ឥណ្ឌាត្រៀមខ្លួន​ដើម្បី​ក្លាយ​ជា​មហា​​​​​​​​​​​​​​​​​​​​អំណាច​សេដ្ឋកិច្ច​​​​ ៥ឆ្នាំខាង​​មុខ​



ប្រទេសឥណ្ឌាធ្លាប់ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ១១ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេកាលពីឆ្នាំ២០១៣-២០១៤​។ អ្វី​ដែល​រឹត​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​នោះ​គឺ​ថា​ ​ឥណ្ឌា​បាន​​​វិវឌ្ឍខ្លួន​ទៅជាប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ជាប់​ចំណាត់​ថ្នាក់​លេខ ៦នៅក្នុងឆ្នាំ២០១៩​។

កាលពីថ្ងៃសុក្រលោក  Piyush Goyal រដ្ឋមន្រ្ដី ​ក្រសួងហិរញ្ញវត្ថុ​ប្រទេសឥណ្ឌាបាន​ថ្លែង​ថា​ ប្រទេសឥណ្ឌាបានត្រៀមខ្លួនរួចរាល់​ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រទេស​ដែល​មានសេដ្ឋកិច្ច​ទំហំ​ ៥ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក (​5 ទ្រីលានដុល្លារ) នៅ ៥ឆ្នាំខាងមុខ និង បានត្រៀមខ្លួនរួចជាស្រេចដើម្បី​ក្លាយ​ជា​​មហាសេដ្ឋកិច្ចដែលមាន​ទំហំ​ ១០ពាន់ពាន់ដុល្លារសហរដ្ឋអាមេរិក(​10​ ទ្រីលានដុល្លារ) ក្នុងរយៈពេល ៨ឆ្នាំខាងមុខនេះក្រោ​មកំណែរទម្រង់សេដ្ឋកិច្ចថ្មីរបស់ថ្នាក់អ្នកដឹកនាំរបស់ប្រទេសឥណ្ឌា។

គួររម្លឹកផងដែរថា ប្រទេសឥណ្ឌាកាលពីឆ្នាំ​២០១៨ ​បាន​បង្កើត​​​ទំហំ​សេដ្ឋកិច្ចបាន​ប្រមាណ ២.៥៩៧ពាន់ពាន់ដុល្លារសហរដ្ឋអាមេរិក ( $2.597 ​ទ្រីលាន) រួច​មក​ហើយ។ សេដ្ឋកិច្ចនៃប្រទេសឥណ្ឌាបានកើនឡើងជារៀងរាល់ឆ្នាំ​ ហើយក៏បាន​វ៉ា​ដាច់​បណ្ដា​ប្រទេសដែលមានសេដ្ឋកិច្ចធំៗជាច្រើនដូចជា​ប្រទេសបារាំង កាណាដា ប្រេស៊ីល អ៊ីតាលី ជាដើម។ មួយវិញទៀតឥណ្ឌាក៏បានរំពឹងទុកថាខ្លួននឹង​អាច​វ៉ា​ដាច់​ ជប៉ុនដែលជាប្រទេសមហាសេដ្ឋកិច្ចពិភពនៅក្នុងឆ្នាំ ២០៣០ នឹងអាចឈរនៅចំណាត់ថ្នាក់​ទី ៣នៅក្នុងពិភពបន្ទាប់ពី​មហា​អំណាច​សេដ្ឋកិច្ចចិន និង អាមេរិក៕

ដោយ៖ ចាន់លាភ

X
5s