ទស្សនាសមត្ថភាពដ៏អស្ចារ្យរបស់ឡានហោះ Terrafugia TF-X អាចហោះជ្រែកវេហាមិនចាញ់ឧទ្ធម្ភាគចក្រ
យុគសម័យរថយន្តអាចហោះបាន កំពុងបើកទំព័រប្រវត្តិសាស្ត្ររបស់ខ្លួន ធ្វើឲ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នេះជាសមិទ្ធផលថ្មីមួយ បង្ហាញនូវទស្សនវិស័យដ៏ត្រឹមត្រូវ អាចក្លាយជាការពិតបាន បន្ទាប់ពីត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រស្រមៃចង់ឱ្យអភិវឌ្ឍតាំងពីអំឡុងទសវត្សឆ្នាំ១៩៥០។ រីឯឡានហោះ នេះក៏ជាសមិទ្ធផលថ្មីដែលជាស្នាដៃរបស់ក្រុមហ៊ុនអាមេរិក Terrafugia។
នេះជាគម្រោងអភិវឌ្ឍរថយន្តហោះ របស់ក្រុមហ៊ុន Terrafugia សម្រាប់វិស័យដឹកជញ្ជូនដោយសេរី គ្មានព្រំដែន នាពេលអនាគត ពោលគឺអាចធ្វើដំណើរបានទាំងផ្លូវគោក និងផ្លូវអាកាស។ ឡានហោះ The TF-X ត្រូវបានរចនាមានរូបរាងជារថយន្ត បង្កប់ដោយស្លាបចក្រសងខាងអាចបត់ទុក មាន ៤កៅអី។ នៅពេលបើកការហោះហើរ រថយន្តនឹងត្រដាងស្លាបទាំងគូ ដែលដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ ប្រើប្រព័ន្ធអគ្គិសនីកម្រិត ១មេហ្គាវ៉ាត់ ដើម្បីអាចនាំអ្នកជិះហោះឡើងបាន។
វាអាចដំណើរការបានដោយម៉ូទ័រអគ្គិសនី និងកម្លាំងម៉ាស៊ីន ៣០០សេះ ដែលអាចសាកអាគុយវិញ។ រថយន្តហោះរបស់ Terrafugia នេះមានល្បឿន ៣២២គីឡូម៉ែត្រក្នុងមួយម៉ោង សាកភ្លើងពេញអាចរត់បានចម្ងាយផ្លូវ ៨០៥គីឡូម៉ែត្រ។ TF-X នឹងផ្ដល់ទំនុកចិត្តជូនអ្នកជិះ ជាមួយការចុះចតងាយស្រួល មានសុវត្ថិភាព ហើយក្រោយពីចុះចតនោះស្លាបចក្រនឹងបត់លាក់ទុក ប្ដូររូបរាងជាកូនរថយន្តធម្មតាមួយវិញ៕