ឃ្លាំងមេរៀនជីវិតទាំង ១០ របស់លោក ណែលសុន មែនដេឡា វីវៈបុរសអាហ្រ្វិកខាងត្បូង
លោក ណែលសុន មែនដេឡា (Nelson Mandela) ត្រូវគេចាត់ទុកថាជាវីវៈបុរសនិងជានិម្មិតរូបនៃការរើបម្រាសពីរបបជិះជាន់ ប្រកាន់ពូជសាសន៍ ដែលបានប្រែក្លាយប្រទេសអាហ្វ្រិកខាងត្បូងឲ្យស្គាល់ប្រជាធិបតេយ្យ សេរីភាពគ្មានការរើសអើងដល់សព្វថ្ងៃនេះ។ លោក ណែលសុន មែនដេឡា បានបន្សល់ទុកនូវសម្រង់សម្ដីនិងមេរៀនជីវិតល្អជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយរបស់លោក។ ខាងក្រោមនេះគឺជាមេរៀនជីវិតទាំង ១០របស់លោក ណែលសុន មែនដេឡា ជាគតិគិតពិចារណាដើម្បីស្រូបយកជាចំណេះដឹង៖
១) អ្នកអាចផ្លាស់ប្ដូរពិភពលោកតាមរយៈការអប់រំ
«ការអប់រំគឺជាអាវុធដ៏មានឥទ្ធិពល ដែលអ្នកអាចយកវាទៅផ្លាស់ប្ដូរពិភពលោកបាន។»
ការអប់រំគឺជាម៉ាស៊ីនដ៏ខ្លាំងក្លាដែលជួយអ្នកអភិវឌ្ឍខ្លួនរបស់អ្នក។ ដោយសារតែការអប់រំបានជួយឲ្យកូនស្រីរបស់កសិករម្នាក់ក្លាយទៅជាវេជ្ជបណ្ឌិត កូនប្រុសរបស់កម្មករជីកត្បូងក្លាយទៅជាប្រធានក្រុមហ៊ុនជីកត្បូង ក្មេងអ្នកធ្វើការក្នុងកសិដ្ឋានក្លាយទៅជាប្រធានាធិបតីរបស់ប្រទេសមួយដ៏ក្លាំងក្លា។
២) សេចក្ដីក្លាហានមិនមែនជាអវត្តមាននៃសេចក្ដីភ័យខ្លាចនោះទេ ប៉ុន្តែជាការយកជ័យជំនះទៅលើវា
«សេចក្ដីក្លាហានមិនមែនជាអវត្តមាននៃសេចក្ដីភ័យខ្លាចនោះទេ ប៉ុន្តែជាការយកឈ្នះលើវា។ មនុស្សក្លាហានមិនមែនមិនខ្លាចនោះទេ ប៉ុន្តែជាមនុស្សដែលអាចយកឈ្នះលើសេចក្ដីភ័យខ្លាច។»
៣) មនុស្សម្នាក់ៗគ្មានដែនកំណត់នោះទេ ប៉ុន្តែវាជាអ្វីដែលមនុស្សម្នាក់ៗយកដាក់ខ្លួនតែប៉ុណ្ណោះ
«ក្នុងប្រទេសរបស់ខ្ញុំ អ្នកឯងដើរចូលគុកសិន ទើបអាចក្លាយជាប្រធានាធិបតីបាន។»
៤) ងើយក្បាលរបស់អ្នកឆ្ពោះទៅកាន់ព្រះអាទិត្យគ្រប់ពេល
«ខ្ញុំជាមនុស្សសុទិដ្ឋិនិយម ប៉ុន្តែខ្ញុំមិនដឹងថាវាកើតពីធម្មជាតិឬការរៀនបង្កើតវានោះទេ។ ផ្នែកមួយនៃភាពសុទិដ្ឋិនិយមគឺការរក្សាក្បាលរបស់អ្នកងើយទៅព្រះអាទិត្យ ហើយជើងឈានទៅមុខ។ មានរឿងរ៉ាវអាក្រក់ជាច្រើននៅពេលដែលជំនឿរបស់ខ្ញុំទៅលើមនុស្សជាតិរបស់ខ្ញុំត្រូវបានវាស់ស្ទង់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំមិនអាចអស់សង្ឃឹមបានឡើយ។ មានតែផ្លូវពីរប៉ុណ្ណោះគឺ ជោគជ័យឬស្លាប់។»
៥) ខួរក្បាលល្អ បេះដូងស្អាត អណ្ដាតចេះដឹង និងប៊ិកមួយដើមគឺជាវត្ថុដ៏ល្អបំផុត
«ខួរក្បាលល្អ និងបេះដូងល្អគឺជាវត្ថុល្អ ប៉ុន្តែប្រសិនបើអ្នកបន្ថែមអណ្ដាតឬប៊ិកមួយដើមទៀត នោះអ្នកនឹងមានអ្វីដែលពិសេសដើម្បីបង្ហាញជាមិនខាន។»
៦) សេរីភាពពិតមិនមែនជាការរកតែសេចក្ដីសុខខ្លួនឯងនោះទេ ប៉ុន្តែជាការរកសេចក្ដីសុខឲ្យអ្នកដទៃផងដែរ
«សេរីភាពមិនមែនសម្រាប់តែអ្នកនោះទេ ប៉ុន្តែអ្នកត្រូវរស់ដោយការគោរពនិងការផ្ដល់សេរីភាពឲ្យអ្នកដទៃដែលនៅជុំវិញអ្នក។»
៧) ភាពល្អប្រសើរនៃការរស់នៅមិនមែនអ្នកមិនដែលបរាជ័យនោះទេ ប៉ុន្តែជាការងើបឡើងរាល់ពេលអ្នកបរាជ័យ
«មិនមានមនុស្សណាម្នាក់មិនធ្លាប់បរាជ័យនោះទេ។ កើតជាមនុស្សតែងតែមានបរាជ័យ ឬជោគជ័យខ្លះ។ ការរស់នៅក្នុងជីវិតរបស់អ្នកគឺមិនមែនអ្នកមិនដែលជួបប្រទះបរាជ័យ អស់សង្ឃឹមនោះទេ ប៉ុន្តែជាការរៀនងើបឡើងវិញពេលជួបបរាជ័យ។»
៨) មិនខ្វល់ថាអ្នកមកពីណានោះទេ តែតើអ្នកចង់ទៅណា?
«មិនមែនទីកន្លែងដែលអ្នកចាប់ផ្ដើមនោះទេ ប៉ុន្តែសំខាន់ថាតើអ្នករំពឹងខ្ពស់ប៉ុណ្ណាដែលអ្នកចង់ជោគជ័យ។»
៩) កុំវាយតម្លៃមនុស្សតែភាពជោគជ័យរបស់គេ តែអ្នកត្រូវដឹងថាតើពួកគេបរាជ័យហើយងើបឡើងវិញប៉ុន្មានដង
«កុំវាយតម្លៃខ្ញុំត្រឺមតែភាពជោគជ័យរបស់ខ្ញុំ អ្នកត្រូវវាយតម្លៃខ្ញុំចំនួនដងដែលខ្ញុំបរាជ័យ ហើយនឹងចំនួនដងដែលខ្ញុំប្រឹងងើបឡើងវិញដោយខ្លួនឯង។»
១០) អ្នកប្ដូរខ្លូនអ្នកសិនទើបអាច ប្ដូរពិភពលោកបាន
«អ្នកត្រូវផ្លាស់ប្ដូរខ្លួនអ្នកសិន មុននឹងអ្នកចង់ផ្លាស់ប្ដូរអ្នកដទៃ។»
ដោយ៖ លង់ វណ្ណៈ