អ្នកសេដ្ឋកិច្ចថា រាជធានីភ្នំពេញត្រូវការផ្សារទំនើបបន្ថែមដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នករស់នៅក្នុងទីក្រុង​



អ្នកសេដ្ឋកិច្ច ថារាជធានីភ្នំពេញ ត្រូវការផ្សារទំនើបអន្តរជាតិបន្ថែម ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ និងតម្រូវការភ្ញៀវបរទេស ស្របពេលកំណើនសេដ្ឋពលរដ្ឋកំពុងមានការកើនឡើង។ លោក តេង ឌឺលុច អ្នកវិភាគសេដ្ឋកិច្ច បានឲ្យដឹងថា ជាការពិតណាស់ វត្តមានផ្សារទំនើបអន្តរជាតិ ក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន នៅមិនទាន់ឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង និងភ្ញៀវទេសចរនោះទេ ខណៈអ្នករស់នៅក្នុងទីក្រុង និងជនបរទេសមកធ្វើការ និងចរាចរនៅកម្ពុជាមានការកើនឡើងឥតឈប់ឈរ។ លោកបន្ថែមថា វត្តមានផ្សារទំនើបអន្តរជាតិនៅកម្ពុជា ដូចជាផ្សារទំនើបអ៊ីអនជាដើម បានផ្តល់ ផលវិជ្ជាច្រើនដល់កម្ពុជា ព្រោះវត្តមានទីផ្សារទំនើបទាំងនោះ បានលើកមុខមាត់ថ្មីដល់កម្ពុជា ទៅក្នុងតំបន់ បង្កើតឱកាសការងារ ការពង្រីកអាជីវកម្មខ្នាតតូច និងមធ្យម និងបាន រួមចំណែកបង់ពន្ធលើអាជីវកម្មចូលរដ្ឋផងដែរ។ លោកបន្តថា ការធ្វើទំនើបកម្ម ដោយពង្រីកទីផ្សារទំនើបទៅតំបន់ជាយៗក្រុង បានធ្វើអោយកាត់បន្ថយគម្លាតពីកណ្ដាលក្រុង ទៅជ្រាយក្រុង ដោយបានប្រែក្លាយទីតាំងនោះឲ្យក្លាយទៅជាក្រុងតែមួយដូចគ្នា នៅពេលដែលតំបន់នោះមានអាជីវកម្មធំៗ និងមជ្ឍមណ្ឌលពាណិជ្ចកម្មច្រើន ។ ប៉ុន្តែទន្ទឹមនឹងនេះក្តី លោកបានបន្តថាវត្តមាននៃផ្សារទំនើបអន្តរជាតិ ក៏បានជះផលអវិជ្ជាដល់អាជីវកម្មតូចៗផងដែរ នៅពេលដែលប្រជាពលរដ្ឋ សម្រុកទៅទិញឥវ៉ាន់តែក្នុងផ្សារទំនើបច្រើនពេក ដែលនាំអោយបាត់ចំណូលមួយចំនួន ពីអាជីវកម្មតូចៗ លក់តាមផ្សារ។ កញ្ញា នួន កន្និដ្ឋា ប្រធានជាន់ខ្ពស់ ផ្នែកជួល Aeon Mall Cambodia បានឲ្យដឹងថា ផ្សារទំនើបអ៊ីអនម៉លទី២ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ ក្បែរបុរីពិភពថ្មី នឹងផ្តល់អោយអតិថិជននូវលក្ខណៈពិសេសថ្មីៗជាច្រើនដូចជាផ្នែកកម្សាន្ត ហាងអាហារ ហាងទំនិញល្បីៗ ស្ថាប័នហិរញ្ញវត្ថុ និងមានស្ថាប័នពីខាងរដ្ឋាភិបាលនៅក្នុងទីផ្សារនេះផងដែរ ដើម្បីសម្រួលដល់ការដើរទិញទំនិញ របស់ប្រជាពលរដ្ឋក្នុងទីក្រុង។   កញ្ញាបន្តថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុនAeon Cambodia នឹងបង្កើតផ្សារទំនើបបន្ថែម នៅច្រើនទីតាំងទៀតក្នុងប្រទេសកម្ពុជា ដើម្បីបំពេញបាននូវតម្រូវការប្រជាពលរដ្ឋ ខណៈវត្តមានផ្សារទាំងពីរទីតាំងរបស់Aeon កំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ។ គួរបញ្ជាក់ដែរថា គិតមកទល់បច្ចប្បន្ន រាជធានីភ្នំពេញ មានការវិនិយោគទៅលើផ្សារទំនើបជាច្រើនទីតាំង ដោយក្នុងនោះ រួមមានផ្សារទំនើប Phnom Penh Mega Mall(Parkson), Aeon Mall 2, Olympia Plaza Mall, The Bridge Commercial, Midtown, Downtown 93, The Community, Noro Mall, Prince Plaza Mall, Eden Garden, ផ្សារបោះដុំថៃ ម៉ាក្រូ, ផ្សារទំនើបប៉េងហួរម៉ល និងជីបម៉ុងជាដើម៕ អត្ថបទដោយ៖ YaYa
X
5s