប័ណ្ណធ្វើអាជីវកម្ម ពីធនាគារជាតិនៃកម្ពុជា៕