ហេតុផល ៥យ៉ាង ដែលបញ្ចាក់ថាភាពបរាជ័យជួយអ្នកទទួលបានភាពជោគជ័យ
ដូចម្តេចដែលហៅថាភាពបរាជ័យ? តើវាអាចប្រែក្លាយទៅជាភាពជោគជ័យដោយរបៀបណា? បរាជ័យគឺជាភាពភ័យខ្លាចដ៏ធំមួយដែលមនុស្សគ្រប់គ្នាតែងចៀសវាងដោយគិតថាបរាជ័យគឺជាកំហុសមួយដ៏ធ្ងន់ធ្ងរ។ ចម្លើយមួយដែលផ្តល់ថាបរជ័យជាកំហុសអាចត្រូវហើយក៏អាចខុសដែរ។
ទោះជាយ៉ាងណា បរាជ័យជារឿងមួយដែលមនុស្សគ្រប់គ្នាមិនអាចចៀសបានឡើយ ហើយវាក៏បានដឹកនាំអ្ន្កកឲ្យឈានទៅរកភាពជោគជ័យផងដែរ ដ៏រាបណាអ្នកមិនបោះបង់ការតស៊ូ។ លោក Bill Gate បានប្រែខ្លួនក្លាយជាមហាសេដ្ឋីលំដាប់លេខ២លើលោកនាពេលសព្វថ្ងៃនេះ គឺដោយសារតែលោកចាប់ផ្តើមពីភាពបរាជ័យ។ ដូចគ្នានេះដែរ លោក Stephen King អ្នកនិពន្ធប្រលោមលោកដ៏ល្បីម្នាក់ ធ្លាប់ត្រូវបានគេបដិសេធមិនតិចជាង ៣០ដង ទេមុនពេលប្រលោមលោកគាត់បានបោះពុម្ពផ្សាយ។ បើមើលទៅលោក ជេក ម៉ា លោកធ្លាប់បរាជ័យ ត្រូវបានគេបដិសេធឆ្អែតឆ្អន់ក្នុងជីវិតរួចមកហើយ ទម្រាំលោកបានក្លាយជាមហាសេដ្ឋីរហូតដល់ថ្ងៃនេះ។
តើបរាជ័យនាំអ្នកទៅរកភាពជោគជ័យដោយវិធីណា? ខាងក្រោមនេះជាហេតុផល ៥ យ៉ាងបញ្ជាក់ថាបរាជ័យនឹងនាំអ្នកទៅរកភាពជោគជ័យ÷
១) ធ្វើឲ្យអ្នកបានសិក្សាពីកំហុស
កំហុសជាឱកាសកម្រនិងមានតម្លៃបំផុតដើម្បីឲ្យអ្នកបានរៀន យ៉ាងហោចណាវាក៏បានឲ្យយើងដឹងថាអ្វីដែលយើងមិនគួរធ្វើ។ បើគ្រាន់តែគេប្រាប់ថានៅជាបន្លាអ្នកមិនអាចដឹងទេថាវានឹងផ្តល់បញ្ហាអ្វីដល់អ្នក តែបើដើរអ្នកជ្រុលជាន់លើបន្លានោះអ្នកនឹងដឹងថាឈឺប៉ុណ្ណា ហើយថ្ងៃក្រោយអ្នកនឹងចៀសវាង ការពារពីវាបានយ៉ាងល្អក៏ដូចជាមានដំណោះស្រាយប្រសិនបើបានជួបវាម្តងទៀត។
២) កុំព្យាយាមលាក់បាំងកំហុសឬបរាជ័យរបស់ខ្លួន
យើងតែងចង់ធ្វើអ្វីមួយឲ្យបានល្អ ចងចាំតែរឿងល្អៗ តែយើងតែងបំភ្លេចអ្វីដែលយើងធ្វើខុស។ យើងមិនចូលចិត្តចងចាំពីកត្តាដែលនាំឲ្យយើងរៀនធ្លាក់ក្រេឌីត តែយើងចូលចិត្តគិតថាជារឿងមួយសប្បាយរីករាយបំផុតពេលអាចប្រលងជាប់ដោយការបើកចម្លងសំណៅឯកសារ។ យើងមិនចូលចិត្តរំឮកទេថាអាជីវកម្មមួយរបស់យើងដែលបានដួលរលំនោះបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នក។ ការដែលធ្វើបែបនេះក៏ប្រហែលជាមកពីអ្នកជាមនុស្សខ្លាចភាពអាម៉ាស់ខ្លាចបាក់មុខ។ តែទោះជាយ៉ាងណាកុំព្យាយាមលាក់បាំងពីភាពបរាជ័យនៅអី ព្រោះពេលអ្នកយកកំហុសចាស់មកពិនិត្យសារឡើងវិញអ្នកនឹងឃើញពីចំនុចខ្សោយខ្លួនឯង ហើយកែប្រែខ្លួនជាមនុស្សជោគជ័យយ៉ាងប្រាកដ។ ការរៀនពីកំហុសឬបរាជ័យរបស់អ្នកជួយអ្នកឲ្យមានការរីកចម្រើន។
៣) អនុញ្ញាតឲ្យភាពបរាជ័យបង្រៀនអ្នកពីខ្លួនឯងអ្នកផ្ទាល់
ការដែលស្គាល់ពីខ្លួនឯងជាកត្តាសំខាន់បំផុតដែលនាំអ្នកឈានជើងដើរទៅរកភាពជោគជ័យ ចំណុចតូចៗមួយចំនួនបង្រៀនអ្នកពីខ្លួនឯងថាយើងជាមនុស្សដែលធ្លាប់មានការបរាជ័យល្អ។ បរាជ័យរបស់អ្នកមានន័យថាអ្នកជាមនុស្សពូកែអត់ធ្មត់ស៊ូទ្រាំ រឹងម៉ាំ មានសមត្ថភាពអាចជំនះគ្រប់ឧបសគ្គ។ អ្នកកាន់តែដួលគឺអ្នកកាន់តែរឹងម៉ាំ អ្នកកាន់តែស្គាល់ផ្លូវដើរកាន់តែច្រើន មានឱកាសទទួលបានជោគជ័យក៏កាន់តែធំផងដែរ។
៤) អនុញ្ញាតឲ្យភាពបរាជ័យបើកផ្លូវថ្មីឲ្យអ្នក
វាហាក់ដូចជាមិនសមហេតុផលដែលថាជួបរឿងបរាជ័យហើយជួយបើកផ្លូវថ្មីមួយដល់អ្នក។ តែពេលអ្នកដើរផ្លូវមួយហើយជួបរឿងបរាជ័យវានឹងធ្វើឲ្យអ្នកបោះជំហានទៅផ្លូវផ្សេង រកដំណោះស្រាយលើបញ្ហាទាំងអស់នោះ ធ្វើឲ្យអ្នកទទួលបានឱកាសថ្មីមួយដែលមិនបានគ្រោងទុក ហើយវាអាចជាផ្លូវមួយដ៏ល្អបំផុតដែលអ្នកនឹងសម្រេចគោលដៅរបស់អ្នក។
៥) បរាជ័យមិនមែនជាធាតុផ្ទុយពីជោគជ័យទេ
បរាជ័យជាផ្នែកមួយនៃភាពជោគជ័យ ធាតុផ្ទុយពិតប្រាកដនៃភាពជោគជ័យគឺការស្ពឹកស្រពន់។ បរាជ័យតែងជាអ្នកជួយជំរុញអ្នកឲ្យបានទៅដល់ចំនុចជោគជ័យដោយភាពត្រឹមត្រូវ ក្លាហាន និងរឹងម៉ាំ។ ដូច្នេះកុំខ្លាចនឹងប្រឈមជាមួយបរាជ័យ។ បើគ្មានបរាជ័យក៏គ្មានជោគជ័យដែរ។ ដូចនេះ បរាជ័យគឺជាមិត្តដ៏ស្និទ្ធស្នាលរបស់ភាពជោគជ័យ៕
ដោយ÷ យ៉ាយ៉ា