មុន​ចង់​លាឈប់​ពី​ការងារ​ទៅ​បើក​​អាជីវកម្ម អ្នក​គួរ​ឆ្លើយ​សំណួរ​​​ទាំង​ ៦​នេះ​សិន​



នៅ​ក្នុង​ទិដ្ឋភាព​​​ជាក់ស្តែង អ្នក​នឹង​សង្កេត​ឃើញ​ថា មាន​មនុស្ស​​​ភាគតិច​ណាស់​​ដែល​​ដាក់ចិត្ត​ដាក់​កាយ​ចូល​ប្រឡូក​ក្នុង​វិស័យ​អាជីវកម្ម​។ មនុស្ស​ភាគច្រើន​បាន​ចិញ្ចឹម​ជីវិត​ដោយ​ជ្រើសរើស​ជីវិត​ជា​អ្នក​ធ្វើ​ការ​ឲ្យ​គេ​ដើម្បី​រក​ប្រាក់ខែ​មក​ដោះស្រាយ​ក្នុង​ជីវភាព​​​​។ នេះ​មិន​ខុស​ពី​ទ្រឹស្ដី​ Cash-flow Quadrant របស់​លោក Robert Kiyosaki ដែល​ថា​មាន​មនុស្ស​ប្រហែល​ ៥%​ប៉ុណ្ណោះ​ដែល​ជា​អ្នក​រកស៊ី និង​អ្នក​វិនិយោគ។ ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជា​អ្នក​ធ្វើ​ការ​ឲ្យ​គេ ហើយ​​រើ​បម្រាស់​ខ្លួន​​​ងាក​មក​បើក​អាជីវកម្ម អ្នក​​គួរតែ​សាក​សួរ និង​ឆ្លើយ​សំនួរ​ចំនួន ៦​នេះ​ជា​មុន​សិន។

 

១.តើ​អ្នក​​​​ពិត​ជា​មាន​មហិច្ឆតា​​ខ្លាំង​នឹង​មុខ​ជំនួញ​របស់​អ្នក អតិថិជន ឬ​បញ្ហា​ផ្សេង?
ចង់​​ធ្វើ​ជា​ស្ថាបនិក​អាជីវកម្ម​ណា​មួយ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ពិត​​ជា​ស្រលាញ់​ដាក់ចិត្ត​ខ្លាំង​ទៅ​នឹង​​​​មុខរបរ​​នោះ​។ អ្នក​ត្រូវ​​សិក្សា​ស្វែងយល់​ពី​មុខ​ជំនួញ​របស់​អ្នក អតិថិជន ឬ​បញ្ហា​ផ្សេងៗ​ និង​​ត្រូវ​មាន​មហិច្ឆតា​ខ្លាំង​​​ទៅ​នឹង​ឱកាស​ដែល​នឹង​កើត​មាន​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក។ ភាព​ខុសគ្នា​ពី​ចំណង់ និង​ចំណាប់អារម្មណ៍​គឺ​ថា ចំណាប់​អារម្មណ៍​​អាច​បាត់បង់​បាន ខណៈ​ដែល​ចំណង់ ឬ​មហិច្ឆតា​ធ្វើ​ឲ្យ​អ្នក​សញ្ជឹងគិត​ពី​វា​ច្រើន​ដង​ក្នុង​ពេល​​មួយ​​ថ្ងៃ។ ប្រសិន​បើ​អ្នក​​​មាន​មហិច្ឆតា​ទៅ​នឹង​មុខ​ជំនួញ​នោះ​ហើយ វា​ជា​រឿង​ល្អ​ដែល​អ្នក​គួរ​ចាប់​ផ្តើម​ធ្វើ​​អាជីវកម្ម។

 

២.តើ​គំនិត​របស់​អ្នក​អាច​​​បង្កើត​ជា​ដំណោះស្រាយឲ្យ​អតិថិជន​​បាន​ហើយ​ឬនៅ?
គំនិត​មួយ​នៅ​តែ​គ្មាន​តម្លៃ​​ដរាបណា​អ្នក​មិន​បាន​​យក​វា​ទៅ​អនុវត្ត​ឲ្យ​ចេញ​ជា​រូបរាង​ឡើង។ ចំណុច​នេះ​អ្នក​ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​យក​​គំនិត​របស់​អ្នក​ទៅ​អនុវត្ត​ជា​ផលិតផល ឬ​សេវាកម្ម​ណា​មួយ​ដែល​អ្នក​ចង់​​បង្កើត​ឡើង។ អ្នក​ត្រូវ​ប្រាកដ​ថា ផលិតផល ឬ​សេវាកម្ម​​ដែល​អ្នក​បង្កើត​ឡើង​នោះ​ពិត​ជា​អាច​ដោះស្រាយ​បញ្ហា​​ណាមួយ​របស់​អតិថិជន​​បាន​​។

 

៣.តើ​គោលបំណង​នៃ​ការ​​បង្កើត​អាជីវកម្ម​ដ៏​ធំ​បំផុត​របស់​អ្នក​គឺ​អ្វី?
តើ​​អាជីវកម្ម​របស់​អ្នក​បង្កើត​ឡើង​ត្រឹមតែ​ជា​អ្នក​ចាក់​ថ្នាំ​​បំបាត់​ការ​ឈឺចាប់ ឬ​ជា​ថ្នាំ​វីតាមីន? ជា​​អាជីវកម្ម​ដែល​ជួយ​សន្សំសំចៃ ឬ​ដើម្បី​តែ​ប្រាក់​ចំណេញ?​ ចំណុច​ដ៏​សំខាន់​បំផុត​មួយ​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺ​ថា តើ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​បាន​ក្នុង​កម្រិត​ណា? ប្រសិន​បើ​អ្នក​បង្កើត​ឡើង​ដើម្បី​គិត​តែ​ប្រាក់​ចំណេញ​សុទ្ធសាធ មិន​ផ្តល់​គុណភាព​ដល់​អ្នក​ប្រើប្រាស់ អ្នក​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​​ត្រឹម​រយៈពេល​ខ្លី​​តែប៉ុណ្ណោះ។ អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ​គឺ​ថា ការ​បង្កើត​អាជីវកម្ម​របស់​អ្នក​មិន​ត្រូវ​ស្វែង​​រក​តែ​ប្រាក់​ចំណេញ​​មួយ​មុខ​ប៉ុណ្ណោះ​​នោះ​ឡើយ​ពោល​គឺ​ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​អតិថិជន​ឲ្យ​​បាន​ជា​អតិបរមា។ ​​

 

៤.តើ​ជំនួញ​របស់​អ្នក​មាន​ទីផ្សារ​ធំ​ ឬ​ក៏​កំពុង​មាន​សក្ដានុពល​ដែរ​ទេ?
នៅ​ពេល​បច្ចុប្បន្ន​នេះ កម្មវិធី​បច្ចេកវិទ្យា​ប្រឆាំង​ទៅ​នឹង​បទល្មើស​បច្ចេកវិទ្យា គឺ​កំពុង​មាន​សក្ដានុពល​ខ្លាំង។ ប៉ុន្តែ​មុខ​ជំនួញ​ថាសឌីស​លែង​មាន​ប្រជាប្រិយភាព​ដូច​មុន​ទៀត​ហើយ។ សម្រាប់​អ្នក​វិញ​ អ្នក​ត្រូវ​​បង្កើត​ផលិតផល ឬ សេវាកម្ម​​នៅ​ក្នុង​វិស័យ​ណា​មួយ​ច្បាស់លាស់ និង​កំពុង​មាន​សក្ដានុពល​ខ្លាំង​នៅ​លើ ទីផ្សារ​ទាំង​ពេល​នេះ និង​ពេល​អនាគត។ ​​ប្រសិន​បើ​អ្នក​​បង្កើត​មុខ​ជំនួញ​មួយ​ស្រប​ទៅ​នឹង​​តម្រូវការ​នៅ​លើ​ទីផ្សារ​ ការ​លះបង់​ពេលវេលា ប្រាក់កាស និង​កម្លាំងកាយ​របស់​អ្នក​ពិត​ជា​មិន​​ឥតប្រយោជន៍​នោះ​ឡើយ។

 

៥.តើ​អ្វី​ទៅ​ជា​ចំណុច​ពិសេស​របស់​អ្នក​​ដែល​ល្អ​ជាង​គូប្រជែង​របស់​អ្នក?
នៅ​ពេល​អ្នក​ចង់​ប្រឡូក​ទីផ្សារ​ជំនួញ​ដែល​មាន​ស្រាប់​នៅ​លើ​ទីផ្សារ អ្នក​នឹង​មាន​គុណវិបត្តិ​មួយ​ចំនួន​ដូច​ជា​ការ​​ចំណាយ​នៅ​ពេល​បើក​អាជីវកម្ម​ដំបូង និង​មិន​ទាន់​​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន​ដូច​គូប្រជែង​របស់​អ្នក​នោះ​ឡើយ។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ អ្នក​ត្រូវ​​​ធ្វើ​ឲ្យ​បាន​លឿន​ជាង​គូប្រជែង​របស់​អ្នក​ឲ្យ​បាន​១០​ដង កំណត់​តម្លៃ​ទាប​ជាង មាន​គុណភាព​ជាង និង​​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ជាង​គូប្រជែង​​របស់​អ្នក។

 

៦.តើ​អ្នក​បាន​ត្រៀម​​ខ្លួន​រួចរាល់​អ្វី​ខ្លះ​សម្រាប់​អាជីវកម្ម​របស់​អ្នក? ​
ការ​បំផុស​គំនិត​អាជីវកម្ម​ឡើង និង​វិធីសាស្ត្រ​ធ្វើ​ជំនួញ​របស់​អ្នក​​ វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​អាជីវកម្ម​តែប៉ុណ្ណោះ។ តាម​​ពិត​នៅ​មុន​ពេល​ធ្វើ​ជំនួញ អ្នក​ត្រូវ​​ត្រៀម​ខ្លួន​ច្រើនណាស់​​តាំង​ពី​ថវិកា ទីតាំង បុគ្គលិក ដៃគូ​ជំនួញ និង​តម្រូវការ​ជា​ច្រើន​ទៀត​ជា​ពិសេស​គឺ​គម្រោង​​ធ្វើ​អាជីវកម្ម (Business Plan)​ ដែល​កំណត់​ពី​ជោគវាសនា​របស់​អ្នក​នៅ​ពេល​ខាងមុខ​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង៕

 

ប្រភព៖ Inc

X
5s