បុណ្យចូលឆ្នាំចិន៖ ព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗប្រចាំសប្តាស៍នៅកម្ពុជា
Bizkhmer សូមផ្ដល់ជូនលោកអ្នកនូវព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗចំនួន៦ ពីស្ថាប័នព័ត៌មានក្នុងស្រុកដែលគួរឲ្យទុកចិត្តចំនួន៤គឺ កាសែតកោះសន្តិភាព រស្មីកម្ពុជា ភ្នំពេញប៉ុស្តិ៍ និងសាព័ត៌មានខ្លីៗ ដើម្បីផ្ដល់ជាជំនួយដល់លោកអ្នកក្នុងការសម្រេចចិត្តអាជីវកម្ម ក៏ដូចជាស្វែងយល់អំពីព្រឹត្តិការណ៍សំខាន់ដែលកើតឡើងក្នុងប្រទេសកម្ពុជាផងដែរ។
យោងតាមកាសែត រស្មីកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ដីអំពី អាមេរិកផ្តល់ថវិកាជាង ១៧លានដុល្លារអនុវត្តលើគម្រោងវារីវប្បកម្មនៅកម្ពុជា៖ ក្នុងគោលដៅបង្កើនផលិតកម្មវារីវប្បកម្មស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្មកម្ពុជាភាគីសហរដ្ឋអាមេរិកសម្រេចផ្តល់ថវិកាសរុប១៧,១លានដុល្លារសម្រាប់អនុវត្តលើគម្រោងអភិវឌ្ឍន៍វារីប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា (CAST)CambodiaWISHH/ASA ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
យោងតាមប្រភពសាព័ត៌មានខាងលើដដែល កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពី កម្ពុជា ជាទីផ្សារទេសចរមួយដ៏ធំរបស់ប្រទេសថៃ៖ អ្នកជំនាញខាងវិស័យទេសចរណ៍របស់ប្រទេសថៃ បានឲ្យដឹងថា កម្ពុជាជាទីផ្សារទេសចរណ៍ដ៏ធំមួយសម្រាប់ប្រទេសថៃ។ ចំនួនអ្នកធ្វើដំណើរជនជាតិកម្ពុជាជាលក្ខណៈឯកជននិង ក្រុមហ៊ុនទៅថៃដើម្បី ដើរលេង ទិញទំនិញ ប្រជុំ សន្និបាត ការងារជំនួញ និងកម្មវិធីពិសេសៗ បានកើនឡើងជិត២០០ភាគរយនៅឆ្នាំ២០១៨។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់កាសែត កោះសន្តិភាព កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពី ឆ្នាំ2018 ពន្ធដារប្រមូលចំណូលបានជាង2ពាន់លានដុល្លារ៖ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) បានចំនួន៨.៧៩១,៤០ប៊ីលានរៀល ឬប្រមាណ២.១៩៧,៨៥លានដុល្លារ ស្មើនឹង១១៤,២៧% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧ កើន១៣,៣៧% ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមសាព័ត៌មានដដែលនេះ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពី ការនាំចេញផលិតផល កាត់ដេរ និងស្បែកជើង កើនឡើងជាង24%៖ ក្នុងឆ្នាំ២០១៨ កម្ពុជាបាននាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់និងស្បែកជើងទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់ប្រមាណ១០ប៊ីលានដុល្លារ កើនឡើងប្រមាណ២៤,៧% បើធៀបនឹងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
សម្រាប់កាសែតភ្នំពេញប៉ុស្ដិ៍វិញ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពី កម្ពុជា ទទួលបានភ្ញៀវទេសចរចិន ២ លាននាក់នៅក្នុងឆ្នាំ ២០១៨៖ ចំនួនទេសចរចិន ដែលមកទស្សនាប្រទេស កម្ពុជា ក្នុងឆ្នាំ ២០១៨ មានប្រមាណ ២ លាននាក់ កើនឡើងជាង ៧០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដែលបានជំរុញឲ្យចំនួនភ្ញៀវទេសចរបរទេសសរុប កើនឡើងដល់ជាង ៦ លាននាក់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួង ទេសចរណ៍កម្ពុជា។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចុងក្រោយគឺ សាព័ត៌មាន ខ្លីៗនៃសាព័ត៌មានSabay កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ឆ្នាំ២០១៨ កម្ពុជា-អាមេរិក សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣ពាន់លានដុល្លារ៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណ ៣,៣១ ពាន់លានដុល្លារអាមេរិក បានកើនឡើង ២៧% ធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ ២,៦១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានតម្លៃ ២,៨៨ ពាន់លានដុល្លារ និងនាំចូលមានតម្លៃ ៤២៦លានដុល្លារ ធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំលំដាប់ទីពីររបស់កម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត