លោក DAN Lok÷ ឧបនិស្ស័យទាំង ៣ ចំណុចដែលអ្នកមានពិតប្រាកដតែងធ្វើ
លោក Dan Lok គឺជាសហគ្រិន អ្នកនិយាយសាធារណៈ អ្នកនិពន្ធ និងជាអ្នកប្រឹក្សាធុរកិច្ចខ្នាតរយលានផងដែរ។ លោក មានភាពល្បីល្បាញនារយៈពេលថ្មីៗនេះ ដោយសារតែវីដេអូអប់រំ ជាពិសេសផ្នែកហិរញ្ញវត្ថុតែម្ដង។ មនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីមនុស្សនៅក្នុងលោកនេះមានអ្នកខ្លះមាន អ្នកខ្លះក្រ ហើយអ្នកខ្លះក៏កាន់តែក្រទៅៗ? ប្រសិនបើអ្នកសង្កេតលើចំនុចត្រួសៗតូចៗមួយចំនួន អ្នកនឹងឃើញពីភាពខុសគ្នារវាងអ្នកមាននឹងអ្នកក្រជាមិនខាន÷
- អ្នកក្រ ចូលចិត្តតែងខ្លួនឡូយឆាយ ប្រើរបស់របរថ្លៃៗបង្អួតអ្នកដទៃ ពេលខ្លះអាចធ្វើខ្លួនឆ្កួតៗ ដោយសារការខំសម្ញែងជ្រុលពេក។ - អ្នកមានក្លែងក្លាយ (ហ៊ឺហា) តែងចំណាយលុយដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពិសេសមនុស្សប្រុសចូលចិត្តចំណាយប្រាក់ដើម្បីទាក់មនុស្សស្រី។ - អ្នកមាន គិតថាប្រាក់ដែលគាត់មានគាត់ត្រូវយកទៅ វិនិយោគលើផ្នែកឬវិស័យអ្វីបន្ថែមទៀតដើម្បីឲ្យមានចំនូលកាន់តែច្រើន។ ខាងក្រោមនេះនឹងបង្ហាញអ្នកពីឧបនិស្ស័យ ៣ ធំៗដែលអ្នកមានពិតប្រាកដតែងធ្វើ ដែលបង្ហាញដោយលោក Dan Lok÷
១) រាប់លុយជាមុន÷ មុនពេលចំណាយលើអ្វីមួយ អ្នកមានពិតប្រាកដតែងពិនិត្យចំនួនទឹកប្រាក់គាត់ជាមុន។ អ្នកមានចំណាយចំពោះតែអ្វីដែលចាំបាច់ប៉ុណ្ណោះ ដូចជាការហូបចុកទូទៅ វិក័យបត្រចំណាយប្រចាំខែឬប្រចាំឆ្នាំ ឬការបង់ពន្ធជាដើម។ អ្នកមានមិនសូវជាខ្ជះខ្ជាយលើការចំណាយឥតប្រយោជន៍នោះឡើយ ព្រោះគេគិតណាស់ថាតើប្រាក់ដែលរបស់ពួកគេមានបានមកពីណា? តើត្រូវចំណាយតាមផ្លូវណាដើម្បីបានផលចំណេញត្រលប់មកវិញ?
២) ចំណាយលើខ្លួនឯងជាមុន÷ ការចំណាយលើខ្លួនឯងជាមុនមានដូចជា ទិញឡានថ្មី ទិញផ្ទះថ្មី ចំណាយលើដំណើរកំសាន្ត ផ្សេងៗ។ មានន័យថា អ្នកមានចំណាយប្រាក់ទិញឡានថ្មីដើម្បីប្រើប្រាស់ក្នុងក្រុមហ៊ុន ផ្ទះថ្មីដើម្បីពង្រីកអគារ ពង្រីកអាជីវកម្មថ្មី ចំណាយលើដំណើរកំសាន្តគឺដំណើរកំសាន្តរបស់ក្រុមហ៊ុន និងចំណាយផ្សេងៗគឺសំដៅដល់ការចំណាយលើអ្នកផ្គត់ផ្គង់។ ហើយចំណាយទាំងអស់គឺត្រូវនៅក្នុងភាពសន្សំសំចៃជានិច្ច។
៣) បង្កើនសមត្ថភាពក្នុងការរកប្រាក់ ឬវិនិយោគបន្ថែម÷ អ្នកមានខិតខំស្វែងរកគ្រប់មធ្យោបាយដើម្បីបង្កើនសមត្ថភាពនៃការវិនិយោគប្រាក់ដែលមាន។ ពួកអ្នកមានព្យាយាមដាំប្រាក់ទាំងនោះឲ្យមានផ្លែផ្កា ដុះជាកូនលាស់ជាចៅ ហើយពង្រីកខ្លួនឲ្យកាន់តែធំទៅៗ។ គាត់អាចនឹងយកប្រាក់ទាំងនោះទៅវិនិយោគបន្ថែមលើអាជីវកម្មដែលមាន ឬបង្កើតអាជីវកម្មថ្មីមួយទៀត ឬដាក់វាសន្សំក្នុងធនាគារ ឬមធ្យោបាយផ្សេងៗ៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ Blue O’clock (Dan Lok)