គម្រោង​វិនិយោគរោង​ចក្រពីរ​នៅ​ខេត្ត​កំពង់ស្ពឺ​​បង្កើត​ការ​ងារ​បានជិត ​៣ពាន់​កន្លែង​



ក្រុ​មហ៊ុន​ចំនួន​ពីរត្រូវ​បាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជាស្ថាពរតាម​រយៈ​ការ​ស្នើរសុំ​ក្នុង​ការវិនិយោគលើ​គម្រោង​​​បង្កើត​រោងចក្រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​កំពង់​ស្ពឺ ដែល​សរុប​ទុន​វិនិយោគ​ប្រមាណ ៩,០៤ លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​អាច​ជួយ​ផ្ដល់​ការងារ​ដល់​ប្រជាជន​បាន​រហូត​ដល់​២,៧៩៤​កន្លែង។

ទីមួយក្រុមហ៊ុន​ “SHINING (CAMBODIA) BELT & BAG CO.,LTD.” គម្រោង​បង្កើត​រោង​ចក្រ​ផលិត​ខ្សែក្រវាត់ និង​កាបូប​គ្រប់​ប្រភេទ ដែល​ចំណាយ​ដើម​ទុន​ក្នុង​ការ​វិនិយោគ​ប្រមាណ​ជា ៣,៣៦ លាន​ដុល្លារ​អាមេរិក និង​អាច​ជួយ​ផ្ដល់​ការ​ងារ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​ ៧៣៥ កន្លែង។ រោង​ចក្រ​នេះ​មាន​ទី​តាំង​វិនិយោគ​ស្ថិត​នៅ​ ដីឡូតិ៍ A ភូម​ព្រៃខ្វាវ ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

ក្រុមហ៊ុន ទីពីរ “PARTAGE (CAMBODIA) CO.,LTD” គម្រោង​បង្កើត​រោងចក្រ​ផលិតកាបូប និង​គ្រឿង​បន្សំកាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ ភូមិ​សង្រ្គោះជាតិ ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់​ស្ពឺ។ ដោយ​ចំណាយ​ទុន​ក្នុង​ការ​វិនិយោគ​ប្រមាណ ៥,៦៨ លាន​ដុល្លារអាមេរិក ព្រម​ទាំង​អាច​បង្កើត​ឱកាសការងារ​ដល់​ប្រជាពលរដ្ឋ​បាន​រហូត​ដល់​ ២,០៥៩ កន្លែង​ផងដែរ៕

អត្ថបទ ៖ ជួប ស្រីរ័ត្ន

 

 

X
5s