អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាមួយនឹង
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី ២៩ មករា ឆ្នាំ២០១៩កន្លងទៅ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃ២៩ មករា កន្លងទៅ។
ដើម្បីជាយន្តការក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហការគ្នាទៅវិញទៅមកឲ្យកាន់តែជិតស្និតបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការស្វែងរក ទប់ស្កាត់ និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ការចុះហត្ថលេខានេះ គឺជាការចុះហត្ថលេខាលើកទី១២ ដែលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាបានចុះអនុស្សរណៈជាមួយស្ថាប័នក្នុងស្រុក ៕
ប្រភព៖ ធនាគារជាតិ