ដើរតាមចំណង់ចំណូលចិត្ដរបស់អ្នកសិន នោះជោគជ័យនឹងរត់មកតាមអ្នកមិនខាន​



មិនថាអ្នកកំពុងពិចារណាចាប់ផ្ដើមបើកអាជីវកម្មខ្នាតតូចឬជ្រើសរើសអាជីពឬធ្វើអ្វីមួយក៏ដោយ រឿងសំខានបំផុតដែលអ្នកត្រូវគិតគូរគឺអ្នកត្រូវធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នកជាមុនសិន។ ទេពកោសល្យ មហិច្ឆតា បញ្ញា វិន័យ ភាពតស៊ូ និងសំណាង ពិតជាជួយរួមចំណែកដល់ភាពជោគជ័យនៃមុខជំនួញនិងអាជីពណាមួយរបស់អ្នកក៏ពិតមែន ប៉ុន្តែចំណង់ចំណូលចិត្តគឺមានឥទ្ធិពលខ្លាំងជាងពីព្រោះវាអាចកំណត់ភាពជោគជ័យរបស់អ្នកមួយផ្នែកធំ។

អត្ថន័យពិតនៃជោគជ័យ
ជាទូទៅ ជោគជ័យត្រូវបានគេសន្មតថាវាទាក់ទងនឹងទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬមានកេរ្តិ៍ឈ្មោះល្បីល្បាញ ប៉ុន្តែភាពជោគជ័យពិតប្រាកដមិនសុទ្ធតែពាក់ព័ន្ធនឹងលុយកាក់ទាំងអស់នោះទេ។

ភាពជោគជ័យគួរតែកំណត់ថា ជាសមិទ្ធិផលនៃអ្វីដែលអ្នកចង់បាន។ អ្វីដែលមនុស្សភាគច្រើនប្រាថ្នាចង់បានលើសពីលុយទៅទៀតនោះ គឺមោទនភាពចំពោះសមិទ្ធផលនិងសកម្មភាពរបស់ពួកគេដែលពួកគេសម្រេចបានក្នុងការងារ ឬភារកិច្ចណាមួយ។ ប្រសិនបើបុគ្គលម្នាក់មានចំណង់ចំណូលចិត្តច្បាស់លាស់នោះគឺ ប្រាក់និងមោទនភាពនឹងកើតឡើងបានដោយសារតែពេលវេលានិងកិច្ចខិតខំប្រឹងប្រែងដែលបុគ្គលនោះបានវិនិយោគនៅក្នុងការផ្សងព្រេងនោះដោយបូកផ្សំជាមួយនឹងភាពមុះមុត និងភាពឧស្សាហ៍ព្យាយាម។

កំពូលបុគ្គលល្បីៗនៅជំនាន់របស់អ្នកដែលផ្ដល់ដំបូន្មានអំពីការដើរតាមចំណង់ចំណូលចិត្តរបស់អ្នក៖
១) លោក Steve Jobs

 

 

ក្រុមហ៊ុន Apple គឺជាកំពូលក្រុមហ៊ុនជោគជ័យមួយលើពិភពលោក ដែលមានលោក ស្ទីវ ចប ជាអតីតនាយកប្រតិបត្តិ។ លោក Carmine Gallo បាននិពន្ធអត្ថបទមួយស្តីពី‌‌ “គោលការណ៍ជោគជ័យទាំងប្រាំពីររបស់លោក Steve Jobs” ដែលស្ដីពីកត្តាសំខាន់ទាំងប្រាំពីរដែលជម្រុញអោយលោក Steve Jobs ទទួលបានជោគជ័យ។ អត្ថបទនេះគឺផ្អែកលើការសម្ភាសន៍ជាច្រើនជាមួយបុគ្គលិករបស់ក្រុមហ៊ុន Apple និងលោក Steve Jobs ផងដែរ។ គោលការណ៍ទីមួយដែលមានក្នុងអត្ថបទគឺ "ធ្វើអ្វីដែលអ្នកស្រលាញ់"។ លោក Steve Jobs ជឿជាក់លើថាមពលនៃចំណង់ចំណូលចិត្តហើយធ្លាប់និយាយថា "មនុស្សដែលមានចំណង់ចំណូលចិត្តអាចផ្លាស់ប្តូរពិភពលោកបានល្អប្រសើរ" ។ លោកបានអះអាងថាចំណង់ចំណូលចិត្តដែលគាត់មានចំពោះការងាររបស់គាត់បានធ្វើអោយលោកទទួលបានជោគជ័យជាធំក្នុងការងាររបស់គាត់។

២) លោកគ្រិស ហ្កាណឺ

 

លោកគ្រិស ហ្កាណឺ (Chris Gardner) ដែលធ្លាប់ជាបុរសគ្មានផ្ទះសំបែង បានក្លាយទៅជាកំពូលអ្នកមានហើយបានសម្ដែងនៅក្នុងខ្សែភាពយន្ត "The Pursuit of Happiness" ដោយបង្ហាញអំពីអ្វីដែលគាត់ជឿថាជាគន្លឹះនៃភាពជោគជ័យ។ យោងតាមលោក ហ្ហាណឺ អាថ៌កំបាំងនៃភាពជោគជ័យគឺ " ស្វែងរកអ្វីមួយដែលអ្នកចូលចិត្តធ្វើជាខ្លាំងដែលអ្នកមិនអាចរង់ចាំឱ្យព្រះអាទិត្យរះឡើងសារជាថ្មីដើម្បីធ្វើវាម្តងទៀត " ។ គាត់ពន្យល់ថាអ្នកដឹកនាំល្អបំផុតគឺមិនមែនជាអ្នកធ្វើការទេ ប៉ុន្តែពួកគេជាបុគ្គលដែលដើរតាមក្ដីស្រមៃចំណង់ចំណូលចិត្តរបស់ពួកគេ។

៣) លោកម៉ាក់ សាក់ហ្កឺប៊ឺក

លោក Mark Zuckerberg សហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញទំនាក់ទំនងយក្ស Facebook ជាបុគ្គលមួយរូបដែលស្នាដៃរបស់លោកក្នុងការស្ថាបនាបណ្ដាញ Facebook បានជះឥទ្ធិពលយ៉ាងខ្លាំងលើការរស់នៅរបស់ប្រជាជនមួយចំនួនធំលើពិភពលោក។ លោក David Kirkpatrick បាននិពន្ធសៀវភៅមួយក្បាលមានចំណងជើង "The Facebook Effect: The Inside Story of The Company That is Connecting The World" ដែលស្ដីអំពីសម្បត្តិលក្ខណៈរបស់លោក Mark Zuckerberg ដែលនាំអោយលោកទទួលបានជោគជ័យ។ ក្នុងចំណោមលក្ខណៈទាំងនោះគឺមានសម្បត្តិលក្ខណៈពិសេសមួយដែលជាការធ្វើតាមចំណង់ចំណូលចិត្តហើយមិនមែនធ្វើអ្វីមួយដើម្បីតែលុយមួយមុខទេ។ ហើយលោក Mark Zuckerberg បានបរិយាយថាការធ្វើអ្វីមួយដែលយើងរីករាយនឹងធ្វើ ហើយទោះបីជាចុងបញ្ចប់យើងមិនបានសមិទ្ធផលជាលុយកាក់ក៍ដោយ ក៍យើងនៅតែមានការសប្បាយចិត្តដែលបានធ្វើអ្វីមួយតាមការសម្រេចចិត្តនិងចំណង់ចំណូលចិត្តរបស់យើង។

៤) លោកវ៉ារិន បាហ្វិត

 

លោក Warren Buffett គឺជាអ្នកវិនិយោគដ៍អស្ចារ្យល្បីល្បាញមួយរូបក្នុងប្រវត្តិសាស្រ្ត ដែលជឿថាមានលក្ខណៈមួយពិសេសផ្សេងក្រៅពីលុយដែលជម្រុញអោយភាពជោគជ័យអាចកើតឡើងបាន។ នៅក្នុងអត្ថបទ “10 Ways To Get Rich: Warren Buffett's Secret That Can Work For You” របស់លោក Parade គឺស្ដីអំពីសម្រង់សម្ដីទូន្មានរបស់លោក Warren Buffett ដែលពាក់ព័ន្ធនឹង អត្ថន័យពិតរបស់ភាពជោគជ័យ។ លោកបានពន្យល់ថា បុគ្គលគ្រប់រូបគួរស្វែងយល់អំពីអត្ថន័យពិសេសនៃការធ្វើអ្វីមួយដែលធ្វើអោយពេលវេលារបស់យើងមានន័យ។

មិនដែលហួសពេលឡើយ
មានជនជាតិអាមេរិកជាច្រើនជាង ៨៥ ភាគរយដែលកំពុងមានបញ្ហាការងារដែលពួកគេសុទ្ធតែរងសម្ពាធក្នុងកន្លែងការងារដោយមានរូមផ្សំជាមួយនឹងបញ្ហាតំហែទាំសុខភាពនិងប្រាក់ចំណូលថេរដែលជម្រុញអោយពួកគេត្រូវតែធ្វើការនៅកន្លែងការងារដែលពួកគេធុញទ្រាំនិងគ្មានការរីកចម្រើនក្នុងការងារ។ ប៉ុន្តែបើសិនជាពួកគេស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ពួកគេគឺពួកគេអាចសម្រេចការងារដែលគេពេញចិត្តដោយងាយស្រួលនិងទទួលបានជោគជ័យយ៉ាងស្រួល។ និយាយរួម ត្រូវតែធ្វើអ្វីមួយដែលអ្នកពេញចិត្តនឹងធ្វើគឺសំខាន់ជាងការមានគណនីធនាគារធំ៕

ដោយ​៖ នឿន វណ្ណៈ

X
5s