កិច្ចប្រជុំពិភាក្សាស្ដីពី កម្មវិធីក្លឹបសរសេរកូដសម្រាប់ស្ត្រី "Sister of Code”
កាលពីរសៀលម្សិលមិញ ថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ ២០១៩ ក្នុងកម្មវិធី កិច្ចប្រជុំពិភាក្សាស្ដីពី «កម្មវិធីក្លឹបសរសេរកូដសម្រាប់ស្រ្តី Sister of Code» ដែលមានការអញ្ចើញចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិភាក្សាលម្អិតអំពីដំណើរនៃគម្រោង និងកិច្ចសហប្រតិបត្តិការដែលអាចជួយដោះស្រាយបញ្ហាប្រឈមសំខាន់ៗជាច្រើន ដើម្បីទទួលបានលទ្ធភាពល្អសម្រាប់សិស្សានុសិស្ស៕
កម្មវិធី Sister of Code គឺជាកម្មវិធីលើកទឹកចិត្តនិងជម្រុញសិស្សនារីនៅកម្ពុជាមានកម្លាំងចិត្ត ព្យាយាមរៀនពីការសរសេរកូដកម្មវិធី និងអភិវឌ្ឍទំនុកចិត្ត ក៏ដូចជាផ្ដល់ឱកាសជោគជ័យផ្នែកឌីជីថលនាពេលអនាគត តាមរយៈការចូលរួមកម្មវិធីក្លឹបសរសេរកូដ "Sister of Code” ដែលជាកម្មវិធីសម្រាប់ស្ត្រីដំបូងគេបង្អស់នៅកម្ពុជា។
កម្មវិធីនេះ នឹងបង្រៀនសិស្សនារីដែលមានអាយុចន្លោះពី១០ឆ្នាំទៅ១៨ឆ្នាំ នៅមូលដ្ឋានគ្រឹះនៃការសរសេរកូដដោយឥតគិតថ្លៃរយៈពេល ៦ខែ។ លើសពីនេះទៅទៀតកម្មវិធីនេះផ្ដល់សារៈប្រយោជន៍ជាច្រើនដល់សិស្សានុសិស្ស ជាពិសេសគឺ សិស្សនារីឲ្យទទួលបានឪកាសសិក្សាស្វែងយល់ពីប្រព័ន្ធបច្ចេកវិឡាទំនើប ថាមានការជឿនលឿនដល់កម្រិតណា នៅលើប្រព័ន្ធគ្រប់គ្រងនេះ៕
ប្រភព៖ ហ្វេសបុកផេកផ្លូវការរបស់ក្រសួង អប់រំ យុវជន និងកីឡា