តោះទៅមើល របៀបសាងប្រាក់ចំណូលនិងការចំណាយរបស់លោក ប៊ីល ហ្គេតស៍ មហាសេដ្ឋីលំដាប់ពិភពលោក​



លោក ប៊ីល ហ្កេតស៍ (Bill Gates) ជាកំពូលអ្នកមានទី ២ លើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបជាង ៩៣ ពាន់លានដុល្លារអាមេរិក (ប៊ីលាន) បន្ទាប់ពីលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon ដែលមានទ្រព្យសម្បត្តិជាង ១៣៧​ពាន់លានដុល្លារអាមេរិក (ប៊ីលាន)។ ប្រសិនជាលោក ហ្គេតស៍ ជូនប្រាក់ ១០ ដុល្លារដល់មនុស្សគ្រប់គ្នាជុំវិញពិភពលោក គឺលោកនៅតែសល់លុយយ៉ាងតិចណាស់ ២០ ពាន់លានដុល្លារអាមេរិកដែរ។

 

លោក Bill Gates ត្រូវបានគេចារឈ្មោះក្នុងប្រវត្តិសាស្ត្រថាជាមហាសេដ្ធីវ័យដែលរកបានដោយខ្លួនឯងក្មេងជាងគេពេលលោកអាយុ ៣១ ឆ្នាំដែលបានសាងប្រាក់ចំណូលដោយខ្លួនឯងផ្ទាល់ដល់ទៅខ្ទង់ពាន់លានដុល្លារ ហើយលោកបានកាន់តំណែងនេះរហូតមកដល់ឆ្នាំ ២០០៨ ដែលពេលនោះគឺ នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg ដែលមានអាយុ ២៣ ឆ្នាំបានដណ្ដើមតំណែងរបស់លោក ប៊ីល ហ្គេតស៍ ជាមហាសេដ្ឋីវ័យក្មេងជាងគេវិញ។

 

លោក Bill Gates បានចំណាយទ្រព្យសម្បត្តិរបស់គាត់ទៅលើអ្វីៗ គ្រប់យ៉ាងរាប់ចាប់ពីរថយន្តទំនើបៗ រហូតដល់ការថែរក្សាដើមឈើសំណព្វរបស់លោក ប៉ុន្តែគោលដៅចម្បងរបស់គាត់គឺលោកចង់លះបង់ដើម្បីជួយពិភពលោកទាំងមូល។

 

លោកហ្គេតស៍ បានចាប់ផ្ដើមអាជីពតាំងពីវ័យក្មេងម្លេះ ដោយកាលនោះលោកមានអាយុ ១៧ ឆ្នាំហើយបានលក់កម្មវិធីកុំព្យូទ័រដំបូងរបស់លោកដែលជាប្រព័ន្ធកំណត់ពេលវេលា ទៅឲ្យសាលាវិទ្យាល័យឯកជនរបស់លោកក្នុងតម្លៃ ៤,២០០ ដុល្លារអាមេរិក ។

 

លោក ប៊ីល ហ្គេតស៍ និង លោក ផល អេលិន (Paul Allen) គឺជាមិត្តភក្តិជិតស្និទ្ធជាមួយគ្នាបានបង្កើតក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ១៩៧៥ ហើយក្នុងឆ្នាំ ១៩៨០ ក្រុមហ៊ុននេះបានបង្កើតប្រព័ន្ធប្រតិបត្ដិការសម្រាប់កុំព្យូទ័រទៅអោយក្រុមហ៊ុន IBM ។ ក្រោយមកប្រព័ន្ធប្រតិបត្ដិការ MS-DOS បានក្លាយជាផលិតផលជោគជ័យយ៉ាងធំធេងរបស់ក្រុមហ៊ុន Microsoft ដែលកុំព្យូទ័រសព្វថ្ងៃកំពុងតែប្រើប្រាស់ប្រព័ន្ធនេះ។ ហើយនៅពេលក្រុមហ៊ុនរបស់លោក ប៊ីល ហ្គេតស៍ បានល្បីឈ្មោះជាសាធារណៈ គឺតម្លៃទីផ្សារបស់ក្រុមហ៊ុននេះមានតម្លៃ ៦១ លានដុល្លារអាមេរិកហើយលោក ហ្គេតស៍ មានប្រាក់ចំណូលពីភាគហ៊ុនត្រឹមតែ ១.៦ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ហើយភាគហ៊ុនដែលនៅសល់របស់លោកចំនួន ៤៥ ភាគរយនៅក្នុងក្រុមហ៊ុននេះគឺមានតម្លៃ ៣៥០ លានដុល្លារអាមេរិក។

 

ត្រឹមតែអាយុ ៣០ សោះលោក ប៊ីល ហ្គេតស៍ បានក្លាយជាអ្នកមានជាងគេនៅសហរដ្ធអាមេរិក។ ហើយក្នុងឆ្នាំ ១៩៩០ ក្រុមហ៊ុនរបស់លោកបានបញ្ចេញផលិតផល Microsoft Office ដែលជាផលិតផលដែលជោគជ័យយ៉ាងធំធេងរបស់ក្រុមហ៊ុននេះមកទល់សព្វថ្ងៃ ហើយក្រោយមកក្នុងឆ្នាំ ១៩៩៥ ក្រុមហ៊ុន Microsoft នេះបានបញ្ចេញផលិតផល Windows ៩៥ ដែលបានធ្វើអោយលោក Bill Gates ក្លាយខ្លួនជាអ្នកមានជាងគេលើពិភពលោករហូតមកទល់ឆ្នាំ ២០០៨ ដែលលោក Warren Buffet ដណ្ដើមតំណែងនេះបាន ប៉ុន្តែក្រោយមកលោក Jeff Bezos ដណ្ដើមតំណែងបានជាមហាសេដ្ធីមានជាងគេលើលោកក្នុង ២០១៨។

 

ក្នុងឆ្នាំ ១៩៩៩ តម្លៃទ្រព្យសម្បត្តិសរុបរបស់លោក ប៊ីល ហ្គេតស៍ បានកើនជាង ១០០ ពាន់លានដុល្លារអាមេរិក។

 

ប៉ុន្តែដោយសារឆ្នាំ ២០០០ លោកបានលាលែងពីតំណែងជា CEO របស់ក្រុមហ៊ុនលោកស្របពេលដែលក្រុមហ៊ុននេះមានបញ្ហាក្នុងករណីច្បាប់ប្រឆាំងនឹងការជឿទុកចិត្ត ដែលធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះជាង ១៤ ភាគរយ ប៉ុន្តែក្រុមហ៊ុននេះបានព្យាយាមស្ដារខ្លួនឡើងវិញក្នុងរយៈពេល ១៥ ឆ្នាំនេះ។

 

នៅឆ្នាំ ២០១៨ ថ្មីៗនេះក្រុមហ៊ុន Microsoft បានឈានដល់ការលក់ដំបូងរបស់ខ្លួនដល់ទៅចំនួន ១០០ ពាន់លានដុល្លារហើយបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុតដែលបានវ៉ាដាច់ទាំងក្រុមហ៊ុន Apple និង Amazon ។

 

អ្វីដែលគួរអោយកោតសរសើរលោក Bill Gates នោះគឺលោកបានបរិច្ចាគភាគហ៊ុនរបស់លោកដែលមានតម្លៃជាង ៣៥.៨ ពាន់លានដុល្លារ ហើយសព្វថ្ងៃគឺលោកមានភាគហ៊ុនត្រឹមតែ ១ ភាគរយប៉ុណ្ណោះដែលមានតម្លៃជាង ៧.៣ ពាន់លានដុល្លារ។

 

អ្វីដែលអស្ចារ្យជាងនេះទៅទៀតគឺលោក Bill Gates និងភរិយារបស់លោក អ្នកស្រី Melinda បានបង្កើតមូលនិធិ Bill & Melinda Gates ដែលជាមូនិធិសប្បុរសធម៌ធំបំផុតរបស់ពិភពលោកដោយហិរញ្ញវត្ថុច្រើនជាង ៥០ ពាន់លានដុល្លារហើយបានបរិច្ចាគថវិកា ៤០ ពាន់លានដុល្លារដល់គម្រោងអប់រំនិងសុខុមាលភាពពិភពលោកជាច្រើនឆ្នាំមកនេះ។ ក្នុងឆ្នាំ ២០១០ លោក Bill Gates និងភរិយារបស់លោក Melinda Gates សហការជាមួយ Warren Buffett ដើម្បីបង្កើតមូលនិធិ The Giving Pledge ដែលអ្នកចូលរួមទាំងអស់នោះបានប្តេជ្ញាចិត្តបរិច្ចាគពាក់កណ្តាលនៃទ្រព្យសម្បត្តិរបស់ពួកគេទៅមូលនិធិសប្បុរសធម៌។

 

បើទោះបីជាលោក ហ្គេតស៍ ពិតជាបានប្តេជ្ញាចិត្តចំពោះការធ្វើជាសប្បុរសជនក៏ដោយក៏គាត់មិនខ្មាស់អៀនអំពីការចំណាយប្រាក់របស់គាត់លើអ្វីដែលលោកស្រឡាញ់នោះទេដូចជារថយន្តទំនើបជាដើម។ លោកបានទិញរថយន្តទំនើបៗមួយចំនួនដែលមានដូចជា Porsche 911 Ferrari 348 និង Jaguar XJ6 ដោយសារតែលោកចូលចិត្តបើករថយន្តល្បឿនលឿនដូចជានៅតំបន់វាលខ្សាច់ជាដើម ព្រោះលោកយល់ថាការបើកបរក្នុងល្បឿនលឿននេះជួយបញ្ចេញនូវអារម្មណ៌ស្មុគស្មាញនៅក្នុងចិត្តរបស់លោក។

 

ក្រៅពីការទិញនិងរក្សាទុករថយន្តទំនើបផងដែរនោះ លោក ហ្គេតស៍ ក៏បានចំណាយថវិការទៅលើរបស់ផ្សេងផងដែរមានដូចជាបានទិញយន្ដហោះផ្ទាល់ខ្លួនក្នុងតម្លៃ ២១ លានដុល្លារអាមេរិក។ ជាងនេះទៅទៀត លោកបានចំណាយ ៥ លានដុល្លារក្នុងការធ្វើដំណើរកំសាន្តតាមកំប៉ាល់ទឹកជាមួយក្រុមគ្រួសាររបស់លោក ហើយលោកក៍មានភាគហ៊ុនក្នុងអាជីវកម្មផ្សេងៗ មានដូចជាសណ្ឋាគារ Four SeasonsHoldings ដែលលោកកាន់កាប់ជាងពាក់កណ្ដាលនៃភាគហ៊ុននោះ ។ លោកក៏មានកម្មសិទ្ធិផ្នែកខ្លះនៃសណ្ឋាគារ Charles នៅ Cambridge រដ្ឋ Massachusetts ផងដែរ។ ផ្សេងទៀតគឺលោកបានចំណាយថវិការលើអចលនទ្រព្យដោយទិញកន្លែងមួយចំនួន។

 

លោកហ្គេតស៍ បានចំណាយពេលអស់រយៈពេល ៧ឆ្នាំ និងចំណាយលុយជាង ៦៣ លានដុល្លារដើម្បីសាងសង់អគារបច្ចេកវិទ្យាដ៏ធំមួយនៅ Medina ក្នុងរដ្ធ Washington ដែលមានឈ្មោះថា Xanadu ២.០ ដោយមានតម្លៃជាង ១៣១ លានដុល្លារអាមេរិក។ ក្នុងអគារនេះមានបំពាក់ដោយបច្ចេកវិទ្យាទំនើបនិងកញ្ចក់កុំព្យូទ័រជាច្រើនដាក់ជាប់នឹងជញ្ចាំងអគារដែលបង្ហាញពីផ្ទាំងរូបភាពឬគំនូរណាមួយដែលអ្នកពេញចិត្តហើយក៍មានផ្ទាំងរូបភាពពិតខ្លះផងដែរ។ ក្នុងអគារនោះមានបន្ទប់ទឹក បន្ទប់គេង និងសាលប្រជុំមួយយ៉ាងធំនិងមានបច្ចេកវិទ្យាដែលមានដូចប្រអប់សម្លេងចេញពីជញ្ជាំងក្នុងបន្ទប់នីមួយៗ។ ហើយក៍មានការដាក់តាំងរថយន្តដែលលោកបានទិញនិងរក្សាទុកតាំងពីយូរណាស់មកហើយ។

 

ជាងនេះទៅទៀត លោកក៍មានអគារដ៏ធំស្កឹមស្កៃមួយដែលមានអាងទឹកមួយជម្រៅ ៨០ ហ្វីតដែលបំពាក់ដោយប្រព័ន្ធតន្ត្រីក្រោមទឹក។ ហើយលោកក៍បានចំណាយលុយនិងពេលវេលារបស់លោកក្នុងការមើលថែទាំដើមឈើសំណព្វរបស់គាត់ដែលមានអាយុ ៤០ ឆ្នាំជាង ដោយមានប្រព័ន្ធបូមទឹកដាក់នៅពេលដើមឈើស្ងួតខ្វះទឹកដោយស្វ័យប្រវត្តិ។

 

អ្វីដែលកគួរអោយភ្ញាក់ផ្អើលជាងគេនោះគឺលោក Bill Gates មានការចំណាយត្បិតត្បៀតយ៉ាងខ្លាំងដោយលោកពាក់នាឡិកាដៃដែលមានតម្លៃត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះ ហើយញ៉ាំអាហារតាម McDonald និង Diet Coke ដែលមានលក្ខណៈសាមញ្ញដូចគេដូចឯងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានប្រកាសថាកូនទាំង ៣នាក់របស់លោកគឺម្នាក់ៗ ទទួលបានថវិកាត្រឹមតែ ១០ លានដុល្លាប៉ុណ្ណោះដែលមិនស្មើនឹង ១.១ ភាគរយនៃទ្រព្យសម្បត្តិរបស់លោកទាំងអស់។ លោក ធ្វើបែបនេះព្រោះលោកចង់អោយកូនរបស់លោកមានការព្យាយាមរកភាពជោគជ័យដោយខ្លួនឯងដោយមិនពឹងផ្អែកលើទ្រព្យសម្បត្តិរបស់ពុកម្ដាយពួកគេទេ។

 

ទោះជាយ៉ាងណាក៍ដោយ ទ្រព្យសម្បត្តិមួយភាគធំរបស់លោកគឺនឹងត្រូវរត់ចូលក្នុងមូលនិធិសប្បុរសធម៌ដែលព្រោះបច្ចុប្បន្ននេះ លោកកំពុងដោះស្រាយបញ្ហាធំៗនៅជុំវិញពិភពលោកមានដូចជាអាត្រាការស្លាប់កុមារ បញ្ហាកង្វះអាហារូបត្ថម្ភ និងការកើនឡើងកម្ដៅនៅជុំវិញពិភពលោក។ និយាយរួម បំណងធំរបស់លោកគឺចង់បន្សល់ទុកនូវស្នាដៃដ៍ល្អផូរផង់ដល់ប្រជាជនគ្រប់រូបនៅលើពិភពលោកតាមរយៈការបរិច្ចាគរបស់លោកតាមមូលនិធិសប្បុរសធម៌៕

 

ដោយ៖ នឿន វណ្ណៈ

X
5s