លោកដូណាលត្រាំមានគម្រោងជួបប្រជុំជាមួយលោក គីម ជុងអ៊ុន ក្នុងប្រទេសវៀតណាមក្នុងពេលខាងមុខ
លោកដូណាលត្រាំ មានគម្រោងជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងប្រទេសវៀតណាមនាចុងខែកុម្ភៈនេះ នេះបើយោងតាមប្រភពកាសែតជាច្រើនបានឲ្យដឹង។
លោកប្រធានាធិបតីអាមេរិករូបនេះបានប្រាប់ទៅកាន់អ្នកកាសែត ថាលោកនឹងប្រាប់អំពីព័ត៌មានលម្អិតអំពីកិច្ចប្រជុំនេះនាពេលខាងមុខ ដោយលោកបានមានប្រសាសន៍ថាកិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃទី ២៧-២៨ ខែកុម្ភៈ នេះបើយោងតាម CNN និង Politico ចេញផ្សាយកាលពីថ្ងៃចន្ទ។
លោក Stephen Biegun ដៃគូចរចានឹងត្រូវជួបជាមួយសហភាគីកូរ៉េខាងជើង នៅថ្ងៃពុធនេះនៅទីក្រុងព្យុងយ៉ាង។ លោកមានសង្ឃឹមថាកិច្ចប្រជុំជាមួយលោក Kim Hyok Chol អាចនឹងចាត់ចែងរៀបចំរួចជាស្រេច នេះបើយោងតាម Reuters។
កិច្ចប្រជុំនេះមិនទាន់ច្បាស់ថានឹងត្រូវធ្វើឡើងក្នុងទីក្រុងណាមួយក្នុងប្រទេសវៀតណាមនៅឡើយទេ ប៉ុន្តែមានទីក្រុងចំនួន២ដែលទំនងជានឹងអាចធ្វើជាម្ចាស់ផ្ទះដូចជា ទីក្រុងហាណូយ និងដាណាង។
គួរបញ្ជាក់ផងដែរថា នេះជាលើកទីពីរហើយដែលលោកដូណាលត្រាំនឹងជួបប្រជុំជាមួយលោកគីម ដោយកាលពីកិច្ចប្រជុំទ្វេភាគីលើកទី១ធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរីកាលពីឆ្នាំទៅ៕
ដោយ៖ លង់ វណ្ណៈ