ចង់​ឲ្យ​អាជីវកម្ម​​ដើរ​បាន​ តើ​ត្រូវ​ឈប់​ពន្យារពេល​ខ្ជិល​ច្រអូស​យ៉ាង​ណា​ទៅ?​



នរណា​ៗ ក៏​ធ្លាប់​ឆ្លង​កាត់​ការ​ពន្យារ​ពេល​ដែរ ប៉ុន្តែ​បើ​នៅ​តែ​ពន្យារពេល​ច្រើន​ដង​ពេក វា​នឹង​បង្កើត​ទម្លាប់​ខ្ជិល​ច្រអូស​មួយ​ជាប់​នឹង​ខ្លួន​អ្នក​ដោះ​មិន​ចេញ​។​ ការ​ពន្យារពេល​នេះ វា​នឹង​មក​បង្អាក់​សកម្មភាព​នានា​ ដែល​នាំ​អ្នក​ទៅ​រក​គោលដៅ​អាជីវកម្ម​។ ការ​ធ្វើ​អាជីវកម្ម គឺ​ទាម​ទារ​ឲ្យ​មាន​ភាព​រហ័សរហួន ក្នុង​ការ​សម្រេច​ចិត្ត​ និង​ការ​អនុវត្ត។ ​ហេតុនេះ​តើ​អ្នក​គួរ​ប្រាប់​ខ្លួន​ឯង​ថា​ម៉េច​ខ្លះ ដើម្បី​បញ្ឈប់ ទម្លាប់​នៃ​ការ​ពន្យារ​ពេល​នេះ​ត​ទៅ​ទៀត​?

១) បោះបង់​អ្វីៗ ដែល​ធ្វើ​ឲ្យ​អ្នក​បែក​អារម្មណ៍​

កាលណា​អ្នក​បែក​អារម្មណ៍​​ហើយ​នោះ អ្នក​មិន​មាន​អារម្មណ៍​ផ្ដោត​ទៅ​មុខ​ត​ទៅ​ទៀត​ទេ។ ដូចនេះ បញ្ឈប់​ការ​ឆែក​អ៊ីមែល , ឆែក​បណ្ដាញ​សង្គម​នានា ឬ​មួយ​ការ​លេង​ហ្គេម​កម្សាន្ត​ដែល​មិន​សូវ​មាន​ប្រយោជន៍​​នោះ​ចោល​ឲ្យ​អស់​។​

២) រៀប​ចំ​កាលវិភាគ​ឲ្យ​ច្បាស់

ពេល​ខ្លះ​គំនិត​តែង​លេច​ចេញ​មក​មួយ​ភ្លែត តែ​បើ​អ្នក​​មិន​កត់ត្រា​ឬ​មិន​រៀប​កាលវិភាគ​ នោះ​អ្នក​នឹង​ភ្លេច​ជា​មិន​ខាន​។ ហេតុនេះ បើ​យល់​ល្អ​អ្នក គួរ​បង្កើត​ជា​តារាង​កាលវិភាគ​ដោយ​ក្នុង​នោះ​ត្រូវ​មាន​គោល​ដៅ​ច្បាស់​លាស់​មួយ, សកម្មភាព​ត្រូវ​ធ្វើ​, រួម​ទាំង​កំណត់​ពេល​ក្នុង​ការ​ធ្វើ​ផង​ដែរ។

៣) ធ្វើ​ការងារ​ចាំបាច់​ខ្លាំង​មុន​គេ​

ជា​ធម្មតា​ទេ ការងារ​គឺ​មាន​ច្រើន​ តែ​សារៈសំខាន់​វា​គឺ​មាន​ខ្លាំង​មាន​ខ្សោយ។ ដូច្នេះ​បើ​ចង់​ធ្វើ​អាជីវកម្ម​ទ​មុខ​ដោយ​រលូន និង​មិន​ស្មុគស្មាញ អ្នក​ត្រូវ​លៃលក ថា​អ្វី​ដែល​សំខាន់​ជាង​គេ និង​មិន​សូវ​សំខាន់ ហើយ​ផ្ដោត​តែ​លើ​វា​សិន​បាន​ហើយ​។

៤) ឈប់​ខ្លាច​ខុស​ទៀត​ទៅ​

មនុស្ស​មួយ​ចំនួន មិន​ខ្ជិល​នោះ​ឡើយ តែ​ពួក​គេ​ពន្យារពេល​ដោយ​សារ​តែ​ខ្លាច​បង្ក​កំហុស​។ តាម​​ពិត​ទៅ​កំហុស​គឺ​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​មួយ ចុះ​ចាំ​បាច់​អ្វី​ទៅ​ខ្លាច​នោះ?

ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ entrepreneur.com

X
5s