យុទ្ធសាស្រ្ត ៥យ៉ាង ដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចលោតចូលក្នុងទីផ្សារប្រទេសចិនបានលឿន
ប្រទេសចិនគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់លេខ១ក្នុងពិភពលោក ហើយចិនក៏ជាប្រទេសមួយដែលមានទីផ្សារធំសម្រាប់ក្រុមហ៊ុនគ្រប់ប្រភេទទៅវិនិយោគនៅទីនោះផងដែរ។ នាពេលបច្ចុប្បន្នមានក្រុមហ៊ុនធំៗជាច្រើនបានបោះទីតាំងរបស់ខ្លួនក្នុងប្រទេសយក្សមួយនេះ។ មួយវិញទៀត ទីផ្សារនៅក្នុងប្រទេសចិនមានការប្រកួតប្រជែងខ្លាំង។ បើយោងតាមការសិក្សាស្រាវជ្រាវ យុទ្ធសាស្រ្ដធ្វើអាជីវកម្មភាគច្រើននៅក្នុងប្រទេសចិនគឺផ្ដោតទៅលើការធ្វើអាជីវកម្មបែបអេឡិចត្រូនិច (E-commerce)។ ថ្ងៃនេះ Bizkhmer នឹងចែករំលែកវិធីសាស្រ្ដមួយចំនួនដល់មិត្ដអ្នកអានដែលចង់ធ្វើអាជីវកម្មនៅក្នុងប្រទេសចិន ៖
១) យុទ្ធសាស្រ្ដផ្សព្វផ្សាយ
បើចង់ធ្វើពាណិជ្ជកម្មតាមរយៈបណ្ដាណសង្គម Social Media នៅក្នុងប្រទេសចិនអ្នកគួរសិក្សាស្វែងយល់ឲ្យច្បាស់បន្ដិច ព្រោះប្រទេសនេះមិនអនុញ្ញាតឲ្យមានFacebook និង Twitter ក្នុងប្រទេសពួកគេឡើយ។ ប្រជាជនក្នុងប្រទេសនេះប្រើប្រាស់កម្មវិធីដែលប្រទេសពួកគេបង្កើតខ្លួនគេតែប៉ុណ្ណោះ។ គ្រប់គ្នាសុទ្ធតែដឹងថាសព្វថ្ងៃបណ្ដាញទំនាក់ទំនងសង្គមកំពុងវាយលុកទីផ្សារអាជីវកម្មយ៉ាងខ្លាំង ហើយវាជាប្រភពមួយដែលគៀងគរអតិថិជនអោយមកចាប់អារម្មណ៍លើផលិតផលឬសេវាកម្មរបស់អ្នក។ ដូចនេះ នូវពេលដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេសចិនអ្នកគួរតែពិភាក្សាជាមួយអ្នកជំនាញផ្នែកនេះនៅទីនោះឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលក្នុងការធ្វើយុទ្ធសាស្ដ្រទីផ្សាររបស់អ្នកឲ្យត្រូវគោលដៅ។
អ្នកក៏អាចសាកល្បងកម្មវិធីទំនាក់ទំនងសង្គមដទៃទៀតដូចជា WeChat ឬ Weibo ជាដើម។ នេះគឺជាបណ្ដាញសង្គមដ៏ពេញនិយមនៅក្នុងប្រទេសចិន ដែលជាកម្មវិធីយុវវ័យក្នុងប្រទេសចិនប្រើប្រាស់ច្រើនជាងគេ។ កម្មវិធី Wechat អាចឱ្យអ្នកលេង ទិញទំនិញបាននិង Chat លេងបានផងលើកម្មវិធីមួយក្នុងពេលតែមួយ។
២) ការធ្វើយុទ្ធសាស្រ្ដផ្សព្វផ្សាយម៉ាកយីហោរ
គ្រប់អាជីវកម្មទាំងអស់ការធ្វើទីផ្សារម៉ាកយីហោពិតជាសំខាន់ណាស់។ អ្នកត្រូវមានគំនិតច្នៃប្រឌិតក្នុងការបង្កើតផ្លាកយីហោដែលអាចទាក់ទាញអតិថិជនអ្នកបាន។ ចំពោះអាជីវកម្មបែបអេឡិចត្រូនិចឬបែបទំនើប(E-Commerc) ផ្លាកយីហោគឺដើរតួរនាទីយ៉ាងសំខាន់ ព្រោះមនុស្សសព្វថ្ងៃមុននឹងសម្រេចចិត្តទិញទំនិញ ឬសេវាកម្មអ្វីមួយពួកគេតែងសម្លឹងមើលទៅលើផ្លាកយីហោជាមុនសិន។
៣) ភាសា
ចូលទៅក្នុងទីផ្សារនៃប្រទេសចិនបាន អ្នកត្រូវរៀនពីភាសារបស់ពួកគេហើយពេលខ្លះអ្នកនៅតែត្រូវការអ្នកបកប្រែតាមខ្លួនអ្នកម្ដងម្កាលដែរព្រោះពេលខ្លះភាសាតំបន់របស់ពួកគេអាចធ្វើឲ្យអ្នកមិនយល់ពីអ្វីដែលពួកនិយាយក៏អាចថាបាន។ មួយវិញទៀតអ្នកក៏ត្រូវការមនុស្សមកពន្យល់អ្នកអំពីវប្បធម៌និងប្រពៃណីនៅក្នុងប្រទេសចិនដូចគ្នា។ ក្នុងប្រទេសចិនពួកគេមានបង្កើតក្រុមហ៊ុនសេវាកម្មបកប្រែ ពួកគេនឹងចាំជួយអ្នកគ្រប់យ៉ាងដែលពាក់ព័ន្ធទៅនឹងភាសារបស់ជនជាតិចិន។
៤) ជ្រើសរើសតួសម្រាប់ធ្វើពាណិជ្ជកម្ម
នៅក្នុងប្រទេសចិនអាជីវកម្មបែបអេឡិចត្រូនិកមានការប្រកួតប្រជែងខ្លាំងជាងគេ។ អាជីវកម្មនៅទីនោះភាពជោគជ័យវាអាស្រ័យទៅម្ចាស់អាជីវកម្មម្នាក់ចេះផ្សព្វផ្សាយផលិតផលឬសេវាកម្មតាមរបៀបណា។
ការធ្វើទីផ្សារនៅក្នុងប្រទេសចិនអ្នកគួរតែមានគំនិតច្នៃប្រឌិតខ្ពស់បន្ដិច ដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចដើរដល់ចំណុចដែលអ្នកកំណត់។ បើអ្នកចូលទៅក្នុងទីផ្សារចិនលក់គ្រឿងសំអាង គ្រឿងអលង្ការ ឬផលិតផលអ្វីផ្សេងនោះទេ អ្នកគួរតែសិក្សាស្រាវជ្រាវទៅលើតារាល្បីនៅលើប្រព័ន្ធសង្គមក្នុងប្រទេសចិនឲ្យបានច្រើន ព្រោះពួកគេទាំងនោះជាអ្នកលេងបណ្ដាញសង្គមដែលមានឥទិ្ធពលខ្លាំងទៅលើអ្នកគាំទ្រ ហើយទទួលបានការគាំទ្រច្រើន មួយវិញទៀតបើអ្នកជួលពួកគេអោយធ្វើអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអោយផលិតផល ឬ សេវាកម្មអ្នក វាជាផ្នែកមួយដែលអាចជួយផលិតផល ឬ សេវាកម្មរបស់អ្នកឆាប់មានអ្នកស្គាល់ច្រើន និងលក់ចេញបានឆាប់រហ័ស។
៥) ក្រុមហ៊ុនផ្ដល់សេវាកម្មផ្ទុកទិន្នន័យ (Cloud Service Provider)
ស្វែងរកក្រុមហ៊ុនដែលអ្នកទុកចិត្តក្នុងការរៀបចំទម្រង់ប្រព័ន្ធ និង គ្រប់គ្រងទិន្នន័យរបស់អាជីវកម្មរបស់អ្នកឲ្យបានត្រឹមត្រូវ។ មុនពេលសម្រេចចិត្តជ្រើសរើសក្រុមហ៊ុន Cloud Service ណាមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក ត្រូវប្រាកដចិត្ដថាក្រុមហ៊ុននោះរក្សានូវព័ត៌មានរបស់អាជីវកម្មអ្នកបានយ៉ាងល្អមិនបែកធ្លាយចេញទៅក្រៅ។ ក្រុមហ៊ុនទាំងនោះនឹងផ្តល់ជូនអ្នកនូវកញ្ចប់សេវាកម្មជាមួយនឹងលក្ខណៈពិសេសទាំងអស់ដែលតម្រូវតាមលក្ខណៈជំនួញរបស់អ្នកនិងតម្រូវការរបស់ក្រុមហ៊ុនទាំងអស់ដែលស្របទៅតាមទីផ្សាររបស់ប្រទេសចិន៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ multichannelmerchant