វិនិយោគិន​ជនជាតិ​ថៃ​ម្នាក់​បោះ​ទុន​៣លាន​ដុល្លា​រអាមេរិក​សង់​រោង​ចក្រ​កែច្នៃ​ផ្លែ​ឈើ​មួយ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ​



រោង​ចក្រ​កែច្នៃ​ផ្លែឈើ​មួយ​កន្លែង​នៅ​ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​វិនិយោគិន​ជន​ជាតិ​ថៃ​មួយ​រូប​បោះ​ទុន​វិនិយោគ​ប្រមាណ​ជា​ ៣លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​សាង​សង់ លើ​ទំហំ​ផ្ទៃ​ដី​១០ហិចតា ដោយ​រោងចក្រ​កែច្នៃ​ផ្លែ​ឈើ​នេះ មាន​ទី​តាំង​ភូមិសាស្រ្ត​ស្ថិត​នៅ ឃុំ​អូរឧកញ៉ាហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (ជាប់​ផ្លូវជាតិ​លេខ៤) ។

 

 

ក្នុង​ឱកាស​ដែល​ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​សីហនុ អញ្ជើញ​ចុះ​ពិនិត្យ​មើល​ដំណើរ​ការសាង​សង់ និង​សួរ​សុខ​ទុក្ខ នាថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២១០៩ កន្លង​ទៅ​នេះ តំណាង​រោង​ចក្រ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រោង​ចក្រ​នេះ​មាន​សមត្ថភាព​អាច​កែឆ្នៃ​ផ្លែឈើ​មួយ​ចំនួន​ដូច​ជា ផ្លែ​ស្វាយ ផ្លែ​ល្ហុង ផ្លែ​សាវម៉ៅ ផ្លែ​ម្នាស់​ និង​ផ្លែ​ដូង​ជា​ដើម។ល។ ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​កែច្នៃ​​ផ្លែឈើ​បាន​ចន្លោះ​ពី ២០ ទៅ​២៥ តោន។

 

នៅ​ចន្លោះ​រវាង​ពី​៤ ទៅ​៥​ខែ​ទៀត ក្រោយ​ពេល​ដែល​រោង​ចក្រ​សាងសង់​រួច មិន​ត្រឹម​តែ​អាច​ជួយ​ស្វែង​រក​ទីផ្សារ​ដល់​ប្រជាកសិករ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​បាន​ប្រមាណ​ជា​២០០​កន្លែង​ផងដែរ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​ដំណឹង​ពី​ហ្វេសប៊ុក​ផេកផ្លូវ​ការ​របស់​ឯកឧត្តម​ ខៀវ កញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន តាម​រយៈ​ការ​ផ្ដល់​ដំណឹង​ដោយ ប្រធាន​មន្ទី​ខេត្ត​ព្រះសីហនុ៕

 

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន

X
5s