សូមបងប្អូនខ្មែរនៅប្រទេសថៃប្រុងប្រយ័ត្នខ្ពស់! កម្រិតខ្យល់កខ្វក់នៅប្រទេសថៃកំពុងកើនឡើងក្នុងកម្រិតគ្រោះថ្នាក់ហើយ
ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានជូនដល់សាធារណៈជនទាំងអស់ពិសេសប្រជាពលរដ្ឋកម្ពុជាដែលមានវត្តមាននៅប្រទេសថៃទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែឥទ្ធិពលខ្យល់កខ្វក់ PM2.5 នៅក្នុងប្រទេសថៃ បានកើនឡើងដល់កម្រិតមួយដែលគ្រោះថ្នាក់បំផុត ។
ខ្យល់កខ្វក់ដែលមានកម្ទេចធូលីជាច្រើនដែលគេស្គាល់ថាឈ្មោះថា PM2.5 មានភាគល្អិតនៃធូលីទំហំតូចជាង ២.៥មីក្រូម៉ែត្រ ដែលត្រូវបានចាត់ទុកថាជាកម្រិតគ្រោះថ្នាក់បំផុត ដោយសារតែទំហំដ៏តូចរបស់វាអាចចូលជ្រៅទៅក្នុងសួត ព្រមទាំងប៉ះពាល់ដល់សរីរាង្គផ្សេងៗទៀតផងដែរ។ បញ្ហាខ្យល់កខ្វក់នេះបានកើតឡើងនៅទីក្រុង បាងកក និងខេត្តជាច្រើនដូចជា ខេត្តសាមុទ្រប្រាកាន ខេត្តសាមុទ្រសាខន ខេត្តនន្ទបុរី និងខេត្តណាខនប៉ាធុមជាដើម។
ដោយសារតែខ្វល់កខ្វក់ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង រាជរដ្ឋាភិបាលប្រទេសថៃបានប្រកាសឲ្យសាលារៀន និងគ្រឹះស្ថានអប់រំបិទដំណើរការជាបណ្ដោះអាសន្ន ក្នុងគោលបំណងការពារសុវត្ថិភាព សុខភាព របស់សិស្សនិស្សិតទាំងអស់។ អាស្រ័យហេតុនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានវត្តមាននៅប្រទេសថៃទាំងអស់ មេត្តាថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាសការពារប្រភេទ N95៕